រឿង “អន្ទងវិញ្ញាណ” ចេញថត គ្រោងប្រជែងទីផ្សារភាពយន្តបរទេស

0
348

កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ផលិតកម្ម Wonderfilm Cambodia បានក្រុងពលីចេញថតភាពយន្តខ្នាតធំ បែបភ័យរន្ធត់ថ្មីមួយទៀត ដែលជាភាពយន្តទី៤របស់ខ្លួន ដែលមានចំណងជើងថា “អន្ទងវិញ្ញាណ”ដែលក្រុមផលិតករអះអាងថា រឿងនេះនឹងត្រូវសម្រិតសម្រាំងការផលិតឲ្យបានល្អបំផុត ដើម្បីមានឱកាសទៅប្រកួតប្រជែងទីផ្សារភាពយន្តប្រទេសជិតខាង។

លោកសែម វិសាល អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងរបស់ផលិតកម្ម Wonderfilm Cambodia បានថ្លែងឲ្យដឹងថា ផលិតកម្មនៅតែបន្តផលិតរឿងខ្មោច បែបភ័យរន្ធត់ ដើម្បីតម្រូវទីផ្សារ ខណៈដែលរឿងខ្មោច២រឿង កំពុងត្រៀមដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ដូចជារឿង “ស្នូរជើងអ្នកណា” និងរឿង “ផ្ទះចិញ្ចឹមខ្មោច”។ លោកថា ២រឿងខាងលើ ទើបថតបញ្ចប់កាលពីថ្មីៗនេះដែលនឹងត្រូវដាក់បញ្ចាំងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ជាបន្តបន្ទាប់ ខណៈដែលរឿង “អន្ទងវិញ្ញាណ” ដែលទើបចេញថតនឹងត្រូវដាក់បញ្ចាំងនៅអំឡុងពាក់កណ្ដាលឆ្នាំ២០១៨ ។

ផលិតករដែលមានស្នាដៃលេចធ្លោតាមរយៈរឿង “ប្រាសាទអាថ៌កំបាំង” រូបនេះ បានឲ្យដឹងដែរថា “ការផលិតរឿងខ្មោច បែបភ័យរន្ធត់ជាបន្តបន្ទាប់នេះ គឺផលិតកម្មមានគោលការណ៍ និងបានសិក្សាពីទីផ្សារច្បាស់លាស់ ដោយពុំមែនចេះតែផលិតតាមការនឹកឃើញនោះទេ។ លោកថា សម្រាប់រឿង “អន្ទងវិញ្ញាណ” ដែលជាភាពយន្តបែបភ័យរន្ធត់បន្តពីរឿង “ស្នូរជើងអ្នកណា” ក្រុមផលិតករនឹងសម្រិតសម្រាំងឲ្យបានល្អទាំងសាច់រឿង បច្ចេកទេសថត ប្លង់​ និងគុណភាពរូបភាពជាដើម គឺដើម្បីត្រៀមយកទៅដាក់បញ្ចាំងនៅតាមបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេសុី និងមីយ៉ាន់ម៉ា ជាដើម។ យ៉ាងណា លោកវិសាល សុំមិនបញ្ជាក់ពីទំហំនៃការចំណាយលើការផលិតភាពយន្តនេះនៅឡើយទេ ក៏ព្រោះតែត្រូវចំណាយទៅតាមសាច់រឿងដែលមិនទាន់អាចកំណត់បាន ហើយសម្រាប់ផលិតកម្ម គឺហ៊ានចំណាយទៅតាមការចង់បាន ខណៈដែលក្រុមផលិតករនឹងប្រឹងប្រែងផលិតឲ្យបានល្អបំផុត ដើម្បីតម្រូវទីផ្សារក្រៅស្រុក។

លោករំពឹងថា ភាពយន្ត២រឿងដែលត្រៀមដាក់បញ្ចាំង និងរឿង “អន្ទងវិញ្ញាណ” ដែលទើបចេញផលិតនឹងទទួលបានជោគជ័យនៅពេលដាក់បញ្ចាំងនាពេលខាងមុខ។

គួរបញ្ជាក់ថា រឿង “អន្ទងវិញ្ញាណ” ជាភាពយន្តខ្នាតធំបែបភ័យរន្ធត់ មានសាច់រឿងប្រទាក់ក្រឡាគ្នានឹងរឿងទី៣ គឺរឿង “ស្នូរជើងអ្នកណា” ដែលសាច់រឿងនេះនិយាយពីការអន្ទងវិញ្ញាណ និងនិយាយពីស្នេហាស្មោះស្ម័គ្ររបស់ប្ដីប្រពន្ធ២នាក់ ដែលមានឈុតឆាកភ័យរន្ធត់ខ្លះ កំប្លែងខ្លះ និងស្នេហារ៉ូមែនទិកខ្លះ ដើម្បីឲ្យជនជាតិណាក៏អាចមើលបាន ហើយគាំទ្រភាពយន្តខ្មែរ៕