Wednesday, April 17, 2024
Homeសន្ដិសុខសង្គមម្នាក់បោកក្បាលស្លាប់ ! ម្នាក់សល់ដង្ហើមចង្រិត ! បន្ទាប់ពីព្យាយាមលោតគេចខ្លួនពីលើរថយន្តប៉ូលិស !

ម្នាក់បោកក្បាលស្លាប់ ! ម្នាក់សល់ដង្ហើមចង្រិត ! បន្ទាប់ពីព្យាយាមលោតគេចខ្លួនពីលើរថយន្តប៉ូលិស !

(ភ្នំពេញ)៖ ជនសង្ស័យជាមុខសញ្ញាចោរគាស់ផ្ទះ២នាក់បានលោតចុះពីរថយន្តរបស់នគរបាលខណ្ឌពោធិ៍សែនជ័យជាហេតុនាំឲ្យម្នាក់បោកក្បាលនឹងថ្នល់សន្លប់ស្ដូកស្ដឹង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ កាលពីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ ចំណែកម្នាក់ទៀតដែលត្រូវប្រជាពលរដ្ឋវាយឲ្យរបួសនោះកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យខាងលើនោះ។

បើតាមប្រភពព័ត៌មាន ជនសង្ស័យដែលស្លាប់នោះឈ្មោះឌូ រឿន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិស្ទឹងរៀង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ ចំណែកម្នាក់ទៀតដែលរងរបួសឈ្មោះង៉ែត សុខ អាយុ៣០ឆ្នាំ មុខរបរបកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើតនៅក្នុងភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។

បើតាមរបាយការណ៍ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ធ្វើការចាប់ខ្លួនបានក្នុងខណៈពេលដែលពួកគេកំពុងអូសរទេះអេតចាយ ហើយពេលនោះនគរបាលដកហូតបានកាំបិតផ្គាក់ដងឫស្សី១ ដាវកែឆ្នៃ១ កូនសោរអក្សរតេសំរាប់កាច់សោរកម៉ូតូ ដែកសរសៃកែឆ្នៃសំរាប់ឆ្គឹះសោរកម៉ូតូមួយចំនួន។

ខណៈកំពុងដឹកជនសង្ស័យខាងលើពីប៉ុស្តិ៍ចោមចៅ៣ ឆ្ពោះទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្ត ជនសង្ស័យលោតចុះពីរថយន្តគេចខ្លួន បណ្ដាលឲ្យជនសង្ស័យម្នាក់ឈ្មោះឌូ រឿនបោកក្បាលទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងតែម្ដង​ ហើយបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ។ រីឯជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនចូលទៅតាមផ្លូវលំក្នុងភូមិ ហើយពួនសង្ងំក្បែរផ្ទះជួលរបស់ប្រជាពលរដ្ឋក្រោយផ្ទះសំណាក់ តែត្រូវប្រជាពលរដ្ឋឃើញ ក៏ឡោមព័ទ្ធចាប់បាន វាយដង្ហើមចង្រិត មុននគរបាលវាយខ្នោះដៃលើកដាក់រ៉ឺម៉កម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យ៕

RELATED ARTICLES