Saturday, May 31, 2025
Homeសន្ដិសុខសង្គមទិញចូល២ម៉ឺន លក់ចេញ៣ម៉ឺន ជា.../ប់ខ្នោះ

ទិញចូល២ម៉ឺន លក់ចេញ៣ម៉ឺន ជា…/ប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យដែលតែងទិញថ្នាំញៀន ពីបក្ខពួកម្នាក់ យកមកប្រើប្រាស់និងលក់បន្ត ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាប ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង១១ និង ៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ សយ មន្នី ហៅហុក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ (មានសារធាតុញៀន)។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន មានឈ្មោះនុត សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ថ្នាំញៀន មានលំនៅ ភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ  (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ពីបទជួញដូរគ្រឿង ញៀន)។

ចំពោះវត្ថុតាងចាប់យក រួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន (Ice) ចំនួន១កញ្ចប់តូច ទម្ងន់សរុប ០,៩៣ ក្រាម។ ២-ទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ាកណូគាអ៊ិនចុចពិល ពណ៌ខ្មៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាឮថា មានមុខសញ្ញាគ្រឿងញៀនកំពុងធ្វើសកម្មភាពជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ លួង កម្លាំងប៉ុស្តិ៍វិហារលួង និងកម្លាំងប៉ុស្តិ៍ផ្សារដែក ចុះទៅដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ឃើញដូចនេះកម្លាំង សមត្ថកិច្ចក៏បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជន សង្ស័យចំនួន១នាក់ រួមនិងថ្នាំញៀនចំនួន១កញ្ចប់តូច រួចក៏នាំយកជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសយ មន្នី ហៅហុក បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន១ កញ្ចប់តូចដែលសមត្ថកិច្ចរកឃើញនេះ គឺពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានយកទៅលក់ឱ្យគេបន្ត តម្លៃ៣ម៉ឺនរៀល។ ហើយថ្នាំញៀនដែលខ្លួនយកមកលក់បន្តឱ្យគេនេះ គឺខ្លួនទិញមកពីជនសង្ស័យឈ្មោះនុត សុខហេង ដោយខ្លួនទិញចំនួន ២ម៉ឺនរៀល និងយកមកលក់បន្តតម្លៃ ៣ម៉ឺនរៀល កន្លងមកខ្លួនធ្លាប់បាន ទិញថ្នាំញៀន យកមកលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង គឺទិញមកពីឈ្មោះខាងលើជាច្រើនដងមកហើយ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសយ មន្នី ហៅហុក កម្លាំងសមត្ថកិច្ចជំនាញបានបន្តចុះ ស្រាវជ្រាវ ស្វែងរកជនសង្ស័យឈ្មោះនុត សុខហេង នៅចំណុចទីតាំងភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ តែជនសង្ស័យបានរត់គេខ្លួនបាត់។

 ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES