នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នេះ តារាសម្ដែង ចម្រៀង និងជាពិធីករ លោកបញ្ញា សិទ្ធិ តំណាងឲ្យកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីធ្វើជាពិធីករនៅក្នុងព្រឹត្តិការណ៍ធំមួយ ស្តីពីតំបន់ទន្លេមេគង្គ ដែលជាឱកាសការងារមួយដ៏កម្រដែលជួយឲ្យបញ្ញា សិទ្ធិ កាន់លេចធ្លោមួយកម្រិតថែមទៀត។
លោកបញ្ញា សិទ្ឋិ បានឲ្យដឹងមុនពេលឡើងយន្ដហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា “លោកត្រូវទៅប្រទេសចិន ៥ថ្ងៃ នៅក្នុងនោះគ្រោងបង្ហាញតួនាទីជាពិធីករជាមួយតារាស្រុកចិនល្បីៗ។ លោកថា ដោយសារតែកម្មវិធីធំ ទើបសម្រេចគ្រងនូវឈុតសំលៀកបំពាក់ប្រពៃណីខ្មែរដល់ទៅ៥ឈុត ដោយរំពឹងថា ពិតជាបង្ហាញឲ្យប្រជាជនចិន បានស្គាល់ជាបន្តទៀត នៅអ្វីដែលជាវប្បធម៌ខ្មែរយើង គ្រាដែលប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព។
បញ្ញា សិទ្ធិ បានឲ្យដឹងដែរថា “ព្រឹត្តិការណ៍នេះបានធ្វើការជ្រើសរើសពិធីករចំនួន១៨រូប ប៉ុន្តែចុងក្រោយខាងស្ថានទូតចិន និងក្រសួងវប្បធម៌កម្ពុជា បានសម្រេចជ្រើសរើសយករូបលោកដែលធ្វើឲ្យលោករំភើបចិត្តយ៉ាងក្រៃលែង។ លោកថា លោកនឹងបង្ហាញខ្លួនលើឆាកតន្ត្រីដែលនឹងមានវត្តមានថ្នាក់ដឹកនាំជាច្រើននៅខេត្តយ៉ាងឈូ ប្រទេសចិន និងតំណាងខាងមន្ត្រីក្រសួងវប្បធម៌ របស់កម្ពុជា នៅថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៧ ដែលនឹងត្រូវផ្សាយផ្ទាល់នៅទូរទស្សន៍។ លោកថា តំណាងកម្ពុជា មានតែក្រុមរបាំបុរាណទៅបង្ហាញសមត្ថភាពលើឆាកតន្ត្រីប៉ុណ្ណោះ ចំណែកក្រុមចម្រៀង គឺមានតែខាងប្រទេសចិន ដោយសារតែព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ តារាចិន តាមគម្រោងនឹងមានច្រើនទាំងផ្នែកយុវវ័យ និងបុរាណ។ នេះជាក៏វេទិកាទ្រង់ទ្រាយធំលើកទី១ ដែលលោកបានតំណាងឲ្យប្រទេសកម្ពុជា នៅក្នុងប្រទេសចិន ខណៈដែលលោកធ្លាប់ទៅប្រទេសចិន ជាច្រើនលើកមកហើយ៕