Friday, April 19, 2024
Homeព័ត៌មានជាតិស្ពានក្បែរផ្ទះបារាំង ខ្មោចលងខ្លាំង

ស្ពានក្បែរផ្ទះបារាំង ខ្មោចលងខ្លាំង

ស្ពានមួយកន្លែងនេះ មានទីតាំងនៅចំណុចផ្លូវកោង ល្បីមានជើងកបចាំឆក់យកជីវិតមនុស្ស លុះមានជនជាតិបារាំង និងកូនស្លាប់ ទុកផ្ទះក្បែរស្ពានឱ្យព្រៃដុះ ស្រាប់តែល្បីខ្មោចលងខ្លាំងតែម្តង។ សព្វថ្ងៃផ្ទះបារាំង និងស្ពានមរណៈនេះ គ្មានអ្នកស្រុកណា ហ៊ានដើរឆ្លងកាត់ពេលយប់ព្រលប់ទេ វៀរលែងតែអ្នកមិនដឹង…។

ស្ពានមរណៈនេះ មានទីតាំងនៅលើកំណាត់ផ្លូវតភ្ជាប់ពីរកាធំខាងកើត ទៅភូមិទួលធ្នង់ ភាគខាងលិច មានប្រវែងប្រហែល១៥ម៉ែត្រ។ បានជាមានឈ្មោះបែបនេះ ព្រោះកន្លងមកមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ជាង១០នាក់មកហើយ ដោយមិនគិតពីអ្នករងរបួសនោះទេ។ ជាងនេះទៀត កាលពីឆ្នាំ២០១១ មានជនជាតិបារាំងម្នាក់ បានយកប្រពន្ធខ្មែរ និងមានផ្ទះក្បែរស្ពាននេះ ត្រូវបានឃាតករសម្លាប់ដោយរុញរថយន្តទម្លាក់ទឹកស្រះ បណ្តាលឱ្យជនជាតិបារាំង និងកូនកាត់៤នាក់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះត្រូវបានបណ្តាញព័ត៌មានចុះផ្សាយព្រោងព្រាត។ តាំងពីពេលនោះមកផ្ទះបារាំង ក៏គ្មានអ្នកណាហ៊ានមកនៅ លក់ក៏គ្មានអ្នកណាទិញ ទុកឱ្យស្មៅដុះទ្រុបទ្រុលពស់ក្អែបនៅជំនួសមនុស្ស។ ឥឡូវស្រាប់តែផ្អើលថា ផ្ទះបារាំង និងស្ពានមរណៈឆក់យកជីវិតអ្នកដំណើរនោះ មានខ្មោចលងសម្បើម ធ្វើឱ្យអ្នកភូមិខ្លាចរអា មិនសូវហ៊ានឆ្លងកាត់ទីនេះ។

ស្ពានមួយកន្លែង ដែលគេហៅថា (ស្ពានមរណៈ)

លោកសួន ប៉ុច អាយុ៦៩ឆ្នាំ ជាមេភូមិទួលធ្នង់ បានឱ្យដឹងថា កាលពីឆ្នាំ២០០២ ប្តីជាជនជាតិបារាំង ប្រពន្ធខ្មែរ បានមកទិញដីសង់ផ្ទះនៅទីនេះ ដោយផ្លាស់លំនៅចេញពីខេត្តកំពត។ រហូតដល់ឆ្នាំ២០១១ បន្ទាប់ពីឧបទ្ទវហេតុនៅស្ពានពេជ្រ ជាង៤ខែ ស្រាប់តែមានឃាតករមិនស្គាល់មុខបានធ្វើឃាតជនជាតិបារាំង និងកូន៤នាក់ ដោយចាក់សោក្នុងឡានរួចរុញទម្លាក់ទឹកស្រះខាងក្រោយផ្ទះ ទម្រាំតែសមត្ថកិច្ចរកឃើញសពក្នុងឡានហើមស្អុយទៅហើយ។ ផ្ទះបារាំងមាន២កន្លែង ១នៅខាងលិចផ្លូវ២ទៀត នៅខាងកើតផ្លូវ ត្រូវព្រៃ និងស្មៅដុះព័ទ្ធ ស្របពេលនោះដែរ ស្ពានមេឡេដែលឆក់យកជីវិតមនុស្ស ជាង១០នាក់នោះ ល្បីមានខ្មោចលង ប៉ុន្តែ លោកមិនដែលទៅជិតផ្ទះ និងស្ពាននោះនៅពេលយប់ ទើបមិនបានដឹងថា ខ្មោចលងពិត ឬជាការប្រឌិត។

ផ្ទះ ដែលគេថា មានខ្មោចលងខ្លាំង

អ្នកស្រីខាត់ សំអាត អាយុ៥៥ឆ្នាំ ប្រកបរបរលក់គ្រឿងម្ជូរ នៅក្បាលស្ពានប៉ែកខាងត្បូង បានឱ្យដឹងថា គាត់រកស៊ីរបៀបនេះជាង៥ឆ្នាំមកហើយ បានឃើញមនុស្ស ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាក់ស្តែង នឹងភ្នែកក៏ជឿថា ស្ពាននេះមានជើងកប តែគាត់គ្មានកន្លែងលក់ដូរក៏ចេះតែទ្រាំនៅទីនេះរហូតមក តែក៏មិនភ្លេចថ្វាយសំណែនជាហូរហែ ដើម្បីសុំសេចក្តីសុខ។ ថ្ងៃមួយពេលគាត់លក់មិនសូវដាច់ ក៏ចងអង្រឹងដេកលក់ទៅ ប៉ុន្តែ ពេលលក់រលីវៗនោះ ស្រាប់តែមានស្រីចម្លែកម្នាក់សក់វែងដល់ចង្កេះមើលមុខមិនច្បាស់បានមកដាស់គាត់ទិញម្ជូរយកទៅហូប។ គាត់ក្រោកពីអង្រឹងទៅលក់ម្ជូរឱ្យគេ ស្រាប់តែបាត់ស្រមោលស្រីនោះមួយរំពេចក៏យល់ថា ពិតជាខ្មោចស្រីម្នាក់ ដែលម៉ូតូបុកស្លាប់មកលងបន្លាចគាត់តែម្តង ធ្វើឱ្យគាត់ព្រឺក្បាលខ្ញាកៗ ទាំងថ្ងៃក្រឡែត។

កន្លែងដែលខស្សាហ៍មានគ្រោះថ្នាក់ ច្រើនជាងគេ

លោកសៀក សារ៉ាត់ អាយុ៣១ឆ្នាំ នៅក្រុងច្បារមន បានប្រាប់ថា នៅពេលលោកជិះម៉ូតូក្បែរផ្ទះខ្មោចបារាំងម្តងៗ នៅពេលយប់ តែងតែឃើញភ្លើងប្លុងៗ ចេញពីក្នុងផ្ទះ ដូចមានមនុស្សរស់នៅអ៊ីចឹង។ លុះភ្លឺឡើងលោកបើកម៉ូតូកាត់ទីនេះទៀតបែរជាឃើញសុទ្ធតែព្រៃដុះជុំវិញផ្ទះ ក៏យល់ថា ពិតជាខ្មោចលងតែម្តង។

លោកថែ វិត អាយុ៣០ឆ្នាំ រស់នៅភូមិទួលធ្នង់ បាននិយាយថា ជារៀងរាល់យប់ លោកតែងតែដើររកត្រី ដោយចងសន្ទូចដាក់បង្កៃ តែត្រង់ចំណុចស្ពានមរណៈ និងផ្ទះខ្មោចនោះ លោកមិនហ៊ានមកជិតទេ។ បានជាលោកមិនហ៊ាន ព្រោះត្រូវខ្មោចលងម្តង រហូតឈឺជ្រុះសក់ គឺកាលនោះជាយប់ខែភ្លឺ លោកទៅដាក់បង្កៃដូចសព្វដង ក៏ឃើញនារីម្នាក់កំពុងអង្គុយយំក្បែរគល់ស្ពាន។ លោកក៏សួរនាងថា ហេតុអ្វីបានជានាងមកអង្គុយយំ តើអ្នកណាវាយ

លោកសួន ប៉ុច

ធ្វើបាប? បន្ទាប់ពីសួរចប់ ស្រាប់តែស្រីនោះរលាយខ្សុលបាត់ស្រមោល មួយរំពេច ធ្វើឱ្យលោកភ័យស្លន់ស្លោ រត់ជើងបីជើងបួនសំដៅផ្ទះ ប៉ុន្តែ លោកមិនរងទេ។ ថ្ងៃក្រោយក៏មកម្តងទៀត ដោយជិះម៉ូតូក៏ឃើញប្រុសម្នាក់ ស្ទាក់ផ្លូវសួររកផ្ទះណាមានលក់សាំង? លោកក៏ចង្អុលប្រាប់ថា ផ្ទះខាងមុខនោះមានលក់លុះងាកមកវិញ ក៏បាត់ស្រមោល បុរសនោះ មិនដឹងទៅណា ធ្វើឱ្យលោកភ័យស្ទើរលក់ព្រលឹង ហើយតាំងពីពេលនោះមកក៏បាក់ស្បាតលែងហ៊ានទៅជិតស្ពាននិងផ្ទះបារាំងនោះ។

អ្នកស្រីខាត់ សំអាត

លោកផាត់ ប្ញទ្ធី អាយុ៣០ឆ្នាំ មានផ្ទះមិនឆ្ងាយពីស្ពានមរណៈ និងផ្ទះបារាំង បានឱ្យដឹងថា ចំពោះរូបលោកមិនដែលជួបហេតុការណ៍ខ្មោចលងអ្វីទេ ព្រោះមិនសូវទៅក្បែរទីតាំងនោះ គ្រាន់តែដឹងថា កន្លែងហ្នឹងមានមនុស្សស្លាប់ដោយតៃហោង ច្រើនណាស់ ដូចជាឡានម៉ូតូបុក ឬត្រូវគេសម្លាប់ជាដើម។

លោកថែ វិត

គួរបញ្ជាក់ថា តាមជំនឿបុរាណមនុស្សស្លាប់ដោយពស់ចឹក ខ្លាខាំ ដំរីព្រេច រន្ទះបាញ់ ចងក លង់ទឹក គេសម្លាប់ជាដើម មានឈ្មោះថា “ខ្មោចតៃហោង”។ ខ្មោចប្រភេទនេះ បុរាណថា ព្រលឹងនៅវិលវល់ រកសុគតិភពមិនឃើញ ទោះជាសាច់ញាតិបងប្អូនធ្វើបុណ្យឱ្យយ៉ាងណា ក៏កម្មពៀរតម្រូវឱ្យនៅក្នុងភពអសុរកាយរាប់សិបឆ្នាំ ទើបរួចទុក្ខ

លោកផាត់ ប្ញទ្ធី

ទោសបានមកកើតជាមនុស្ស ឬទេវតា។ ខ្មោចតៃហោងរស់ដោយសារសំណែន តែងយាយីមនុស្សឱ្យឈឺថ្កាត់ ដើម្បីបានសំណែនជួនកាលលងបន្លាចមនុស្សឱ្យភិតភ័យមិនហ៊ានទៅជិតលំនៅខ្មោច។ ដូច្នេះករណីអ្នកស្រុកផ្អើលថា ស្ពានមរណៈ និងផ្ទះបារាំងមានខ្មោចលងនោះ បើអ្នកមិនជឿ ឬជឿតែវិទ្យាសាស្ត្រ គួរចុះទៅស្រាវជ្រាវសាកមើល ដោយនៅតែម្នាក់ឯងនៅពេលយប់ស្ងាត់ ទើបដឹងថា ពិតឬមិនពិតតែបើអ្នកមិនហ៊ានទៅ ឈ្នះថា “ខ្លាចខ្មោច” ហើយបើចេះខ្លាចខ្មោចបែបនេះ ច្បាស់ជាទទួលស្គាល់ថា ទីនោះមានខ្មោច លងមិនខានឡើយ”៕

RELATED ARTICLES