ស្រីសាច់កម្ម ប្តីតាមចងពៀរ

0
352

នារីអភ័ព្វម្នាក់នេះ បានយកប្តីចិត្តឯង លុះឪពុកម្តាយទើសភ្នែកពេក ក៏សែនព្រេន ឱ្យយកគ្នាជាប្តីប្រពន្ធទៅ។ តាំងពីចាប់ដៃគ្នាមក ប្តីជាមនុស្សខ្ជិលច្រអូស បើនាងស្តីបន្ទោស ក៏រត់ចោលផ្ទះ ទៅមានស្រីថ្មី រួចវិលមកវិញ ពីរបីសា។ ជាចុងក្រោយប្តី ចុះចោល២ឆ្នាំ ក៏មកសុំជានាគ្នាវិញ លុះប្រពន្ធ មិនព្រមក៏គំរាមចងពៀរ ប្រពន្ធមិនឱ្យ បានសុខ បើសិនជានាងយកប្តីថ្មីទៀត…។

នាងពូន គឿន អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ ទាំងតូចចិត្តថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ ឪពុកឈ្មោះ អ៊ុន ពូន អាយុ៦៧ឆ្នាំ ម្តាយឈ្មោះខឹម នឹម អាយុ៥៥ឆ្នាំ ជាកសិករ។ ដោយកើតក្នុងគ្រួសារកសិករក្រីក្រ ទើបនាងមានលទ្ធភាពរៀនសូត្របាន តែត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ លុះធំ ពេញក្រមុំក៏មានកំលោះៗ ចោមរោមសុំស្នេហ៍ជាហូរហែ។ លុះមានអាយុ១៩ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះវ៉ាន់ វន អាយុបងនាង១ឆ្នាំ រស់នៅស្រុកជុំគិរី ដូចគ្នា បានតាមសុំស្នេហ៍នាងយ៉ាងស្អិតដូចតុកកែ ទោះជានាង ប្រកែកយ៉ាងណា ក៏គេនៅតែមុខក្រាស់ដេញពីផ្ទះមិនព្រមចេញ។ នាងធ្លាប់ឮអ្នកស្រុកប្រាប់ថា កំលោះនេះមាន ចរិតមិនល្អទេ ខ្ជិលច្រអូសចូលចិត្តស៊ីផឹកមិនសូវគោរពចាស់ទុំ ធ្វើឱ្យនាងរារែកបដិសេធស្នេហ៍រហូត។ ជាអកុសល ហេតុតែគេពូកែលួងលោម ក៏ធ្វើឱ្យនាងទន់ចិត្តលង់ស្នេហ៍ដោយមិនបានគិតពីរឿង ប្រពៃណី លួចត្រូវរ៉ូវគ្នាទុំមុនស្រគាលទៅ។ រំលងបាន២ខែ ក៏បែកការដឹងដល់ឪពុកម្តាយ ធ្វើឱ្យពួកគាត់ខឹងសម្បាយ៉ាងខ្លាំង ដោយព្យាយាមបំបែកស្នេហ៍ពួកនាង តែដោយចង់ឈ្នះទើបពួកនាងបានពង្រត់គ្នាទៅស៊ីឈ្នួលគេនៅប្រទេសថៃ លៃយ៉ាងណាឱ្យតែស្នេហ៍នៅគង់វង្ស។

លោកវ៉ាន់ វន និងនាងពូន គឿន​ (ក្នុងថ្ងៃសែន)

នាងពូន គឿន បន្តថា រហូតដល់នាងមានផ្ទៃពោះ៣ខែ ក៏នាំគ្នាមកលុតជង្គង់សុំអភ័យទោសពីឪពុកម្តាយ ធ្វើឱ្យពួកគាត់ទាល់ចំណេះ ក៏រៀបចំសែនព្រេន១ព្រឹកឱ្យមានខាន់ស្លា ត្រឹមត្រូវ តែពួកគាត់ក៏មិនទទួលខុសត្រូវ ចំពោះអនាគតពួកនាងដែរ។ លុះនាងពពោះជិតគ្រប់ខែ មិនអាចបំពេញចំណង់តណ្ហាប្តីបាន ស្រាប់តែ គេបង្ករឿងចុះចេញពីផ្ទះ ដោយគ្មានការទទួលខុសត្រូវឮតែអ្នកស្រុកប្រាប់ថា ប្តីនេះបានគេចទៅមានស្រីថ្មី នៅតាមព្រំដែនខ្មែរ-ថៃ ឯណោះ។ លុះនាងសម្រាលបានកូនប្រុស១ រស់នៅវេទនាម្នាក់ឯងជិត១ឆ្នាំ ស្រាប់តែលេចមុខប្តីនេះមកដល់ប្លឺម ដោយគ្មានប្រាក់១កាក់១សេន អីមកឱ្យនាងទេ។ ហេតុតែចិត្តមិនដាច់ពេលឮពាក្យសម្តីពីរោះផ្អែម ល្ហែមរបស់គេ នាងមិនបានស្តីបន្ទោសអ្វីឡើយ ដោយសុខចិត្តរួមរស់ជាមួយគ្នាវិញ។

លោកវ៉ាន់ វន

ស្រីសាច់កម្ម បន្តទៀតថា ពេលជួបគ្នាថ្មីៗគេថ្នាក់ថ្នមនាងណាស់ មិនឱ្យនាងធ្វើការអ្វីទេ ទាំងការរែកទឹក ពុះអុស ដាំស្ល គេធានា។ រហូតនាងមានផ្ទៃពោះគ្រប់ខែកូនទី២ ស្រាប់តែប្តីនេះបែកចិត្តធុញទ្រាន់នឹង នាងរួចក៏ចុះចោលនាងបាត់ស្រមោលទៀត ទុកឱ្យនាងសម្រាលបាន កូនស្រីគ្មានប្តីនៅដុតភ្លើង កុំតែបានឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ កុំអីមិនដឹងជាយ៉ាងណាទេ។ លុះចូលមកដល់ឆ្នាំ២០១៦ បន្ទាប់ពី ទៅបាត់២ឆ្នាំ ប្តីនេះលេចក្បាលមកវិញប្លឺម ដោយគ្មានលុយ១រៀលទេ គេលុតជង្គង់អង្វរនាងសុំក្តីមេត្តាករុណាដូចមុន។ កាលលើកទី១ ឪពុកម្តាយបានជេរស្តីនាងខ្លាំងណាស់ គាត់ថា នាងជាស្រីប្រដៅមិន បានជាមនុស្សគ្មានកំណើត ប៉ុន្តែនាងនៅតែជម្នះទទួលយកប្តីនេះ។ លុះគេមានកំហុសលើកទី២ បើនាងហ៊ានទទួលច្បាស់ជាមានបញ្ហា ជាមួយឪពុកម្តាយ មិនខានឡើយ ទើបនាងបដិសេធដាច់អហង្ការ មិនព្រមជានាវិញឡើយ។

នាងពូន គឿន ជាមួយកូនៗ

នារីកម្សត់បន្តទៀតថា ពេលនាងបដិសេធ ប្តីនេះនៅតែក្រាញសន្យាស្បថជូននាងទៀតផង តែនាងលែង ជឿទៀតហើយ ដោយប្រាប់គេឱ្យចូលខ្លួនផ្តិតមេដៃ តែគេឆ្លើយថា មិនផ្តិតជាដាច់ខាត គេទុកនៅចងកម្ម ចងពៀរ បើនាងហ៊ានយកប្តីទៀត កុំថា គេកាចឱ្យសោះ។ តាំងពីពេលនោះ មកជិត២ឆ្នាំហើយ ប្តីនេះនៅតែ ក្រវែលមិនព្រមបោះបង់គំនិតអាក្រក់ ធ្វើឱ្យបុរសខ្លះដែលចង់បាននាងជាប្រពន្ធដែរនោះ គេខ្លាចក៏ដកថយជា បន្តបន្ទាប់។ បើសិនជាប្តីព្រមផ្តិតមេដៃ ម៉្លេះសម នាងមានគោលបង្អែកថ្មីបាត់ទៅហើយ មិនសុខចិត្ត រស់មេម៉ាយវេទនាចិត្តយ៉ាងនេះទេ តើឱ្យបុរសណា ហ៊ានចូល បើប្តីហេងស៊យនៅតែក្រឡឹងបោះពាក្យ គំរាមកំហែងបែបនេះ?

លោកតាអ៊ុន ពូន

លោកតាអ៊ុន ពូន អាយុ៦៧ឆ្នាំ និងលោកយាយ ខឹម នឹម អាយុ៥៥ឆ្នាំ ជាឪពុកម្តាយបាននិយាយ ស្របគ្នាទាំងខឹងសម្បាថា កាលនៅក្រមុំកូនស្រីនេះ មិនខ្វះមនុស្សល្អចូលសួរទេ តែនាងជាស្រីសាច់កម្ម ក៏មានទំនាក់ទំនងស្នេហាទុំមុនស្រគាលជាមួយប្តី ហេងស៊យនោះ។ ពួកគេបានពង្រត់គ្នាទៅរកស៊ីស្រុក សៀម រហូតកូនស្រីពោះធំ ទើបនាំគ្នាវិលមកសុំទោស ពួកគាត់ ហើយដោយទើសទាល់ពេកក៏សែនព្រេន បំពេញខាន់ស្លាឱ្យទៅ។ ដល់នាងមានផ្ទៃពោះជិត គ្រប់ខែកូនទី២ ប្តីនោះក៏ចុះចោលទៅមានស្រីថ្មី លុះ នាងគឿន រឹងដៃជើងល្មមប្រើការបានក៏មកសុំរួមរស់។ បើកូនស្រីនេះហ៊ានបើកចិត្តទូលាយទទួលប្តី នេះទៀត គាត់លែងរវីរវល់ទៀតហើយ ព្រោះមិនបាច់ មានក៏បានដែរ អាកូនប្រសារបៀបនេះ។

លោកយាយ ខឹម នឹម

រីឯអ្នកភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា នាងគឿន ពិតជាស្រីសាច់កម្មមែន គឺកើតមកសម្រាប់ តែប្តីយកធ្វើចំណីតណ្ហា លុះនាងប្រើការមិនកើត ក៏ ចុះចោលបាត់។ លុះនាងសម្រាលកូនរឹងដៃជើងប្រើប្រាស់បានក៏វិលមកសុំរួមរស់ និងពេលផ្ទៃពោះប៉ុន កញ្ជើក៏បោលចោលទៀត។ ឥឡូវប្តីនេះនៅតែក្រវែល ចង់រកកន្លែងស៊ីចុកបង្កើតកូនទៀតហើយ បើសិនជា នាងគឿន ចិត្តទូលាយបើកដៃឱ្យនោះ ច្បាស់ជាទឹក ភ្នែកជូតក្បាលជង្គង់គ្មានអ្នកអាណិត។
គួរបញ្ជាក់ថា បុរសមួយចំនួន ពិតជាមានចរិត “អាត្មានិយម” ទុកភរិយាជាគ្រឿងកំដរតណ្ហារបស់ខ្លួន ដែល“អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ។ ករណី បុរសវ៉ាន់ វន ដែលនៅតែតាមចងពៀរប្រពន្ធនេះ អាច នឹងឈានដល់អំពើហិង្សារ ដូច្នេះ លុះត្រាតែមានអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ទើបដោះស្រាយបញ្ហានេះបាន…”៕