Saturday, April 20, 2024
Homeព័ត៌មានជាតិកូនក្រមុំអស់ព្រហ្មចារី ម៉ែឱ្យចាប់ប្រុសស្នេហ៍ធ្វើប្តី

កូនក្រមុំអស់ព្រហ្មចារី ម៉ែឱ្យចាប់ប្រុសស្នេហ៍ធ្វើប្តី

កម្សួលភ្លើងស្នេហ៍ បានដុតរោលយុវតីមួយចំនួនឱ្យភ្លើតភ្លើនភ្លេច ប្រពៃណី ប្រគល់ខ្លួនប្រាណឱ្យប្រុសកន្លងមុនបាចផ្កាស្លា រួចទើបគិតគូរ ជាក្រោយ។ តួយ៉ាង នារីវ័យក្មេងម្នាក់នេះ ពេលចេញទៅធ្វើការ ឃ្លាតឆ្ងាយពីភ្នែកច្រមុះក្រុមគ្រួសារ ក៏បង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារ រហូតថ្លោះធ្លោយប្រគល់ព្រហ្មចារីឱ្យប្រុស ថ្លើមថ្លៃឆីគ្មានស្តាយស្រណោះ លុះឪពុកម្តាយ ដឹងរឿង ស្រាប់តែម៉ែពន្យុះកូនស្រីឱ្យ ចាប់ប្រុសស្នេហ៍នោះធ្វើប្តី កុំឱ្យរត់រួច…។

នាងរស់ ចន្ថា អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅភូមិអូរកន្ធរខាងត្បូង ឃុំអូរកន្ធរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ តែសព្វថ្ងៃរស់នៅជាមួយ ប្តីក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនច្បង ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៤ ស្រី៤) ដែលម្តាយមានឈ្មោះឡាម ធី អាយុ៤៦ឆ្នាំ ឪពុកឈ្មោះសៀន រស់ អាយុ៥២ឆ្នាំ ជាកសិករ។ កាលពីក្មេង នាងបានរៀនចប់ថ្នាក់ទី៩ នៃអនុវិទ្យាល័យព្រែកស្បូវ ដែរ តែដោយសារក្រុមគ្រួសារមានជីវភាពក្រីក្រ ទើប នាងសម្រេចចិត្តបោះបង់ការសិក្សាត្រឹមនោះតែម្តង។ បន្ទាប់មក នាងបានដើររសាត់អណ្តែតចេញ ទៅធ្វើការនៅស្រុកគេ យកប្រាក់កម្រៃផ្ញើឱ្យម្តាយដោះស្រាយជីវភាពគ្រួសារ រហូតដល់អាយុ១៥ឆ្នាំ មិនទាន់ ធំពេញក្រមុំ ស្រួលបួលបាត់ធុំក្លិនទឹកដោះម្តាយផង នាងបាន បង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាលជាមួយប្តីសព្វថ្ងៃនេះ ឈ្មោះហង់ សុភា អាយុ២៥ឆ្នាំ ដែលកាលនោះ នាង ចេញទៅស៊ីឈ្នួលបេះផ្លែម្រេចឱ្យគេក្នុងខេត្តមណ្ឌលគិរី ហើយប្តីក៏ទៅធ្វើការនៅទីនោះដែរ។

នាងរស់ ចន្ថា និងលោកហង់ សុភា ជាមួយកូន

នាងចន្ថា បន្តឱ្យដឹងទៀតថា កាលដើមឡើយទំនាក់ទ់នំងពួកនាងត្រឹមតែរាប់អានគ្នាក្នុងនាមជាមិត្តភាពប៉ុណ្ណោះ ប៉ុន្តែក្រោយពីធ្វើការបានឃើញមុខ និងសាសងសម្តីជាមួយគ្នាព្រឹកល្ងាច បណ្តាលឱ្យទំនាក់ទំនង មិត្តភាពពួកនាងបានរីកដុះដាលចេញជាពន្លកស្នេហ៍ ធ្វើឱ្យបេះដូងកំលោះក្រមុំពួកនាងនៅកាលនោះវេញ ត្របាញ់ ចូលគ្នាជាធ្លុងមួយ ហើយឱ្យតែល្ងាចឡើងសម្រាកពីការងារ គូសង្សារពួកនាងតែងស្កាត់ជួបគ្នាអង្គុយសាសង ក្នុងពេលរាត្រី ក្រោមពន្លឺព្រះចន្ទភ្លឺថ្លាបំភ្លឺលោកា ដែលធ្វើឱ្យភ្លើងស្នេហ៍ពួកនាងកាន់តែឆេះក្តៅងំឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ រហូតឈានដល់ពេលវេលាត្រូវដងត្រូវផ្លែ ដឹកដៃគ្នាជិះយានអវកាសទៅលេងឋានព្រះចន្ទ ខុស គន្លងប្រពៃណីទៀតផង ដោយទទួលស្គាល់ថា ស្នេហាគ្រាដំបូង របស់នាងពិតជាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ដូចទឹកឃ្មុំខែចេត្រអ៊ីចឹង ហើយក្រោយៗមក គូស្នេហ៍ពួកនាងតែងញៀនញ៉ោមស្កាត់ ជួបគ្នាប្រឡែងលេងនឹងល្បែងស្នេហ៍ក្តៅរោលរាលជាបន្តបន្ទាប់ ដោយមិនខ្លាចខ្មោចមេបាប្រកាន់ខឹងឡើយ។

លោកហង់ សុភា

នាងចន្ថា បញ្ជាក់ថា ក្នុងពេលនាងបង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាល ជាមួយួប្រុសថ្លើមថ្លៃដំបូង នាងមិនបានប្រាប់ម្តាយ ឱ្យដឹងឡើយ លុះក្រោយមកទើបនាងដាច់ចិត្ត ទូរសព្ទ័ប្រាប់ម្តាយឱ្យដឹង ហើយពេលនោះ មិនត្រឹមតែគាត់ស្តីបន្ទោសឱ្យនាងទេ ថែមទាំងពន្យុះ ឱ្យនាងតាមយកប្រុសស្នេហ៍ យកធ្វើប្តីឱ្យខាងតែបាន មិនត្រូវបាត់បង់ព្រហ្មចារីដោយឥតប្រយោជន៍។ ជាពិសេស បើមានឱកាសនាំកូនប្រសាឥតខាន់ស្លារូបនេះ ទៅលេងផ្ទះ ឱ្យគាត់បានស្គាល់មុខផង។ ដោយទទួលបានភ្លើងខៀវពីម្តាយបែបនេះ គូស្នេហ៍ពួកនាងក៏រួមរស់ជាប្តីប្រពន្ធឥតខាន់ស្លាតែម្តង បើគិតមកដល់ពេលនេះមានរយៈពេល៣ឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់ជាចំណងស្នេហ៍ និងមានគម្រោងរៀបការក្នុងពេលខាងមុខឆាប់ៗនេះ ដើម្បីផ្តាច់ព្រលឹងខ្មោចមេបា ព្រោះកន្លងមក ព្រលឹងខ្មោចមេបាតាម កាច់ឱ្យបងប្អូនរបស់នាងឈឺ២នាក់ទៅហើយ លុះនាំគ្នាសែនព្រេនសុំខមាលទោសរួចរាល់ ទើបបានជាសះស្បើយវិញ។

នាងរស់ ចន្ថា

លោកហង់ សុភា អាយុ២៥ឆ្នាំជាប្តី បានឱ្យដឹងថា លោក ជាកូនកសិករ រៀនសូត្រមិនបានជ្រៅជ្រះទេ ស្គាល់តែការងារស្រែចម្ការ និងដើរស៊ីឈ្នួលជួលព័ទ្ធគេគ្មានទំនេរដៃ។ តាំងពីធំពេញកំលោះពេលណា មកលោកមិនចេះស្រលាញ់ស្រីណាឡើយ លុះពេលទៅស៊ីឈ្នួលបេះផ្លែម្រេច ឱ្យគេនៅខេត្តមណ្ឌលគិរី និងបានជួបប្រពន្ធសព្វថ្ងៃនេះ ទើបធ្វើឱ្យលោកចេះស្រលាញ់ស្រី និងបាក់ចិត្តលង់ ស្នេហ៍នាងដកចិត្តមិនរួច។ លុះទ្រាំមិនបាន លោកក៏ ប្រថុយលួងលោមអង្វរសុំស្នេហ៍ រហូតនាងទន់ចិត្ត ប្រគល់ប្រាណឱ្យលោកនែបនិត្យតាមចិត្តចង់ និងស្មគ្រ័ រួមរស់ជា

ប្តីប្រពន្ធឥតខាន់ស្លា មកដល់សព្វថ្ងៃនេះ។ តាមពិតទៅ ប្តីប្រពន្ធលោកមិនចង់រស់នៅឥតខាន់ស្លា របៀបនេះឡើយ វាមិនសមនឹងភ្នែកញាតិ ប៉ុន្តែលោក មិនចង់សែនព្រេនទេ ទើបចេះតែពន្យារពេលមកដល់ សព្វថ្ងៃ ដើម្បីខំប្រឹងធ្វើការសន្សំប្រាក់ទុករៀបការ ឱ្យបានគគ្រឹកគគ្រេងនឹងគេ។ លោកគិតថា យ៉ាងយូរ ណាស់រដូវច្រូតកាត់ឆ្នាំនេះរួចរាល់ គូស្នេហ៍លោក នឹងដឹកដៃគ្នាចូលរោងការតាមប្រពៃណី ធ្វើជាកូនកំលោះកូនក្រមុំឱ្យផ្អើលភូមិម្តង។
លោកសូ វុទ្ធី អាយុ៥១ឆ្នាំ និងលោកកែវ ពៅ អាយុ៣៣ឆ្នាំ ជាពូ បានឱ្យដឹងស្របគ្នាថា ចាប់តាំង ពីប្តីប្រពន្ធក្មួយប្រុសជួបប្រសព្វគ្នាឃើញថា ពួកគេ ស្រលាញ់ល្អូកល្អិនជាមួយគ្នាណាស់ដូចស្រមោច និង ស្ករ ដ្បិតពួកគេមិនទាន់

លោកសូ វុទ្ធី

មានខាន់ស្លាត្រឹមត្រូវមែន។ ពួកលោកចង់ឱ្យប្តីប្រពន្ធពូកគេរៀបការមានខាន់ស្លា ត្រឹមត្រូវណាស់ ប៉ុន្តែដោយសារជីវភាពក្រីក្រ ម៉្យាង ទៀតក្មួយប្រុសពួកលោកតាំងចិត្តថា កើតមកមួយជាតិ ត្រូវតែរៀបការឱ្យបានគគ្រឹកគគ្រេងនឹងគេ មិនចង់ សែនព្រេន ទើបត្រូវអូសបន្លាយពេលមកដល់សព្វថ្ងៃ រង់ចាំបានប្រាក់គ្រប់គ្រាន់សិន។ តែប្រសិនក្មួយប្រុស មានគម្រោងចូលរោងការក្រោយរដូវប្រមូលផល ស្រូវច្រូតកាត់ហើយ គឺជាការល្អប្រសើរណាស់។ ពួកលោកត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែង នៅក្នុងពីធីនោះ ឱ្យដំណើរការយ៉ាងរលូន។

លោកកែវ ពៅ

គួរបញ្ជាក់ថា យុវវ័យនៅសម័យថ្មីនេះមួយ ចំនួន ឱ្យតែស្រលាញ់ពេញចិត្តគ្នាហើយមិនសូវជាគោរព ប្រពៃណី ឬក្រែងចិត្តឪពុកម្តាយឡើយ ពោលគឺច្រើន តែនាំគ្នាលេងផ្លូវកាត់ទុំមុនស្រគាល ដើម្បីឱ្យចំណង ស្នេហ៍ឆាប់ដល់គោលដៅ ប៉ុន្តែស្នេហាហក់លោត របៀបនេះ មានហានិភ័យខ្ពស់ណាស់ ពិសេសភាគី ខាងស្រីតែម្តង ទីបំផុតច្រើនតែទឹកភ្នែកជូតក្បាល ជង្គង់។ ដូចនេះ សាមីខ្លួនខាងស្រីគួរតែគិតគូររឿង រៀបការ ឬសែនព្រេនមួយព្រឹកឱ្យមានខាន់ស្លាត្រឹមត្រូវ ទើបជាការប្រសើរ…”៕

RELATED ARTICLES