Friday, April 26, 2024
Homeព័ត៌មានជាតិក្រមុំទន់សរសៃ បានប្តីពោះម៉ាយប្រសប់ថ្នម

ក្រមុំទន់សរសៃ បានប្តីពោះម៉ាយប្រសប់ថ្នម

នារីម្នាក់នេះ មានជំងឺទន់សរសៃ តាំងពីកុមារភាព ដើរហើរមិនបានឆ្ងាយ ធ្វើការធ្ងន់មិនបាន លុះធំពេញក្រមុំ គ្មានកំលោះក្នុងភូមិ ណាម្នាក់ ចាប់អារម្មណ៍ឡើយ ដោយអស់សង្ឃឹម នាងក៏ទិញទូរស័ព្ទផ្សងរកគូ ស្រាប់តែប៉ះចំបុរស ពោះម៉ាយ២ភ្លើង សុំស្រលាញ់យកគ្នាធ្វើ ជាប្តីប្រពន្ធ ទើបដឹងថា ប្តីពោះម៉ាយរូបនេះ ប្រសប់ថ្នាក់ថ្នមបមបី ប្រពន្ធណាស់ ធ្វើឱ្យនាងពេញចិត្តស្តូកតែម្តង…។

នាងអាន សារឿន អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃដក់ព ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី៣ ប្រុស២) ដែលឪពុកម្តាយស្លាប់ចោលអស់។ នាងកើតមកក្នុងជាតិនេះមានវាសនាអភ័ព្វណាស់ ពោលគឺគ្រាន់តែកើត ចេញពីឧទរម្តាយភ្លាមមានជំងឺទន់សរសៃមកជាមួយតែម្តង មិនងាយចេះដើរដូចក្មេងដទៃទៀតឡើយ រហូតដល់នាងចម្រើនវ័យ៥ឆ្នាំ ទើបអាចដើររួចខ្លះ ប៉ុន្តែមិនសូវជារឹងមាំដូចជាមនុស្សផ្សេងឯទៀតទេ គឺនាងអាច ដើរបាននៅតែក្បែរៗផ្ទះប៉ុណ្ណោះ និងធ្វើការងារស្រាលៗ មិនអាចធ្វើការងារធ្ងន់បានឡើយ ពុំនោះទេ ច្បាស់ជា ទន់សរសៃសរសូង ឬធ្លាក់ខ្លួនឈឺព្យាបាលអស់លុយច្រើនជាមិនខាន។ ព្រោះតែមានបញ្ហាខាងសុខភាពដូចនេះ ទើបនាង មិនមានឱកាសរៀនសូត្រឱ្យបានជ្រៅជ្រះនឹងគេ ពោលគឺមិនចប់ថ្នាក់បឋមសិក្សាផង ក៏ឈប់ទៅ នៅតែ ផ្ទះធ្វើការងារចង្ក្រានជើងឆ្នាំងបន្តិចបន្តួចប៉ុណ្ណោះ។

លោកឆែម​ ប៊ុនរដ្ឋ

នាងអាន សារឿន បន្តទៀតថា នៅពេលធំពេញក្រមុំ នាងមានរូបសម្រស់មិនសូវជាអាក្រក់ពេកទេ ប៉ុន្តែដោយសារមានបញ្ហាផ្នែកសុខភាព ម៉្យាងទៀត មានជីវភាពក្រីក្រផង ទើបកំលោះក្នុងភូមិត្រូវដង្កូវ ស៊ីគ្រាប់ភ្នែកអស់ មិនមាននរណាម្នាក់សម្លឹងឃើញ នាងក្នុងកែវភ្នែក ឬចាប់ចិត្តស្រលាញ់ចូលស្តីដណ្តឹង យកនាងធ្វើជាគូគាប់ទ្រនាប់ជីវិតសោះ។ បើក្រឡេក មើលស្រីៗក្នុងភូមិដែលមានអាយុស្របាលគ្នា ពួកគេ សុទ្ធតែមានប្តីសី រួមរស់សាងសុភមង្គលគ្រួសារ បង្កើតបានកូនឱ្យរដឹក គ្រាន់បានប្រឡែងលេងពេល អផ្សុក គួរឱ្យច្រណែនគេណាស់។ តាមពិតទៅ នាងក៏ មានបេះដូងធ្វើពីសាច់ មានការឈឺចាប់ ចេះស្រលាញ់ ប្រុសៗ និងចង់បានប្តីសីនឹងគេដែរ ប៉ុន្តែបើគ្មានប្រុស ណាចាប់ចិត្តស្រលាញ់លើរូបនាងម្នាក់សោះ ទើប នាងរស់នៅរងាកំព្រាឯកាតែម្នាក់ឯង ដោយគិតថា នឹងក្លាយជាក្រមុំសៅកែប្រចាំភូមិមិនខាន។

នាងអាន សារឿន

ស្ត្រីរីបូនេះបញ្ជាក់ថា ដោយសារអស់សង្ឃឹម ជាមួយបុរសក្នុងភូមិមកស្រលាញ់ទៀត នាងបាន សន្សំលុយទិញទូរស័ព្ទស៊េរីចាស់១គ្រឿង (អិនចុច ពិល) ដើម្បីផ្សងរកស្នេហ៍។ ទីបំផុតក្តីប្រាថ្នារបស់ នាងពិតជាបានសម្រេចមែន ដោយបានជួបស្នេហ៍ ជាមួយបុរសម្នាក់ឈ្មោះឆែម ប៊ុនរដ្ឋ អាយុបងនាង ដល់ទៅ១១ឆ្នាំឯណោះ ជាអ្នកស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ។ តាមពិតទៅ លោកប៊ុនរដ្ឋ មិនមែនកំលោះ ទេ គេជាបុរសពោះម៉ាយ ធ្លាប់មានប្រពន្ធ២នាក់រួច ហើយ និងសរុបកូនប្រពន្ធទាំងពីរនាក់ មានទៅដល់៦ នាក់ឯណោះ ប៉ុន្តែកាលនោះ លោកប៊ុនរដ្ឋ មិនបាន លាក់បាំងប្រវត្តិរបស់ខ្លួនជាមួយនាងទេ រីឯរូបនាង ក៏បានរៀបរាប់ពីដំណើរជីវិត ព្រមទាំងអាការមានជំងឺ ប្រចាំកាយឱ្យបុរសពោះម៉ាយ២ភ្លើងដឹងដូចគ្នា តាមរយៈរលកធាតុអាកាស។ ក្រោយពីស្គាល់ប្រវត្តិ រវាងគ្នារួចរាល់អស់ហើយ ស្រាប់តែលោកប៊ុនរដ្ឋ បនាត្អូញត្អែរពីការលំបាករស់នៅជាបុរសពោះម៉ាយឱ្យនាងដឹង។ មិនត្រឹមតែប៉ុណ្ណោះពោះម៉ាយ២ភ្លើង រូបនេះ បានប្រើពាក្យសម្តីលួងលោមប្រលោមស្នេហ៍ នាងទៀតផង។ ខណៈដែលនាង កំពុងតែស្វែងរកគូ កៀកកើយដូចគ្នាផង ក៏បើកប្រអប់បេះដូងឆ្លើយ អូខេ បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាតែម្តង មិនខុសពី ពាក្យចាស់ពោលថា “ដើររកអុស ប្រទះឈើងាប់”។

នាងអាន សារឿន និងកូនៗ


នាងអាន សារឿន បន្តទៀតថា បន្ទាប់ពីសាង ស្នេហ៍ជាមួយគ្នាតាមរលកធាតុអាកាស ស្គាល់តែ សំឡេងមិនឃើញរូប ប្រុសស្នេហ៍បានសុំមកលេងផ្ទះ របស់នាង ពេលនោះ នាងក៏មិនកំណាញ់អ្វីដែរ គ្រាន់តែ ប្រុសស្នេហ៍សុំស្គាល់ត្រឹមផ្ទះនោះ។ លុះពេលគូសង្សារ ធ្វើដំណើរស្កាត់មកជួបនាងដល់ផ្ទះ ហើយគ្រាន់តែ ឃើញមុខមាត់គ្នាពិត ពួកនាងទាំងពីរនាក់ស្រលាញ់ ពេញចិត្តគ្នាស្តូកតែម្តង លុះយប់ឡើង ក៏ត្រូវដងត្រូវ ផ្លែដឹកដៃគ្នាជិះយានអាកាសទៅលេងឋានព្រះចន្ទ ២ដងឯណោះ ដោយទទួលស្គាល់ថា ស្នេហាគ្រាដំបូង ជាមួយបុរសពោះម៉ាយ២ភ្លើង ពិតជាមានរសជាតិ ឈ្ងុយឆ្ងាញ់មែន។ បន្ទាប់ពីបានប្តូរសាច់ឈាមគ្នាហើយ គូស្នេហ៍ពួកនាងក៏រៀបចំពិធីសែនព្រេនមួយព្រឹកបង្គ្រប់ កិច្ច ទទួលយកគ្នាជាប្តីប្រពន្ធពេញច្បាប់ រួមរស់ជាមួយ គ្នាមកដល់សព្វថ្ងៃ មានរយៈពេល៦ឆ្នាំ មកហើយ និងបង្កើតបានកូនស្រីម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។ ស្របពេលនោះដែរ ប្តីបានយកកូនប្រពន្ធទី២ ចំនួន២ នាក់មករស់នៅជាមួយ ចិញ្ចឹមមើលថែ តែចិត្តនាងមិន ចង្អៀតចង្អល់អីទេ មានតែអាណិតស្រលាញ់កូន ប្រពន្ធទី២ របស់ប្តីដូចជាកូនបង្កើតរបស់ខ្លួនដែរ។


ស្ត្រីរូបនេះបញ្ជាក់ថា ចាប់តាំងពីរួមរស់ជាមួយ ប្តីពោះម៉ាយនេះមក ជីវិតនាងមានសេចក្តីសុខសុភមង្គលណាស់ ព្រោះប្តីស្រលាញ់ថ្នាក់ថ្នម ធ្វើការរក ប្រាក់ចិញ្ចឹមប្រពន្ធកូន មិនឱ្យលំបាកឡើយ ជាពិសេស ការងារយប់ព្រលប់ ប្តីប្រសប់ថ្នាក់ថ្នមផ្តល់សេចក្តី-សុខឱ្យប្រពន្ធណាស់ ធ្វើឱ្យនាងពេញចិត្តស្តូកតែម្តង។

អ្នកស្រីង៉ែត សុផល

នាងសែ សឿន អាយុ៣៨ឆ្នាំ នាងពេជ្រ ម៉ៅ អាយុ៣៥ឆ្នាំ និងអ្នកស្រីង៉ែត សុផល អាយុ៤០ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា នាងសាន សារឿន ពិតជាមានជំងឺទន់សរសៃ តាំងពីក្មេងមែន នាងមិន អាចដើរហើរផ្លូវឆ្ងាយ និងមិនអាចធ្វើការងារធ្ងន់បាន ឡើយ។ តែជាភ័ព្វសំណាងរបស់នាងណាស់ ដែលបាន ប្តីពោះម៉ាយប្រសប់ថ្នម និងមានការទទួលខុសត្រូវ ខ្ពស់ចំពោះប្រពន្ធកូន ពោលគឺលោកឆែម ប៊ុនរដ្ឋ ជាអ្នក រ៉ាប់រងការងារធ្ងន់ស្រាលទាំងអស់ និងពូកែធ្វើការរកប្រាក់ មកចិញ្ចឹមប្រពន្ធកូនណាស់។ ពេលរដូវទំនេរ ពីការងារ ស្រែចម្ការ បុរសជាប្តីរូបនេះ តែងចេញទៅធ្វើការបាត់ៗ មិនដែលឱ្យប្រពន្ធពិបាកវេទនាម្តងណាឡើយ។

នាងសែ សឿន

រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្រប គ្នាថា ដើមឡើយកំលោះក្នុងភូមិគ្មាននរណាម្នាក់ចាប់ ចិត្តស្រលាញ់នាងអាន សារឿន យកធ្វើជាគូជីវិតឡើយ ព្រោះតែនាងមានជំងឺទន់សសៃសរសូង រាងកាយមិន សូវរឹងមាំ ប៉ុន្តែធម្មជាតិបង្កើតមនុស្សមិនឱ្យរស់នៅ អត់គូឡើយ ទីបំផុតនាងក៏បានជួបស្នេហ៍ជាមួយប្តី សព្វថ្ងៃនេះ ជាបុរសពោះម៉ាយ២ភ្លើង ប្រសប់ថ្នាក់ថ្នម ប្រពន្ធនេះណាស់ ទាំងការងារថ្ងៃ និងយប់។ តែយ៉ាងណា ពួកគាត់យល់ថា ប្តីប្រពន្ធ១គូនេះ ប្រហែល ជាគូព្រេងនឹងគ្នាពីអតីតជាតិ បានជាវាសនារុញច្រាន ឱ្យជួបគ្នា ទោះជាស្ត្រីជាប្រពន្ធមានជំងឺសរសៃទន់ ក៏ដោយ…”៕

នាងពេជ្រ ម៉ៅ
RELATED ARTICLES