ប្រពន្ធពូកែឈឺពេក ប្តីវាយសន្លប់ស្តូក

0
406

ជីវិតប្តីប្រពន្ធ បើមិនចេះស្គាល់ ទុក្ខធុរៈ អធ្យាស្រ័យ ប៉ះដៃ យកដៃ ប៉ះជើង យកជើង និងស្រលាញ់ថ្នាក់ថ្នមគ្នាទេ រស់នៅរកសេចក្តីសុខមិន ឃើញទេ។ ជាក់ស្តែង ប្តីប្រពន្ធមួយគូនេះ ប្តីមិនស្គាល់ទុក្ខធុរៈប្រពន្ធ ដែលមានជំងឺប្រចាំកាយមួយថ្ងៃកាត់ មួយថ្ងៃកោរនោះទេ តែងបង្ខំឱ្យធ្វើការ និង បម្រើចំណីកាមគុណរបស់ខ្លួនជានិច្ច ធ្វើឱ្យប្រពន្ធឈឺធ្ងន់ហេវហត់អស់កម្លាំង ក៏ចោទថាប្រពន្ធខ្ជិល វាយសន្លប់ស្តូកស្តឹង…។

នាងលិន លាវ អាយុ២១ឆ្នាំ រស់នៅភូមិប្រា ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាជនជាតិលាវ និងកំព្រាឪពុកម្តាយតាំងពីតូចក្រូចឆ្មារ តែបានឪពុកចិញ្ចឹម ឈ្មោះលួន លិន និងម្តាយឈ្មោះប៊ិច ម៉ុន យកមកចិញ្ចឹមផ្តល់ ភាពកក់ក្តៅ បីបាច់ថែរក្សាស្រលាញ់ចាត់ទុកជាកូនបង្កើត និងដាក់ឈ្មោះលាវ ឱ្យនាង គឺសម្រាប់ សម្គាល់នាងមានដើមកំណើតជាជនជាតិលាវ។ ម្តាយឪពុកទាំងពីររូបចិញ្ចឹមបីបាច់ថែរក្សានាង ប្រកបដោយព្រហ្មវិហារធម៌ រហូតនាងពេលធំពេញក្រមុំ ពួកគាត់បានរៀបចំផ្សំផ្គុំឱ្យមានប្តីឈ្មោះយ៉ឹង វុទ្ធី អាយុបង២ឆ្នាំ ដែលចំណងអាពាហ៍ពិពាហ៍ ប្តីប្រពន្ធនាងកើតឡើងក្នុងឆ្នាំ២០១២ រួមរស់ ជាមួយគ្នារហូតមកទល់សព្វថ្ងៃ បង្កើតបានកូន២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។

នាងលិន លាវ និងលោកយ៉ឹង វុទ្ធី (កាលថ្ងៃរៀបការ)

នាងលិន លាវ រំលឹកថា កាលពីពេលរៀបការហើយថ្មីថ្មោង ប្តីស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ មិនដែលប្រើមាត់តូចមាត់ធំ ឬហ៊ានលើកដៃគោះប្រពន្ធមួយប៉ូកឡើយ។ រីឯការងារស្រែ ភ្លឺច្បារដំណាំ ប្តីជាអ្នករ៉ាប់រងតែម្នាក់ឯង ដែលកាលនោះធ្វើឱ្យជីវិតនាងរស់នៅមានសេចក្តីសុខ សុភមង្គលជាខ្លាំង។ បើប្រៀបធៀបជាមួយនារីដែលរៀបការស្របាលគ្នា មានតែរូបនាងម្នាក់ទេ ដែលមានសំណាងជាងគេ បានប្តីស្រលាញ់ថ្នាក់ថ្នម។ ប៉ុន្តែក្រោយពីបែកផ្ទះពីឪពុកម្តាយ មករស់នៅសាងជីវិតថ្មី នាងក៏ត្រូវហូរទឹកភ្នែកជូតក្បាលជង្គង់ ដូចជានារីផ្សេងទៀតដែរ ពោលគឺ ត្រូវប្តីវាយដំបង្ខំឱ្យបម្រើតណ្ហារបស់គេ ព្រមទាំងធ្វើការងារស្រែចម្ការគ្មានទំនេរដៃ រហូតនាង ធ្លាក់ខ្លួនមានជំងឺប្រចាំកាយហេវហត់អស់កម្លាំង ស្ទើរតែដើរដួលរលំក៏មាន ប៉ុន្តែចំពោះប្តីវិញ ធ្វើវាហី មិនស្គាល់ទុក្ខធុរៈប្រពន្ធមានជំងឺ

នាងលិន លាវ និងលោកយ៉ឹង វុទ្ធី

ប្រចាំកាយឡើយ ដោយចោទប្រកាន់នាងមានជំងឺកម្ជិលអាំងផេះ ទៅវិញ ធ្វើឱ្យនាងមានការឈឺចាប់ជាខ្លាំង។ តែយ៉ាងណា នាងខំងើបពីកន្ទេលទៅធ្វើការងារ ជាមួយប្តី ឱ្យតត្រុករាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ លុះយប់ឡើង នាងត្រូវបម្រើតណ្ហាប្តីទៀត ធ្វើឱ្យកម្លាំងរបស់ នាងត្រូវថមថយពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជានៅពេលឆ្លងទន្លេកំណើតកូនម្តងៗ ស្ទើរឆ្លងមិនផុត ពីគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ដែលតាមទម្លាប់អ្នកស្រុករបស់នាងថា ស្ត្រីឆ្លងទន្លេហើយ គឺ ដេកឆ្អើរភ្លើង១សប្តាហ៍ ឬ១០ថ្ងៃ ទើបចុះទៅធ្វើការងារស្រែចម្ការជាធម្មតាបាន។
នាងលិន លាវ ឱ្យដឹងទាំងក្រៀមក្រំថា ក្រោយពីសម្រាលកំណើតកូនទី២រួចមក សុខភាពនាងមិនរឹងមាំសោះ ឈឺក្តៅខ្លួនជាប្រចាំ រហូតមានថ្ងៃមួយក្តៅខ្លួនងើបពីកន្ទេលមិនរួច ក៏លេបថ្នាំ សម្ងំដេកទៅ។ លុះប្តីត្រឡប់ពីចម្ការមកវិញ ចោទប្រពន្ធធ្វើពុតទម្រន់ មិនចង់ធ្វើការងារ ក៏ផ្ទុះកំហឹងវាយទាត់ធាក់នាងរហូតធ្លាក់ឈាមសន្លប់ ស្តូកស្តឹង កុំតែឪពុកម្តាយនាងដឹកទៅមន្ទីរធ្វើការសង្គ្រោះជីវិតទាន់ពេល វេលា ម៉្លេះអី! ជីវិតនាងជ្រែកដីទៅជួបស្តេចយមរាជ គ្មានបានឱ្យកូន ឃើញមុខដូចពេលនេះទេ ធ្វើឱ្យជីវិតនាងស្គាល់តែទឹកភ្នែក រងកម្ម រងទុក្ខគ្មានថ្ងៃស្បើយ។

នាងលិន លាវ និងកូន

លោកយ៉ឹង វុទ្ធី ជាប្តី បានឱ្យដឹងថា លោកពិតជាស្រលាញ់ប្រពន្ធ ណាស់ គ្មានបំណងធ្វើបាបនាង រួចទៅរកនារីផ្សេងឡើយ ប៉ុន្តែមកពីលោក មានចិត្តចង់មានចង់បានពេក ម៉្យាងទៀតឃើញប្រពន្ធហាក់បីដូចជាមិនសូវសង្វាតរឿងការងារសោះ ទើប លោកចេះតែមួម៉ៅក្តៅក្រហាយ ក៏ប្រដៅនាងខ្លះទៅ។ បើក្រឡេកមើលប្តីប្រពន្ធគេដែលមានអាយុ និងរៀបការ ស្រករគ្នា ពួកគេសុទ្ធតែមានជីវភាពធូរធារ មានផ្ទះធំទ្រនំខ្ពស់ រស់នៅមានលុយចាយពេញៗដៃ និងខ្លះទៀត បានទិញឡានជិះទៀតផង ដូច្នេះហើយទើបលោកត្រូវតែខំប្រឹងធ្វើការរកប្រាក់ ដើម្បីកុំឱ្យរកស៊ីចាញ់ប្តី ប្រពន្ធគេឆ្ងាយពេក តែប្រពន្ធលោកដូចជាមិនសូវ ចង់មានចង់បានឡើយ គឺមិនឱ្យប្តីណាមិនខឹង? បើខំរកតែម្នាក់ឯងជិតស្លាប់ទៅហើយ ប្រពន្ធធ្វើហីអ៊ីចឹង។

ផ្ទះនាងលិន លាវ

បុរសជាប្តីរូបនេះបញ្ជាក់ថា កាលនៅថ្ងៃកើតហេតុ លោកជ្រុលជ្រួសវាយនាង ក៏ដោយសារប្រពន្ធ ដេកមិនព្រមដាំបាយឱ្យប្តីហូប លុះពេលលោកត្រឡប់ មកពីធ្វើចម្ការអស់កម្លាំង មកដល់ផ្ទះគ្មានបាយហូប ទើបកើតក្តីមួម៉ៅក្តៅក្រហាយ ក៏ជ្រុលដៃប្រើកម្លាំងបាយ វាយលើប្រពន្ធខ្លះទៅ ប៉ុន្តែមិនមែនលោកវាយនាងឱ្យ សន្លប់ស្តូក១០០%ទេ គឺមកពីជំងឺប្រចាំកាយនាងរួមផ្សំ តែយ៉ាងណា  លោកបានទទួលស្គាល់កំហុសរបស់ ខ្លួនរួចដែរ។

លោកលួន លិន និងអ្នកស្រីប៊ិច ម៉ុន ជាមួយជីដូន

លោកលួន លិន និងអ្នកស្រីប៊ិច ម៉ុន ជាឪពុក ម្តាយចិញ្ចឹមនាងលិន លាវ បានឱ្យដឹងស្របគ្នាថា ពួកគាត់មិននឹកស្មានថា កូនប្រសារូបនេះ ហ៊ានលើកដៃ វាយប្រពន្ធរហូតធ្លាក់ឈាម ថែមទាំងសន្លប់ស្តូកស្តឹង បែបនេះសោះ។ តាមពិតទៅ អ្នកណាក៏ចង់មាន ចង់បានដែរ ប៉ុន្តែបើនាងមានជំងឺប្រចាំកាយមួយថ្ងៃ កាត់មួយថ្ងៃកោរហេវហត់អស់កម្លាំង តើឱ្យនាង ចេញទៅធ្វើការម្តេចនឹងកើតទៅ? ប្តីក៏ត្រូវស្គាល់សុខ ទុក្ខរបស់ប្រពន្ធដែរ មិនត្រូវបង្ខំមនុស្សឈឺឱ្យងើប ធ្វើការ ឬប្រើដៃជើងលើប្រពន្ធទន់ខ្សោយនោះទេ ប៉ុន្តែ រឿងនេះ ពួកគាត់មិនដេញដោលវែងឆ្ងាយទេ គ្រាន់តែ ហៅខាងដន្លងមកដោះស្រាយគ្នា និងឱ្យកូនប្រសា ទទួលស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តប៉ុណ្ណោះ និងកែខ្លួនឡើងវិញ។ បើរឿងនេះកើតឡើងលើប្រពន្ធ (កូនស្រីពួកគាត់) ម្តងទៀត ពួកគាត់លែងយល់មុខមាត់ ទៀតហើយ និងយកផ្លូវច្បាប់ដោះស្រាយគ្នាម្តង។

អ្នកស្រីសាំង ផល្លីន

អ្នកស្រីសាំង ផល្លីន អាយុ៤៤ឆ្នាំ និងអ្នកស្រីមាឃ វឿន ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា លោកយ៉ឹង វុទ្ធី គឺជាប្រុសសម្តីស្រី ហើយក៏ជាមនុស្សមាន ចិត្តចង់មានបានខ្លាំងណាស់ រួមផ្សំទាំងនាងលិន លាវ ជាប្រពន្ធមិនសូវពូកែធ្វើការងារតាំងពីដើមមកផង ទើបធ្វើឱ្យប្តីប្រពន្ធអ្នកទាំងពីរជួបរឿងរ៉ាវរកាំរកូស នឹងគ្នារហូតមក ប៉ុន្តែយ៉ាងណា បុរសជាប្តីមិនគួរ ប្រើកម្លាំងបាយវាយប្រពន្ធរហូតធ្លាក់ឈាមសន្លប់ស្តូកស្តឹងបែបនេះដែរ។ នេះសំណាងហើយ ដែលប្រពន្ធ និងឪពុកម្តាយក្មេកមិនប្តឹង កុំអីត្រូវប្រឈម នឹងទោសទណ្ឌដល់ខ្លួនទៀតមិនខាន…”៕