ម៉ែឪមិនត្រូវគ្នាថ្លៃទឹកដោះ កូនកំលោះក្រមុំនាំគ្នាផ្សំដំណេក

0
354

គូស្នេហ៍មួយនេះ បានស្រលាញ់ពេញចិត្តពេញថ្លើមគ្នា តាំងពីកំលោះក្រមុំ រហូតតួប្រុសនាំចាស់ទុំ ចូលស្តីដណ្តឹងគូស្នេហ៍ដល់មេបាតាមប្រពៃណីទៀតផង តែឪពុកម្តាយខាងស្រីទារថ្លៃទឹកដោះខ្ពស់ ផុតពីលទ្ធភាពរបស់ខាងប្រុស។ លុះម៉ែឪ មិនត្រូវថ្លៃទឹកដោះ ស្រាប់តែកូនកំលោះក្រមុំ នាំគ្នាផ្សំដំណេក រួមរស់ក្នុងនាមជាប្តី ប្រពន្ធមកទល់សព្វថ្ងៃ…។

លោកសយ ប្រុញ អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា លោកជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៩នាក់ (ប្រុស៥ ស្រី៤) ដែលម្តាយមានឈ្មោះនាង ហេង អាយុ៧៣ឆ្នាំ ឪពុក (ស្លាប់)។ កាលពីក្មេង លោកចូលសាលារៀនសូត្រលេខ អក្សរបានត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ព្រោះគ្រួសារមានជីវភាពយ៉ាប់យ៉ឺនពេក។ លុះចូលដល់វ័យជំទង់ លោកបានចាកចេញពីស្រុកកំណើត ដើររសាត់អណ្តែត ស៊ីឈ្នួលជួលព័ទ្ធគេនៅគ្រប់ទីកន្លែង យកប្រាក់កម្រៃចិញ្ចឹមជីវិត។ បន្ទាប់មក លោកឈប់ស៊ីឈ្នួលធ្វើការឱ្យគេ ដោយងាកមកជួលផ្ទះបើកមុខរបរបញ្ចូលហ្គាស ដោយខ្លួនឯងវិញ នៅម្តុំស្ពានដែក ចម្ការដូង ក្រុងភ្នំពេញ។

នាងខៀវ សម្ផស្ស និងលោកសយ ប្រុញ ជាមួយកូន


លោកប្រុញ បន្តឱ្យដឹងទៀតថា មុខរបរបញ្ចូលហ្គាសនេះ មានភាពកាក់កបជាងស៊ីឈ្នួលធ្វើការឱ្យគេ និងស្រណុកខ្លួនទៀត។ ក្រោយមក លោកបានស្គាល់នារីម្នាក់ឈ្មោះខៀវ សម្ផស្ស អាយុ២៤ឆ្នាំ (ប្រពន្ធសព្វថ្ងៃ) មានទីលំនៅក្បែរនោះដែរ។ មុនដំបូងរវាងលោកនិងនាងសម្ផស្ស គ្រាន់តែជាម៉ូយបញ្ចូល ហ្គាសធម្មតាប៉ុណ្ណោះ តែក្រោយពីជួបមុខ និងបាននិយាយសាសងសម្តីគ្នា យូរៗទៅ ក៏ចាប់ចិត្តប្រតិព័ទ្ធជំពប់ស្នេហ៍លើគ្នា ធ្វើឱ្យបេះដូងកំលោះក្រមុំពួក លោកមានចរន្តស្នេហ៍រត់វេញត្របាញ់ចូលគ្នាជាធ្លុងមួយ ព្រមទាំងបានបណ្តើរ គ្នាដើរលេងសាងអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមរួមគ្នារាប់មិនអស់។ តែយ៉ាងណា ពេលនោះ គូស្នេហ៍ពួកលោកគោរពប្រពៃណីត្រឹមត្រូវ មិនជ្រុលជ្រួសខ្លួន ប្រាណឡើយ យ៉ាងច្រើនណាស់ បានត្រឹមតែឱបថើប ឬប៉ះពាល់គ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ក្នុងពេលពួកលោកបង្កាត់ភ្លើងស្នេហ៍នឹងគ្នា ឪពុកម្តាយស្រីសំណព្វចិត្ត ក៏ដឹងរឿងនេះដែរ ព្រមទាំងបើកភ្លើងខៀវឱ្យលោកនាំចាស់ទុំ ចូលស្តីដណ្តឹងតាមប្រពៃណីទៀតផង ដោយឪពុកម្តាយនាងបង្គាប់ថ្លៃទឹកដោះចំនួន៥៣០០ដុល្លារ ប៉ុន្តែឪពុកម្តាយរបស់លោកមានលទ្ធភាពត្រឹមតែ ៣ពាន់ដុល្លារប៉ុណ្ណោះ បើយល់ព្រមថ្លៃទឹកដោះប៉ុណ្ណឹង ពួកគាត់នឹងគិតគូរ រៀបការឱ្យពួកលោក ក្លាយជាប្តីប្រពន្ធតាមប្រពៃណីភ្លាម។

លោកសយ ប្រុញ

បុរសរូបនេះបន្តទៀតថា តាមពិតទៅ ឪពុកម្តាយនាងសម្ផស្ស មិនយល់ ពីមនោសញ្ចោតនារបស់កូនឡើយ គឺសម្លឹងឃើញប្រាក់ជាធំ សូម្បីតែ១០០ រៀលលុយខ្មែរ ក៏មិនចុះដែរ ក្រោមហេតុផលនៅទីក្រុង ប្រាក់៣ពាន់ដុល្លារ រៀបការមិនកើតឡើយ។ ចំណែកក្រុមគ្រួសាររបស់លោកខិតខំប្រមែប្រមូលលក់អស់ទ្រព្យសម្បត្តិ និងខ្ចីប្រាក់ ធនាគារបន្ថែមទៀត បានតែ៣ពាន់ដុល្លារប៉ុណ្ណោះ ដោយគិតថា បើឪពុកម្តាយខាងស្រីមិនព្រមលើកកូនឱ្យ បែបនេះ ក្រុមគ្រួសារលោកសុំដកថយមួយរយៈសិន។ តែយ៉ាងណា គូស្នេហ៍ពួកលោកនៅរក្សាចំណងស្នេហ៍ ផ្អែមល្ហែមដដែល លុះចាស់ទុំចរចាថ្លៃទឹកដោះគ្នាមិនត្រូវ និងមិនអាចរង់ចាំបានតទៅទៀត នាងសម្ផស្ស បានវេចបង្វេចរត់មករកលោកដល់ផ្ទះ និងដឹកដៃគ្នាចូលបន្ទប់ផ្សំដំណេកតែម្តង បើគិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំ ដោយនាងបង្កើតបានកូនប្រុសមានអាយុ៦ខែម្នាក់ ជាចំណងស្នេហ៍។

នាងខៀវ សម្ផស្ស និងកូន

នាងខៀវ សម្ផស្ស អាយុ២៤ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងមានផ្ទះនៅម្តុំស្ពានដែក ចម្ការដូង ដែល មានម្តាយឈ្មោះនុន សុខា អាយុ៤៤ឆ្នាំ និងឪពុកឈ្មោះខៀវ ចម្រើន អាយុ៥៥ឆ្នាំ និងមានជីវភាព ធូរធារសមរម្យ រហូតមានលទ្ធភាពទំនុកបម្រុងឱ្យនាងរៀនសូត្រជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទៀតផង។ នាងបានស្រលាញ់ប្តីរូបនេះ ដោយស្មគ្រ័ស្មោះមែន និងគោរពប្រពៃណីបានខ្ជាប់ខ្ជួន មិនបានប្រព្រឹត្តឱ្យជ្រុលជ្រួសទុំមុនស្រគាលឡើយ។ បន្ទាប់មក ប្រុសថ្លើមថ្លៃក៏បាននាំចាស់ទុំទៅចូលស្តីដណ្តឹងនាងដល់មេបាទៀតផង ដែលអាចបញ្ជាក់ថា ប្រុសស្នេហ៍ពិតជាស្រលាញ់នាងស្មោះមែន ប៉ុន្តែ ដោយសារឪពុកម្តាយទាំងសងខាងចរចាថ្លៃទឹកដោះមិន

ខ្ទមកំពុងធ្វើរបស់គូស្នេហ៍ទាំងពីរ

ត្រូវគ្នា ខុសគ្នាទៅដល់២ពាន់ដុល្លារ ទើបឪពុក ម្តាយខាងប្រុសបង្ខំចិត្តដកខ្លួនថយក្រោយសិន ធ្វើឱ្យ នាងទ្រាំនឹងភ្លើងស្នេហ៍ដុតរោលមិនបាន ក៏កាត់កេរ្តិ៍កាត់ ខ្មាសវេចបង្វេចរត់ទៅផ្សំដំណេកជាមួយសង្សារតែ ម្តង មិនខ្វាយខ្វល់អ្វីទាំងអស់ សំខាន់ឱ្យតែបានរួមរស់ជាមួយមនុស្សប្រុសដែលខ្លួនស្រលាញ់ គឺចប់រឿង។ ហើយពេលនេះ ត្បិតតែប្តីប្រពន្ធពួកនាងរស់ នៅក្នុងខ្ទមតូចចង្អៀត និងមានជីវភាពក្រខ្សត់មែន ប៉ុន្តែ ដំណើរជីវិតរស់នៅមានភាពកក់ក្តៅសុភមង្គលណាស់ ដែលពួកនាងចាត់ទុកថា រឿងមានក្រកើតក្រោយទេ សំខាន់ឱ្យតែខំប្រឹងធ្វើការរកប្រាក់ មិនភ័យរឿងដាច់ ពោះស្លាប់ឡើយ។

លោកយាយនាង ហេង

លោកយាយនាង ហេង ជាម្តាយ និងនាងសយ ស៊ូ ជាបងបានឱ្យដឹងស្របគ្នាថា តាមពិតទៅ ពួកគាត់ ចង់ឱ្យប្តីប្រពន្ធកូននេះ និងប្អូនរៀបការពេញច្បាប់ តាមប្រពៃណីណាស់ តែមកពីឪពុកម្តាយខាងស្រី បង្គាប់ថ្លៃទឹកដោះច្រើនពេក ដល់ទៅ៥៣០០ដុល្លារ ឯណោះ មិនព្រមចុះមួយកាក់មួយសេនទេ។ សម្រាប់ អ្នកស្រែចម្ការដូចជាពួកគាត់គ្មានលទ្ធភាពរកប្រាក់ឯ ណាបានច្រើនដល់ម៉្លឹងទេ ហើយបើពេលនោះ ឪពុកម្តាយរបស់នាងសម្ផស្ស ព្រមយកថ្លៃទឹកដោះចំនួន ៣ពាន់ដុល្លារ តាមលទ្ធភាពរបស់ពួកគាត់ ប្រហែល ជាប្តីប្រពន្ធកូននេះបានរៀបការពេញច្បាប់បាត់ទៅហើយ និងមិនកើតមានរឿងហេតុកូនស្រីចុះចោលផ្ទះ រត់មកផ្សំដំណេកជាមួយសង្សារនោះទេ។ តែយ៉ាងណា ពួកគាត់មិនចង់រំលឹកទេ នាំតែមានរឿងវែង ឆ្ងាយបែកអូរហូរស្ទឹង។

នាងសយ ស៊ូ

គួរបញ្ជាក់ថា ប្រាក់ថ្លៃទឹកដោះ គឺជារឿងសំខាន់ ណាស់សម្រាប់គ្រួសារខាងស្រី ព្រោះវាមិនត្រឹមតែ ផ្តល់មុខមាត់កិត្តិយសឱ្យគ្រួសារទេ ថែមទាំងធ្វើឱ្យ ពិធីមង្គលការដំណើរការរលូនទៀត មិនភ័យពេល រៀបការកូនហើយជំពាក់បំណុលចិន ប៉ុន្តែយ៉ាងណា ខាងស្រីគួរតែសិក្សាលើកូនស្រីរបស់ខ្លួន ដែលស្រលាញ់ គ្នាងប់ទៅហើយ និងក្រុមគ្រួសារខាងប្រុស ដែលគ្នាខ្សត់ខ្សោយ គ្មានលទ្ធភាពទៅរួចនោះ គួរតែបន្ធូរបន្ថយខ្លះទៅ ប្រយ័ត្នដូចពាក្យចាស់ពោលថា ចង់ចំណេញ ដាច់ចំណង…”៕