Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធប្រុងរត់ចោលប្តី កូនស្រីគំរាមសម្លាប់ខ្លួន

ប្រពន្ធប្រុងរត់ចោលប្តី កូនស្រីគំរាមសម្លាប់ខ្លួន

នារីម្នាក់នេះ កម្មក្រាស់ណាស់ តាំងពី រៀបការយកប្តីមក ត្រូវប្តីប្រើអំពើហិង្សា ធ្វើទារុណកម្ម រហូតមានស្លាកស្នាម របួសសុសសាច់ ធ្វើឱ្យប្រពន្ធទ្រាំ លែងបាន ក៏បម្រុងឱបបង្វេច រត់ចោលប្តីកំណាចរូបនេះ ទៅហើយ តែកូនស្រីគំរាមសម្លាប់ខ្លួន បើម្តាយមានះ ទៅចោលកូនស្រី…។

នាងអ៊ុន សារ៉ាន់ អាយុ៣៣ឆ្នាំ រស់នៅភូមិប្រា ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៧នាក់ ដែលម្តាយមានឈ្មោះនួន ផា អាយុ៥៩ឆ្នាំ ឪពុក ឈ្មោះផាយ អ៊ុន (ស្លាប់)។ កាលពីធំពេញវ័យ នាងបានរៀបការជាមួយបុរសម្នាក់ឈ្មោះលឿត ថៃ អាយុបងនាង៥ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា យកធ្វើប្តី រួមរស់ជាមួយគ្នាបង្កើតបានកូនស្រី៤នាក់ ជាចំណងនិស្ស័យ។ តាំងពីចាប់ដៃគ្នាជាគូជីវិតមក នាងរស់នៅមានសេចក្តីសុខតិចតួចបំផុត ថ្ងៃណាក៏ដូច ថ្ងៃណាដែរ បើកភ្នែកឡើងហូរទឹកភ្នែកជោកថ្ពាល់ ព្រោះតែប្តីជាមនុស្សកំរោលចូល គ្មានចេះពិចារណា ឱ្យបានវែងឆ្ងាយទេ ដឹងតែប្រើកម្លាំងបាយវាយតប់ ទាត់ធាក់លើរូបរាងកាយប្រពន្ធគ្មានអាសូរស្បែក។

លោកលឿត ថៃ និងនាងអ៊ុន សារ៉ាន់

នាងសារ៉ាន់ បន្តឱ្យដឹងថា កន្លងមក នាងធ្លាប់ ប្តឹងសមត្ថកិច្ចឱ្យកោះហៅប្តីទៅសាលាឃុំលែងលះ គ្នាដែរ ប៉ុន្តែម៉ែក្មេកអង្វរពេក និងចាស់ទុំនិយាយ ពន្យល់អប់រំផង ទើបនាងព្រមរួមរស់ជាមួយប្តីនេះ វិញរហូតមកដល់សព្វថ្ងៃ និងបង្កើតបានកូនស្រី៤ នាក់។ នាងបញ្ជាក់ថា កាលពីនាងប្តឹងឡើងសាលាឃុំ ប្តីផ្តិតមេដៃសន្យានៅតែលើបបូរមាត់ទេ លុះពេល មកដល់ផ្ទះចាប់ប្រពន្ធវាយទ្វេឡើង ធ្វើឱ្យនាងទ្រាំរួមរស់ជាមួយប្តីកំណាចរូបនេះមិនបាន បម្រុងវេចបង្វេច រត់ចោលប្តី ប៉ុន្តែកូនស្រីៗអង្វរកុំឱ្យទៅណាឆ្ងាយពី ពួកគេ បើនាងហ៊ានរត់ចោល កូនស្រីនឹងចងកធ្វើអត្តឃាត មិនចង់រស់នៅតទៅទៀតទេ។ ម៉្លោះហើយ ទើបនាងទ្រាំលេបក្រួសលេបថ្មមកទល់សព្វថ្ងៃ និងរស់ នៅដោយការភិតភ័យជាមួយកូនៗ។

នាងអ៊ុន សារ៉ាន់

នាងសារ៉ាន់ បន្តទៀតថា បើប្តីទៅចម្ការមិននៅផ្ទះ ម្តាយកូនពួកនាងរស់នៅសប្បាយ ចិត្តបន្តិច តែបើប្តីមិនទៅណា ពួកនាងរស់នៅទាំងភ្នែកសេកភ្នែករលក ព្រោះឱ្យតែប្តីឃ្នើស ចិត្តបន្តិច ច្បាស់ជាទាញដំបងវាយដំប្រពន្ធកូនរត់មិនសព្វដីជាមិនខាន។ សូម្បីតែកូនស្រី ធំពេញក្រមុំទៅហើយ ក៏ឪពុកកំណាចរូបនេះវាយដែរ ធ្វើឱ្យកូនស្រីខ្មាសមិត្តភក្តិ និងអ្នកស្រុកជាខ្លាំង។ ប្តីឡប់សតិរូបនេះ មិនត្រឹមតែពូកែរករឿងឈ្លោះ និងប្រើអំពើហិង្សា លើប្រពន្ធកូនទេ ថែមទាំងកើតរោគប្រចណ្ឌរកលេខដាក់គ្មានទៀត ប្រពន្ធដើរទៅណា ឆ្ងាយមួយជំហានមិនបានឡើយ ដឹងតែមានរឿង ហើយស្រួលមិនស្រួលប្តីចាប់វាយ ប្រពន្ធក្នុងចំណោមមនុស្សទាំងហ្វូងទៀត មិនទុកមុខមាត់កិត្តិយស ឱ្យនាងឡើយ។ សព្វថ្ងៃនេះនាងមិនហ៊ាននិយាយជាមួយប្រុសៗជាអ្នកភូមិផងរបង ជាប់គ្នាតែ២នាក់តទល់ទេ ទាល់តែមានមនុស្សស្រីម្នាក់ទៀតទើបបាន ព្រោះនាងដឹងពី ចរិតរបស់ប្តីកំណាចនោះច្បាស់ណាស់ ពុំនោះទេ ច្បាស់ជាត្រូវឈឺសាច់ឥតប្រយោជន៍។ នាងមិនលាក់បាំងទេ ចាប់តាំងពីយកប្តីនេះមក រាងកាយរបស់នាងស្ទើរតែគ្រប់ទីកន្លែង សុទ្ធតែមានស្នាមរបួសក្រោមស្នាដៃប្តី ហើយសព្វថ្ងៃនេះនាងទ្រាំរួមរស់ជាមួយប្តី នេះ ដើម្បីតែកូនស្រីប៉ុណ្ណោះ។

អ្នកស្រីមាឃ រឿន និងនាងអ៊ុន សារ៉ាន់

យុវតីថៃ វើន អាយុ១៦ឆ្នាំ ជាកូនបានឱ្យដឹងថា នាង ក៏ត្រូវព្រនង់របស់ឪពុក មិនចាញ់ម្តាយប៉ុន្មានឡើយ ឪពុករបស់នាងមិនចេះនិយាយរកហេតុផល ឬប្រើពាក្យសម្តី ទន់ភ្លន់ទេ ពោលគឺដឹងតែគំរាមសម្លុត និងប្រើដៃជើង លើប្រពន្ធកូន។ ក្នុងរយៈពេល២ឆ្នាំមកនេះ នាងមិន ដែលហ៊ានមើលឪពុកចំទេ ឱ្យតែគាត់ស្រែកហៅម្តងៗ នាងភិតភ័យញ័រខ្លួនចំប៉្រប់ដូចកូនសត្វអ៊ីចឹង។ ហេតុផលទាំងអស់នេះហើយបានជាម្តាយចង់ឱបបង្វេច រត់ចោលឪពុក ទៅរស់នៅកន្លែងឆ្ងាយមួយ ដើម្បីរំដោះ ខ្លួនចេញពីរណ្តៅកម្មនេះ ប៉ុន្តែសម្រាប់ពួកនាងវិញ បើអស់ពីម្តាយទៅ ក៏មិនចង់រស់នៅលើលោកដ៏សែន អាប់អួនេះតទៀតឡើយ ទើបអង្វរសុំចិត្តម្តាយ កុំទៅរស់នៅឯណាឆ្ងាយពីពួកនាង គឺមានតែម្តាយម្នាក់ទេ ដែលផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តឱ្យកូនៗ។

យុវតីថៃ វើន

នាងបញ្ជាក់ថា បើឪពុកត្រឡប់មកពីផឹកស្រាស្រវឹងជោកជាំ ម្តាយកូនពួកនាង មិនហ៊ាននៅផ្ទះទេ នាំគ្នារត់ទៅសម្ងំពួនក្នុងព្រៃនៅខាងក្រោយផ្ទះឱ្យមូសស៊ី ទាល់តែ ឪពុកដេកលក់ស្រមុកខុរ ទើបត្រឡប់ចូលផ្ទះដែរ។ សព្វថ្ងៃនេះ នាងរស់នៅតូចចិត្តនឹង វាសនាខ្លួនឯងណាស់ មិនដឹងជាមានសម្ពាយកម្មអ្វីបានជាមកជួបឪពុករបៀបនេះ នាងអៀនខ្មាសមិត្តភក្តិ និងអ្នកស្រុកណាស់ មិនចង់ ហ៊ាននិយាយស្តីជាមួយពួកគេទេ ហើយក៏មិនដឹង ជាថ្ងៃណា ដែលម្តាយកូនពួកនាងបានរួចផុតពីព្យុះ ជីវិតនេះដែរ។
ដោយឡែក លោកលឿត ថៃ អាយុ៣៨ឆ្នាំ ជាប្តី និងឪពុក បានចូលព្រៃដាក់អន្ទាក់សត្វបាត់ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយ បានទេ ព្រោះជាទម្លាប់របស់អ្នកស្រុកទៅដាក់អន្ទាក់ សត្វ ៥ទៅ៧ថ្ងៃ ទើបត្រឡប់មកផ្ទះវិញ តែយ៉ាងណា យើងនឹងរង់ចាំការប្រតិកម្មរបស់លោកជានិច្ច។
អ្នកស្រីមាឃ រឿន ជាអ្នកសម្របសម្រួលអំពើ ហិង្សាក្នុងគ្រួសារប្រចាំភូមិ បានឱ្យដឹងថា ប្តីរបស់ នាងអ៊ុន សារ៉ាន់ ប្រៀបដូចជាមនុស្សកំរោលចូល អ៊ីចឹង តែងប្រើអំពើហិង្សាវាយតប់ទាត់ធាក់ប្រពន្ធ ជាប្រចាំ និងមិនស្តាប់ការអប់រំរបស់អាជ្ញាធរឡើយ។ គាត់គ្មានមធ្យោបាយអប់រំរូបគេទេ គឺមានតែប្រគល់ រឿងនេះ ឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រចាំឃុំយកបុរស រូបនោះទៅអប់រំ ឬចាត់ការតាមផ្លូវច្បាប់ទៅចុះ។

អ្នកស្រុកមួយចំនួនទៀត បានសម្តែងនូវទឹក ចិត្តអាណិតអាសូរ ដល់ម្តាយកូននាងសារ៉ាន់ ណាស់ ដែលត្រូវរងកម្មក្រោមស្នាដៃប្តី និងឪពុកកំណាចរូប នេះគ្មានលស់ថ្ងៃ សូម្បីតែអាជ្ញាធរមូលដ្ឋាន ក៏គ្មាន មធ្យោបាយជួយពួកគេដែរ។ ពួកគាត់សំណូមពរដល់ មន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាមានវិធានការណ៍ណាមួយ លើបុរសជាប្តីរូបនេះផង ព្រោះបើបណ្តោយឱ្យគេ យកច្បាប់ព្រៃមកអនុវត្តលើប្រពន្ធកូនដូចពេលនេះ តទៅទៀត នៅថ្ងៃណាមួយច្បាស់ជាមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រពន្ធ កូនជាមិនខាន…”៕

RELATED ARTICLES