Thursday, April 25, 2024
Homeព័ត៌មានជាតិលែងប្តីប្រចណ្ឌ វ័ណ្ឌកប្តីគេ

លែងប្តីប្រចណ្ឌ វ័ណ្ឌកប្តីគេ

សុភាសិតថា “ចោលសាច់ស្រវាឆ្អឹង” ឬ “ចាក់អង្ករយកអង្កាម” ពិតជាចង់ប្រដៅមនុស្ស ឱ្យប្រុងប្រយ័ត្នការលែងលះគ្នា ឬលែងប្តីខាន់ស្លា ស្រវាប្តីគេ ច្បាស់ជាមានផលវិបាក។ យ៉ាងណាមិញ ស្ត្រីម្នាក់នេះ ខឹងប្តីដើមពូកែប្រចណ្ឌពេក ក៏លែងលះគ្នាទៅ រួចក៏ក្លាយជាប្រពន្ធចុងគេ ឃើញថាមិនស្រួលទេ បើសិនជាប្រពន្ធរបស់ ប្តីនោះតាមរករឿង…។

នាងអួក ស្រីណាល់ អាយុ៣០ឆ្នាំ រស់នៅភូមិ ត្រពាំងអម្ពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា រូបនាងជាកូនទី២ ក្នុងចំណោមបង ប្អូន៦នាក់ ឪពុកឈ្មោះឯក ស្មាល អាយុ៥៤ឆ្នាំ ម្តាយ ឈ្មោះហង្ស នាត អាយុ៥៥ឆ្នាំ។ កាលពីតូច នាងរៀន សូត្រត្រឹមចប់សាលាបឋមសិក្សាក៏ឈប់ទៅ ព្រោះរៀនមិនចូល បន្ទាប់មកក៏នៅតែផ្ទះជួយការងារស្រែ ចម្ការឪពុកម្តាយ។ លុះពេញវ័យក្រមុំ ឪពុកម្តាយបាន លើកនាងឱ្យមានប្តីឈ្មោះហ៊ី ផា អាយុបងនាង១៥ឆ្នាំ ឯណោះ ដោយមើលឃើញពីសមត្ថភាពបុរសនោះ ពូកែរកស៊ី។ បន្ទាប់ពីរៀបការរួចមក នាងធ្លាប់ ចេញទៅធ្វើការរោងចក្របាន៣ខែដែរ តែប្តីមិនចង់ឱ្យ នាងនឿយលំបាក ក៏ឱ្យនៅតែផ្ទះ ដោយរូបគេធានា

លោកហ៊ី ផា និងនាងអួក ស្រីណាល់

ចេញធ្វើការរកស៊ីចិញ្ចឹម។ ប្តីនេះមានមុខជំនាញខាង សំណង់ ឯរូបនាងជំនាញតែខាងដកស្ទូងច្រូតកាត់ ប៉ុណ្ណោះ ដោយរួមរស់ជាមួយគ្នាបង្កើតបានកូន២នាក់ (ប្រុស១ ស្រី១) ដែលមុនដំបូងស្គាល់តែសុភមង្គល ឥតរឱស្ឋាន។
នាងអួក ស្រីណាល់ បន្តទៀតថា នៅពេលរូបនាង រស់ស្រណុកសុខស្រួល ស្រាប់តែមានអ្នកជិតខាង ច្រណែនឈ្នានីស លួចអុជអាលញុះញង់ប្តីនាងថា នាងជាស្រីចិត្តងាយ ពេលប្តីចេញពីផ្ទះក៏លួចមាន ប្រុសសហាយនាំទៅដេកលើផ្ទះ។ ជាទម្លាប់ ប្តីនោះ ចេញធ្វើសំណង់ពីរ-បីខែទើបមកផ្ទះម្តង លុះមានគេផ្លុំត្រចៀកបែបនេះ ក៏ចេះតាមដានគ្រប់សកម្មភាព របស់នាង ដែលពីមុនមិនធ្លាប់មាន។ ចំណែករូប នាងមិនដឹងថា ប្តីតាមដានទេ ឱ្យតែមានប្រុសណា មកលេងផ្ទះ ក៏និយាយលេងសើចជាមួយគេ ជួនកាល ហ៊ានទាំងតោងដៃតោងជើង ចាក់ចង្កេះគេលេង បណ្តាលឱ្យប្តីសង្ស័យកាន់តែខ្លាំង។ លុះសង្ស័យយូរៗ ទៅ ក៏ចាប់ផ្តើមប្រចណ្ឌតែម្តង ដោយគេស្តីបន្ទោស នាងថា ពេលប្តីធ្វើសំណង់ស្រុកឆ្ងាយ នាងនាំសហាយ មកដេករង្គើផ្ទះ។

នាងអួក ស្រីណាល់

នាងស្រីណាល់ បន្តទៀតថា ប្តីបានទាំងសំអាង ហេតុផលថា មានអ្នករាយការណ៍ច្បាស់ណាស់ គេមិនចេះតែចោទនាងដោយគ្មានភ័ស្តុតាងនោះឡើយ។ នាងក៏តបតវិញថា ឱ្យបង្ហាញមុខអ្នករាយការណ៍នោះ មក នាងនឹងសួរឱ្យដឹងសខ្មៅ ប៉ុន្តែប្តីមិនព្រមបង្ហាញទេ បណ្តាលឱ្យរឿងរ៉ាវកាន់តែផ្ទុះធំទៅៗ។ ក្រោយមក ស្រាប់តែប្តីបែកគំនិតលួចមានស្រីក្មេងកំដរអារម្មណ៍ ដើម្បីបញ្ឈឺនាងពីរឿងមានប្រុស ដែលតាមពិត នាង ជាស្រីស្មោះត្រង់នឹងប្តីណាស់ មិនភ្លើតភ្លើននឹង តណ្ហានោះទេ។ ឯមនុស្សដែលលួចប្រាប់ប្តីនាង ក្នុងបំណងតែមួយ គឺបំបែកបំបាក់គ្រួសារនាងតែប៉ុណ្ណោះ គឺបើសិនជាស្គាល់មុខច្បាស់ នាងនឹងប្តឹងអ្នកចាក់រុក នោះហើយ។ ជម្លោះគ្រួសារចេះតែកើតឡើងមិនចេះ ចប់ រហូតផ្សះផ្សាលែងបាន ក៏សម្រេចចិត្តចែកផ្លូវគ្នា ដើររៀងៗខ្លួន ដោយមានអាជ្ញាធរដឹងឮ និងចែកទ្រព្យ សម្បត្តិគ្នាម្នាក់ពាក់កណ្តាល ដោយលក់ដីលក់ផ្ទះ យកលុយចែកគ្នា។

លោកហ៊ី ផា និងនាងអួក ស្រីណាល់ (កាលថ្ងៃរៀបការ)

នាងស្រីណាល់ បន្ថែមថា បន្ទាប់ពីធ្លាក់ខ្លួនមេម៉ាយមក ក៏មានបុរសម្នាក់ឈ្មោះង៉ុក ជាមនុស្សមាន ប្រពន្ធនិងកូន២នាក់ បានមកលួងលោមសុំស្នេហ៍ ពីនាង ដោយសន្យាយកនាងធ្វើប្រពន្ធចុង និងជួយ ចិញ្ចឹមនាងមិនឱ្យនឿយលំបាកទេ។ ដោយសារគ្មាន ជម្រើស ណាមួយឈឺចិត្តនឹងប្តីដើមជឿតាមគេផងនោះ នាងក៏យល់ព្រមធ្វើប្រពន្ធចុងគេទៅ ប៉ុន្តែ សព្វថ្ងៃកំពុងពិបាកចិត្តខ្លាចប្រពន្ធដើមគេតាមរករឿង។ នាងមិនចង់ក្លាយជាប្រពន្ធចុងគេទេ តែមនុស្សទាល់ ច្រកដូចនាង មិនដឹងជាដោះស្រាយយ៉ាងណា ក៏ប្រថុយ ចាក់អង្ករយកអង្កាមយ៉ាងនេះទៅ។ នាងកំពុងពិចារណាថា បើសិនជាមានកំលោះ ឬពោះម៉ាយណា ទោះជា សក់ស្កូវក៏ដោយចុះ ពេញចិត្តនឹងរូបនាង ចង់សង្គ្រោះ នាងឱ្យផុត ពីឋានៈប្រពន្ធចុងគេ នាងផ្តាច់ខ្លួនពីប្តីឈ្មោះ ង៉ុក នោះភ្លាម។ ហេតុនេះបើមានតាពោះម៉ាយណា ចាប់អារម្មណ៍ នាងនឹងយល់ព្រមភ្លាម គឺមិនសុខចិត្ត រស់ចង្អៀតចិត្តដូចពេលនេះទេ។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកហ៊ី ផា អាយុ៤៥ឆ្នាំ ជាប្តីមុនរបស់នាង បានឡើយ គ្រាន់តែដឹងថា បុរសនេះ មានប្រពន្ធក្មេងម្នាក់ទៀត ក្រោយពេលលែងលះជាមួយនាងស្រីណាល់។
អ្នកស្រីហង្ស នាត អាយុ៥៥ឆ្នាំ ជាម្តាយបានឱ្យដឹងថា រឿងអតីតកូនប្រសាឈ្មោះហ៊ី ផា ជឿតាមគេ ចេះតែចោទប្រកាន់កូនស្រីគាត់នោះ ជារឿងមិន ពិតទេ នេះហេតុតែអ្នកញុះញង់នោះច្រណែនឈ្នានីស ក៏រករឿងបំបែកបំបាក់សុភមង្គលគ្រួសារគេ។ ទីបំផុត បែកមែនដោយសារកូនប្រសានោះ ប្រចណ្ឌប្រពន្ធ និងរករឿងមិនឈប់ រហូតដល់ចែកផ្លូវគ្នាដើរទៅ។ គាត់មិនចង់ឱ្យស្រីណាស់ ក្លាយជាប្រពន្ធចុងគេទេ គឺមិនខុសពីចោលសាច់ស្រវាឆ្អឹង ហើយសព្វថ្ងៃ គាត់តែងណែនាំកូនស្រីឱ្យដកខ្លួនពីជីវិតប្តីគេ ដើម្បីសាងអនាគតថ្មីវិញ។

អ្នកស្រីហង្ស នាត

ចំណែកអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនេះចិត្តខ្លាំងដូចគ្នា តែយើងជាប្រពន្ធ បើដឹងថាប្តីប្រចណ្ឌ ត្រូវធ្វើឱ្យស្លូតនោះអត់អីទេ តែ នាងស្រីណាល់ ចង់ឈ្នះប្តី ទើបកើតជាជម្លោះ រហូតចែកផ្លូវគ្នាដើរ។ នាងលែងប្តីខាន់ស្លា ស្រវាប្តីគេនោះ មិនស្រួលទេ ប្រយ័ត្នគ្រោះថ្នាក់ដោយប្រការណាមួយ ហេតុនេះបើអាចដកខ្លួនថយទាន់ពេលវេលាជាការល្អណាស់ ត្រូវឈប់ទាក់ទងប្តីគេតទៅទៀត ក្រែងមានសំណាងបានប្តីកំលោះ។

អ្នកស្រីឆាយ ណាត់

គួរបញ្ជាក់ថា ទាល់តែទះដៃពីរទើបឮ ឬថា មកពីប្តីប្រពន្ធចង់ឈ្នះគ្នា ទើបដាច់ដោចបែបនេះ។ ទោះយ៉ាងណា ភាគីប្តីដើម ដែលបែកទៅមានប្រពន្ធ ថ្មីទៀតនោះ មិនសូវមានបញ្ហាទេ តែភាគីប្រពន្ធដែលយកប្តីគេ ដើម្បីបញ្ឈឺប្តីដើមនោះ ផ្តល់ផលវិបាកធ្ងន់ធ្ងរណាស់ គួរតែដកខ្លួនថយឱ្យទាន់សភាពការណ៍ទើបប្រសើរ…”៕

RELATED ARTICLES