ប្រពន្ធភ្លេចខ្លួន មិត្តស្រីដណ្តើមប្តីបាត់

0
360

ស្រមោច និងស្ករ បើទុកនៅក្បែរគ្នា គង់មានថ្ងៃណាមួយស្រមោច លួចស៊ីស្ករ ជាមិនខាន។ យ៉ាងណាមិញ នារីម្នាក់នេះ បានរាប់អាននារីម្នាក់ ធ្វើជាក្លើម្រាក់ តែងចេញចូល បន្ទប់គ្នាព្រឹកល្ងាច បានចំណីមួយម៉ាត់ ក៏ហែកចែកគ្នាហូបដែរ តែដឹងអី! ពេល នាងភ្លេចខ្លួន ស្រាប់តែមិត្តស្រីនោះ លួចសហាយស្មន់ជាមួយប្តី យ៉ាងត្រេកត្រអាល ជាញឹកញាប់រាប់ភ្លេច ទីបំផុតមិត្តស្រីនោះ ដណ្តើមប្តីនាង ដោយពង្រត់គ្នាទៅបាត់ស្រមោល…។

នាងខាំ ឃុន អាយុ៣៣ឆ្នាំ រស់នៅភូមិភ្ញាកំពិស ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងមានម្តាយឈ្មោះម៉ៅ ឪពុកឈ្មោះឆាំ (ស្លាប់ទាំង២នាក់) រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស៣ ស្រី២)។ កាលពីក្មេង នាងមិនបានរៀនសូត្រជ្រៅជ្រះនឹងគេទេ ដោយនៅ ផ្ទះជួយធ្វើការងារឪពុកម្តាយ។ ចូលដល់វ័យក្រមុំ នាងបានបង្កាត់ ភ្លើងស្នេហ៍ជាមួយកំលោះម្នាក់ ឈ្មោះពៅ នឿន អាយុស្របាលគ្នា និងជាអ្នកភូមិជាប់គ្នាយ៉ាងផ្អែមល្ហែម ដូចស្រមោចនិងស្ករ រហូតបានជ្រុលជ្រួសហួសគន្លងប្រពៃណី ប្តូរសាច់ប្តូរឈាមគ្នា ទៀតផង។ លុះថ្លោះធ្លោយពោះធំ២ខែ ទើបរឿងអាស្រូវស្នេហ៍នេះ បែកធ្លាយដឹងដល់ឪពុកម្តាយ ធ្វើឱ្យពួកគាត់ខឹងសម្បា លើរូបនាងជាខ្លាំង ដែលយកកិត្តិយសគ្រួសារទៅជាន់ ឈ្លីបែបនេះ។ តែយ៉ាងណា ចាស់ទុំបានចាប់ គូស្នេហ៍ពួកនាងសែនព្រេនមួយព្រឹកបង្គ្រប់កិច្ច ឱ្យគូសង្សារពួកនាងក្លាយជាប្តីប្រពន្ធនឹង គ្នាតាមប្រពៃណី ស្តារកិត្តិយសគ្រួសារឡើងវិញ កាលពីឆ្នាំ២០១៦។ ក្រោយពីចាប់ដៃគ្នា និងបង្កើត កូនរឹងសរសៃសរសូងដៃ ជើង ប្តីប្រពន្ធនាងបាន នាំគ្នាទៅជួលបន្ទប់ស្នាក់នៅទីក្រុងភ្នំពេញ ចូលធ្វើការរោងចក្រទាំងពីរនាក់ យកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារ។

នាងខាំ ឃុន បង្ហាញរូបថតប្តី

នាងខាំ ឃុន បន្តទៀតថា ក្រោយពីធ្វើការរោងចក្របានមួយរយៈ នាង បនារាប់អានជាមួយនារីម្នាក់ឈ្មោះហុង មានស្រុកកំណើតនៅភូមិត្រពាំង ដងទឹក នៅក្នុងខេត្តកំពង់ស្ពឺ ដែលបានទៅធ្វើការរោងចក្រ និងជួលបន្ទប់ ស្នាក់នៅជាប់គ្នា។ បន្ទាប់មកទំនាក់ទំនងរវាងនាងនិងនាងហុង ស្រលាញ់ រាប់អានគ្នាធ្វើជាម្រាក់ក្លើយ៉ាងស្អិតល្មួត ចេញចូលបន្ទប់គ្នាព្រឹកល្ងាច សូម្បីតែបានចំណីមួយម៉ាត់ ក៏ហែកចែកគ្នាហូបដែរ។ ជាងនេះទៅទៀត ពេល ប្តីនាងត្រឡប់មកលេងស្រុកកំណើត នាងតែងទៅដេកក្នុងបន្ទប់ជាមួយនាង ហុង ពុំនោះទេ នាងហុង មកដេកក្នុងបន្ទប់ជាមួយនាង។ តែពេលនោះ នាងក៏មិនធ្លាប់ព្រួយបារម្ភរវាងក្លើស្រី និងប្តីរបស់នាងអាចមានទំនាក់ទំនងអ្វីលើសពីមិត្តភាពបានដែរ ព្រោះពួកនាងស្រលាញ់រាប់អានគ្នាតាំងពី អំឡុងពាក់កណ្តាលឆ្នាំ២០១៥ មកម៉្លេះ មិនដែលកើតមានរឿងអ្វីដែលធ្វើឱ្យមិត្តភាពពួកនាង ប្រេះឆាម្តងណាឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្តីរបស់នាងនិងមិត្តស្រីរូបនេះ ហាក់បីដូចជាប្លែកណាស់ មិនព្រមធ្វើការថែមម៉ោងឡើយ តែងចេញមកបន្ទប់ស្នាក់នៅវិញបាត់។ រីឯរូបនាង ព្រោះតែចង់បានប្រាក់ខែច្រើនយកមកទ្រទ្រង់ជីវភាព ក៏នៅធ្វើការ ថែមម៉ោងដល់៩-១០យប់ ទើបចេញពីរោងចក្រមកសម្រាក ហើយក៏មិននឹក ស្មានថា ប្តីនិងមិត្តស្រីលួចមានសហាយស្មន់នឹងគ្នាដែរ ព្រោះនៅចំពោះមុខនាងជាប្រពន្ធ ពួកគេទាំងពីរនាក់ធ្វើធម្មតា មិនមានចំណុចណាគួរឱ្យសង្ស័យឡើយ។

លោកពៅ នឿន

ស្ត្រីជាប្រពន្ធរូបនេះបន្តទាំងឈឺចាប់ថា មានល្ងាចមួយ ប្តីនិងមិត្តស្រីនោះ ចេញមកធ្វើការវិញ ជាធម្មតា រីឯនាងបន្តធ្វើការថែមម៉ោងទៀត។ តែចៃដន្យមួយ សន្ទុះក្រោយមក ស្រាប់តែនាងមានអាការចុកឆ្អល់ពោះ មិនអាចធ្វើការបាន ក៏សុំប្រធានគ្រប់គ្រងចេញមុនម៉ោង។ នៅពេលមកដល់បន្ទប់ជួល មិនឃើញប្តីនៅ ក្នុងបន្ទប់ឡើយ ដោយចាក់សោពីខាងក្រៅជាប់ ទើបនាងដើរទៅបន្ទប់ ជួលរបស់នាងហុង។ លុះពេលយកដៃរុញបើកទ្វារ ស្រាប់តែពុទ្ធោអើយ! ឃើញប្តីនិងមិត្តស្រីរូបនេះ កំពុងនៅលើគ្រែជាមួយ គ្នាទាំងអាក្រាតកាយទាំងពីរនាក់ ធ្វើឱ្យនាងរន្ធត់ចិត្តជា ខ្លាំង មិនគួរណាប្តីដែលនាងស្រលាញ់ពេញក្នុងបេះដូង និងមិត្តស្រី ដែលទុកចិត្តបំផុត លួចសហាយស្មន់ ជាមួយគ្នានៅពីក្រោយខ្នងនាងរបៀបនេះសោះ តើ ឱ្យស្រីណាទ្រាំនឹងការឈឺចាប់នេះបាននោះ? ពេល នោះប្តីជើងល្អខំនិយាយលួងលោមចិត្តនាង ឱ្យនាងអភ័យទោសឱ្យពួកគេ ហើយគេសុំយកពួក នាងទាំងពីរ ពោលគឺទាំងដើមទាំងចុង ប៉ុន្តែនាង មិនអាចទទួលយកសំណើរបស់ប្តីក្បត់ចិត្ត រូបនេះបានឡើយ ហើយក៏រត់មកបន្ទប់ជួល របស់ខ្លួន សំងំដេកយំក្តុកក្តួលតែម្នាក់ឯង។ លុះព្រឹកឡើងមិនទាន់ផង ប្តីក្បត់ចិត្ត និងក្លើជើងល្អ រូបនោះ បានវេចបង្វេចពង្រត់គ្នាទៅបាត់ស្រមោល មិនដឹងជានាំគ្នាទៅសម្ងំសាងក្បូនស្នេហ៍នៅទីកន្លែងណា បើគិតមកដល់ពេលនេះមានរយៈពេល១ខែជាងមកហើយ។

នាងហុង

នារីអភ័ព្វស្នេហ៍រូបនេះ បញ្ជាក់ថា តាមពិតទៅ ក្លើជើង ល្អដណ្តើមប្តីនាងនោះ គេមានអាយុក្មេងជាងនាង រីឯរូប សម្រស់ក៏មិនអន់ដែរ ទើបធ្វើឱ្យប្តីរបស់នាងទ្រាំនឹងសម្រស់ របស់ក្លើនាងមិនបាន ក៏ហ៊ានក្បត់ចិត្តប្រពន្ធបែបនេះទៅ។ ហើយនាងយល់ថា កំហុសទាំងនេះ គឺមកពីនាងខ្លួនឯង ដែល ជឿទុកចិត្តមិត្តស្រី និងប្តីពេក ទើបឱ្យពួកគេមានឱកាសបង្កាត់ ភ្លើងស្នេហ៍ជាមួយគ្នាបាន។ តែយ៉ាងណា នាងនៅតែរឹងមាំ ខំប្រឹងធ្វើការរកប្រាក់មកចិញ្ចឹមកូនដដែល មិនបណ្តោយ ខ្លួនឱ្យទន់ជ្រាយ ដេកផ្សំដួលរមួលផ្សំគ្រេច ឬគិតអ្វី ផ្តេសផ្តាសឡើយ។

ផ្ទះនាងខាំ ឃុន

លោកយាយស្រី នាង អាយុ៨០ឆ្នាំ អ្នកស្រីសាង ម៉ាក់ អាយុ៥៣ឆ្នាំ និងអ្នកស្រីហិន សុភាព អាយុ៤១ឆ្នាំ បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនសូវ ជាដឹងរឿងរ៉ាវប្តីប្រពន្ធរបស់នាងខាំ ឃុន ច្បាស់ប៉ុន្មាន ឡើយ ព្រោះប្តីប្រពន្ធពួកគេទៅជួលបន្ទប់ស្នាក់ធ្វើការ រោងចក្រនៅឯទីក្រុងភ្នំពេញ បាត់ៗ យូរៗ ពេលមាន រដូវបុណ្យទាន ទើបឃើញនាំគ្នាត្រឡប់មកលេងស្រុក កំណើតម្តង តែចុងក្រោយនេះ ពួកគាត់ឃើញនាង ឃុន ជាប្រពន្ធត្រឡប់មកផ្ទះតែម្នាក់ឯង ជាមួយទឹក មុខស្រងូតស្រងាត់ជានិច្ច លុះពេលបងប្អូនញាតិ ជិតខាងសួរនាំទៅ ទើបដឹងថា ប្តីរត់តាមស្រីស្នេហ៍

លោកយាយស្រី នាង

បាត់ទៅហើយៗ ស្រីស្នេហ៍របស់ប្តីដែលពង្រត់គ្នាទៅ នោះ គ្មាននរណាក្រៅពីមិត្តភក្តិជិតស្និទ្ធរបស់នាង ឃុន ដែលរួមសុខរួមទុក្ខ ហូបបាយចានតែមួយ ជាមួយគ្នានោះឡើយ ដែលមកដណ្តើមប្តីរបស់នាង ដូចពាក្យមួយឃ្លាពោលថា “មនុស្សស្គាល់មុខមាត់ តែមិនអាចស្គាល់ចិត្តគំនិតឡើយ”។ ពួកគាត់បន្តទាំង ហួសចិត្តថា នាងហុង នោះហាក់ដូចជាខ្លាចគ្មានប្រុស ណាស្រលាញ់អ៊ីចឹង ប្រុសគរគោកមិនស្រលាញ់ បែរ ជាមកដណ្តើមប្តីមិត្តរបស់ខ្លួនទៅវិញ។ តែយ៉ាងណា នៅក្នុងសង្គមខ្មែរយើងជឿលើកម្មផលណាស់ ធ្វើ ល្អបានផលល្អ ធ្វើអាក្រក់បានផលអាក្រក់ នៅថ្ងៃណា មួយ អ្វីដែលនាងហុង ធ្វើអំពើបាបនៅថ្ងៃនេះ នឹង ហុចផលអាក្រក់មកឱ្យវិញជាមិនខាន។

អ្នកស្រីសាង ម៉ាក់

គួរបញ្ជាក់ថា ករណីមិត្តភក្តិដណ្តើមប្តី ឬប្រពន្ធនេះ តែងកើតមានជាហូរហែនៅក្នុងសង្គមខ្មែរ ព្រោះ តែប្តីឬប្រពន្ធទុកចិត្តមិត្តស្រី ឬមិត្តប្រុសនោះខ្លាំងពេក បណ្តែតបណ្តោយឱ្យពួកគេស្និទ្ធស្នាលជាមួយគ្នា ពេក រហូតភ្លើងតណ្ហាឆាបឆេះឡើង ធ្វើឱ្យមោហ៍បាំង ជញ្ជាំងបិទ ប្រព្រឹត្តខុសសីលធម៌តែម្តង។

អ្នកស្រីហិន សុភាព

ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយក ព័ត៌មានយើងមិនអាចទាក់ទងលោកពៅ នឿន និង នាងហុង ដែលរងការចោទប្រកាន់ជាសហាយស្មន់ នឹងគ្នានោះសុំការបកស្រាយបានទេ តែយ៉ាងណា យើងនឹងរង់ចាំអ្នកទាំងពីរមកបកស្រាយជានិច្ច…”៕