អតីតសមាជិកព្រឹទ្ធសភា ក្លាយជាអ្នករត់តុគុយទាវឲ្យសិុន រ៉ូហ្សេត

0
324

ខេត្តបាត់ដំបង ៖ លោកសោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងជាអតីតប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ក្នុងបញ្ជីខ្មៅហាមឃាត់ធ្វើសកម្មភាពនយោបាយជាមួយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ទៀតនោះ ក្រោយបាត់បង់តំណែងអស់ បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាស្ថាពរនោះ ពេលនេះ លោកបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលជាមួយការងារថ្មីជាអ្នករត់តុនៅក្នុងអាហារដ្ឋានដែលទើបបើកថ្មីរបស់ក្រមុំអតីតចៅសង្កាត់អូរចារ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោកសោ ចាន់ដេត បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្តីពីសកម្មភាពការងារថ្មីរបស់លោកនៅអាហារដ្ឋាន “រ៉ូហ្ស៊េត” ជាមួយសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ព្រឹកនេះ ទទួលបានតំណែងបីទៀតបន្ថែម! ជាការពិតណាស់ ធ្វើការងារនៅកន្លែងណាក៏ដោយ ឱ្យតែមានខ្សែ គឺឡើងតំណែងលឿនណាស់។ ដូចព្រឹកនេះ ខ្ញុំបានគេប្រគល់តំណែងឱ្យបីទៀត (១-រៀបចំនំដាក់ទូ ២-ប្រមូលចាន និង៣-លាងកែវកាហ្វេ)”។

ទោះជាយ៉ាងណា លោកសោ ចាន់ដេត បញ្ជាក់ថា ការងាររត់តុនេះ លោកស្ម័គ្រចិត្តបម្រើជូនអតីតមេឃុំ ចៅសង្កាត់អតីតគណបក្សសង្គ្រោះជាតិរូបណាដែលចាប់ផ្តើមបើកហាងលក់គុយទាវ កាហ្វេ ដំបូង រយៈពេលពីរៗថ្ងៃ ដោយមិនគិតកម្រៃថ្លៃឈ្នួលឡើយ ដើម្បីបង្ហាញនូវទឹកចិត្តគាំទ្រ និងលើកទឹកចិត្តដល់អតីតមេឃុំ ចៅសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានបាត់បង់តំណែងតួនាទី ក្រោយពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ។

លោកសោ ចាន់ដេត បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកដដែលនោះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ថា “ដំណឹងល្អសម្រាប់អតីតមេឃុំ ចៅសង្កាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ!

ខ្ញុំ សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា សូមជម្រាបជូនដំណឹងដល់អតីតមេឃុំ ចៅសង្កាត់ ខេត្តទាំងពីរខាងលើ មេត្តាជ្រាបថា ខ្ញុំ (សោ ចាន់ដេត) នឹងទៅជួយ “រត់តុបើកហាង” ជូនអតីតមេឃុំ ចៅសង្កាត់ រូបណាដែលនឹងចាប់ផ្តើមបើងហាង លក់គុយទាវ កាហ្វេ ដំបូង “រយៈពេលពីរៗថ្ងៃ” ដោយមិនគិតកម្រៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អតីតមេឃុំ ចៅសង្កាត់ ទាំងឡាយណា នៃខេត្តទាំងពីរ ដែលនឹងត្រូវបើកហាង មេត្តាជ្រាបជាព័ត៌មាន”។

គួរបញ្ជាក់ថា លោកសោ ចាន់ដេត គឺជាអតីតសមាជិកព្រឹទ្ធសភា គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងជាអតីតប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានបាត់បង់តំណែងអស់ ថែមទាំងត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ ដូចអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ទៀតដែរ បន្ទាប់ពីអតីតគណបក្សប្រឆាំងនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យ៉ាងណា លោកសោ ចាន់ដេត បានប្រតិកម្មថា លោកគ្មានកំហុសអ្វីសោះ បែរជាត្រូវជាប់ក្នុងបញ្ជីខ្មៅហាមឃាត់ធ្វើសកម្មភាពនយោបាយ ៥ឆ្នាំដែរ។ ដូច្នេះលោកនឹងពិចារណាពិគ្រោះជាមួយអ្នកច្បាប់ ដើម្បីទាមទារសិទ្ធិ “នយោបាយ” របស់លោកមកវិញ។

លោកសោ ចាន់ដេត បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៧ ថា “តើខ្ញុំ (សោ ចាន់ដេត) ខុសអី? ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ដែរ គឺខ្ញុំមិនអស់ចិត្តទាល់តែសោះ ដែលនៅសុខៗត្រូវបានគេហាមចូលរួមគិតអំពីបញ្ហាប្រទេសជាតិ និងបញ្ហារាស្ត្រប្រជា (ហាមធ្វើនយោបាយ) ទាំងរូបខ្ញុំគ្មានកំហុសអ្វីបន្តិចសោះ កុំថាឡើយ ទោសក្បត់ជាតិ។

មកដល់ចំណុចនេះ ខ្ញុំសុំធ្វើការឆ្លុះបញ្ចាំងទាំងសកម្មភាពជាក់ស្តែងរបស់ខ្ញុំ និងទាំងអំណាច ផ្លូវច្បាប់ចំពោះរូបខ្ញុំ គឺមានហេតុផលបី ដែលបានបង្ហាញថា ខ្ញុំគ្មានកំហុសសោះ ៖

១-សកម្មភាពនយោបាយកន្លងមក ៖ រាល់សកម្មភាពរបស់ខ្ញុំ គឺខ្ញុំមិនដែលធ្វើសកម្មភាពក្នុងភាព “អាថ៌កំបាំង” ម្តងណាឡើយ និងគ្មានសកម្មភាពណាមួយបង្កើតឱ្យមានអំពើហិង្សា  ទោះជាតាមវោហារសព្ទក៏គ្មានដែរ។ ម៉្យាងទៀត ខ្ញុំមិនដែលធ្វើសកម្មភាពអ្វីដែលនាំឱ្យ “ខ្មែរ និង ខ្មែរ” យកគ្នាជាខ្មាំងសត្រូវម្តងណាឡើយ ហើយក៏មិនដែលធ្លាប់លើកតម្កើងជនបរទេណាមួយ  ដែលនាំឱ្យបាត់បង់តម្លៃរបស់ប្រទេសជាតិ ក៏គ្មានដែរ។

២-គណបក្សនយោបាយ ៖ តំណែងជាសមាជិកព្រឹទ្ធសភារបស់ខ្ញុំ ជាកូតាចេញពីគណបក្សភ្លើងទៀន មិនមែនជាកូតាគណបក្សសង្គ្រោះជាតិទេ ហើយខ្ញុំមានតួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងគណបក្សភ្លើងទៀន ដូច្នេះគ្មានហេតុផលអ្វីមកបញ្ឈប់សកម្មភាពនយោបាយរបស់ខ្ញុំទេ ព្រោះគណបក្សភ្លើងទៀន នៅជាគណបក្សស្របច្បាប់នៅឡើយ។

៣-តួនាទីក្នុងគណបក្ស ៖ ត្បិតអីខ្ញុំមានតួនាទីជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមាជ័យ ក៏ពិតមែន ប៉ុន្តែមិនមែនមែនជាតំណែងជាន់ខ្ពស់ទេ ម៉្យាងទៀត នៅក្នុង “លក្ខន្តិក និងបទបញ្ជាផ្ទៃក្នុង” គណបក្ស សង្គ្រោះជាតិ ក្រុមការងារ មិនមែនជាថ្នាក់ដឹកនាំគណបក្សទេ។ មានន័យថា ប្រធានក្រុមការងារខេត្ត មានតួនាទីជាជំនួយការប្រធានគណបក្ស តែប៉ុណ្ណោះ មិនមានសិទ្ធិចូលរួមបង្កើត “គោលនយោបាយគណបក្ស” ទេ។ ដូច្នេះ បើតុលាការកាត់សេចក្តីឱ្យខ្ញុំមានទោសដែរ គឺវាហាក់ដូច “តុលាការ” ធ្វើសេចក្តីសម្រេចផ្ទុយពី “ស្មារតីតុលាការកូនកាត់” កំពុងដំណើរការក្តីពួកអតីត “ខ្មែរក្រហម” ព្រោះស្មារតីតុលាការខ្មែរក្រហម នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បី “ផ្សះផ្សាជាតិខ្មែរ” តុលាការធ្វើការ “ចោទ” តែថ្នាក់ដឹកនាំកំពូល ពីរបីនាក់ទេ ដោយមិនរាលដាលដល់ “មេខេត្ត និងមេភូមិភាគ” ទេ។

យោងលើហេតុផលទាំងបីខាងលើ ខ្ញុំនឹងពិចារណាពិគ្រោះជាមួយអ្នកច្បាប់ ដើម្បីទាមទារសិទ្ធិ “នយោបាយ” ខ្ញុំមកវិញ”។

ដោយសារការកើតទុក្ខមិនសុខចិត្តខាងលើនេះហើយ ទើបលោកសោ ចាន់ដេត រួមជាមួយអតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បានធ្វើពាក្យបណ្តឹងស្នើសុំឱ្យតុលាការកំពូលសើរើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ដោយសុំឱ្យមានការជំនុំជម្រះសាជាថ្មី ទោះបីតុលាការកំពូល បានញ្ជាក់ថា សាលដីកាកាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧នោះ ជាសាលដីកាស្ថាពរ បិទផ្លូវតវ៉ាក៏ដោយ។

ពាក្យបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ របស់លោកសោ ចាន់ដេត រួមជាមួយអតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀត រួមមាន លោកអ៊ូ ច័ន្ទរ័ត្ន, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ, លោកជាម ច័ន្ទនី, លោកញឹម គឹមញ៉ុល, លោកទឹម បូរក្ស, លោកសុន ឆ័យ, លោកប៉ុល ហំម, លោកលិម គិមយ៉ា,  លោកគឹម សួរភីរិទ្ធ, លោកប្រាក់ សារុំ, និងលោក ឈុន ស៊ីថុន បានដាក់ចូលទៅកាន់តុលាការកំពូល កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នោះ មានខ្លឹមសារទាំងស្រុងថា “យើងខ្ញុំដូចមានឈ្មោះ ផ្តិតស្នាមមេដៃហត្ថលេខាខាងក្រោម ធ្វើឡើង ក្នុងនាមក្រុមជនរងគ្រោះក្នុងសំណុំរឿងគណបក្ស លេខ១០គ.ប ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូលដោយសារសាលដីកាលេខ ៣៨០ (០) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។

អាសយដ្ឋានទំនាក់ទំនងផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទូរស័ព្ទលេខ ០១២ ៣៣៣ ៩០០។

សូមគោរពជូន

ឯកឧត្តម ប្រធាន តុលាការកំពូល

កម្មវត្ថុ ៖ បណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីលើសាលដីកាលេខ ៣៨០ (០) ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ក្នុងសំណុំរឿងគណបក្ស លេខ១០គ.ប ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូល។

យោង ៖ សំណុំរឿងគណបក្សលេខ ១០ គ.ប ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូលសាលដីកាលេខ ៣៤០(ឆ) ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការ កំពូល។

តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំក្នុងនាមក្រុមជនរងគ្រោះដោយសារសាលដីកា លេខ៣៤០(ឆ) ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់តុលាការកំពូល សូមជម្រាបជូនឯកឧត្តម ប្រធានតុលាការកំពូល ជ្រាបថា ក្រោយពីបានដឹងព័ត៌មានថា តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ចំនួន១១៨ (មួយរយដប់ប្រាំបី) នាក់ យើងខ្ញុំមិនសុខចិត្តនឹងសាលដីការបស់តុលាការកំពូលខាងលើនេះទេ ហើយយើងខ្ញុំសុំប្តឹងទាមទារឱ្យតុលាការកំពូលជំនុំជម្រះសាជាថ្មីលើសាលដីកាលេខ ៣៤០ (០) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ក្នុងសំណុំរឿងគណបក្ស លេខ១០ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូល ក្នុងសំណុំរឿងគណបក្ស លេខ១០ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូល ដោយមូលហេតុដូចខាងក្រោម ៖

១-នៅក្នុងក្រមនីតិវិធី គ្មានមាត្រាណាមួយហាមមិនឱ្យជនរងគ្រោះប្តឹងទាមទារឱ្យតុលាការជំនុំជម្រះសាជាថ្មី ដើម្បីការពារសិទ្ធិ ការពារកិត្តិយស និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននោះទេ ជាអាទិ៍មាត្រា៣០៤ និង៣១៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

២.យើងខ្ញុំមិនដែលត្រូវបានកោះហៅឱ្យ ចូលរួមទាញហេតុផលផ្ទាល់មាត់ នៅតុលាការកំពូល លើបណ្តឹងរំលាយគណបក្សរបស់តំណាងក្រសួងមហាផ្ទៃម្តងណាឡើយ ក្នុងនាមជាអ្នកមានផលប្រយោជន៍នៅក្នុងសំណុំរឿងនេះ ហើយតុលាការកំពូលបានធ្វើសេចក្តីសម្រេច យ៉ាងតក់ក្រហល់ រំលាយគណបក្សសង្គ្រោះជាតិ ដែលជាហេតុធ្វើឱ្យយើងខ្ញុំមិនបានដឹង និងមិនអាចប្រើប្រាស់មធ្យោបាយ ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ និងតាមសាលាជំរះក្តីបានស្របតាមកថា ខណ្ឌទី៧ មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

៣.តុលាការកំពូលបានចេញសាលដីកា លេខ៣៤០ (ត) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើឱ្យខូចខាត និងប៉ះពាល់ដល់ផលប្រយោជន៍របស់យើងខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុត ដែលយើងខ្ញុំមិនបានដឹងអ្វីសោះនៅក្នុងសំណុំរឿង គណបក្ស លេខ១០ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ​២០១៧ របស់តុលាការកំពូល។ យើងខ្ញុំជាមន្ត្រីអាណត្តិបានកំពុងបម្រើប្រជាពលរដ្ឋ និងផ្តល់​សេវាជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការរំលាយផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងប៉ះពាល់ដល់ឆន្ទៈម្ចាស់ឆ្នោត ស្ទើរពាក់កណ្តាលប្រទេស ឬជាងបីលាននាក់។ ដោយសារការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ តាមបណ្តឹងគណបក្សនយោបាយ ដូចនេះ ការរំលាយគណបក្សសង្គ្រោះជាតិ ពីសំណាក់តុលាការកំពូល តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ គឺជាការសម្រេចដោយភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរបំផុតរបស់តុលាការកំពូល។ សាលដីកាលេខ៣៤០ (ត) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល បានរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៥ “…ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ…” និងច្បាប់គណបក្ស មាត្រា៥ “…គ្មានជនណាម្នាក់ត្រូវបានគេដកហូតសិទ្ធិក្នុងការអនុវត្តសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ…”។

៤.សាលដីការបស់តុលាការកំពូល ក៏បានធ្វើការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំ នៃគណបក្សសង្គ្រោះជាតិចំនួន ១១៨ (មួយរយដប់ប្រាំបី)នាក់ ដោយពុំបានធ្វើការកោះហៅភាគីចុងចម្លើយ ដែលការនេះបានធ្វើឱ្យបាត់បង់សិទ្ធិ និងឱកាសតទល់ជាមួយភាគីដើមបណ្តឹង ក៏ដូចជាបាត់បង់សិទ្ធិក្នុងការដាក់មធ្យោបាយតទល់ផ្សេងៗ ហើយតុលាការសម្រេចដោយគ្រាន់តែសំអាងហេតុ និងយល់ឃើញដោយខ្លួនឯង តាមរយៈការសន្មត់ថា ភាគីចុងចម្លើយមិនមកចូលរួម មិនបានតតាំង គឺជាការទទួលស្គាល់អង្គហេតុ និងទទួលស្គាល់កំហុសតែខ្លួនឯង។

៥.ពិសេស នៅពេលតុលាការកំពូលបានចេញលិខិតបង្គាប់ឱ្យប្រធានគណបក្សសង្គ្រោះជាតិ ដាក់សារណា ដែលខណៈនោះ ប្រធានគណបក្សសង្គ្រោះជាតិ គឺឯកឧត្តមកឹម សុខា ពុំអាចដាក់ឯកសារដែលជាមធ្យោបាយតទល់បាន  ដោយមូលហេតុគាត់ស្ថិតនៅក្រោមការឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ (ម៣ ត្រពាំងផ្លុង) ក្នុងខេត្តត្បូងឃ្មុំ គាត់មិនមានលទ្ធភាព ដើម្បីប្រមូល និងផ្តល់ភស្តុតាងជូនតុលាការបាន។ ម៉្យាងទៀតនៅក្នុងពន្ធនាគារ ឯកឧត្តមកឹម សុខា មិនមានសិទ្ធិ សូម្បីសរសេរលិខិតស្នាម ចុះហត្ថលេខា ឬផ្តិតស្នាមមេដៃអ្វីមួយឡើយ ប្រសិនបើពុំមានការអនុញ្ញាតពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ រីឯខ្លួនពួកយើងខ្ញុំម្ចាស់ ក៏មិនមានមធ្យោបាយទៅសុំការអនុញ្ញាតពីតុលាការកំពូល ដើម្បីចូលរួមបានដែរ។ កត្តាទាំងនេះ ហើយដែលជាការរារាំងក្នុងការដាក់មធ្យោបាយតទល់ និងការពារខ្លួនពីសំណាក់ភាគីចុងចម្លើយ ហើយបានរាលដាលប៉ះពាល់មកដក់ផលប្រយោជន៍របស់យើងខ្ញុំ និងជាមូលហេតុនៃការជំនុំជម្រះសាជាថ្មី ដូចមានចែងក្នុងចំណុចត នៃមាត្រា ៣០៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី និងដោយសារតែការបញ្ជូននីតិវិធីរដ្ឋប្បវេណី ដែលជាហេតុធ្វើឱ្យភាគីក្នុងចម្លើយ មិនបានដឹង និងមិនអាចប្រើប្រាស់មធ្យោបាយ ដើម្បីការពារខ្លួនតាមផ្លូវច្បាប់បានឡើយ។

៦-ការដែលមិនអាចដាក់ឯកសារ ដែលជាមធ្យោបាយតទល់ដ៏មានឥទ្ធិពលដល់សេចក្តីសម្រេចទាំងមូលនៃសាលដីកា ក៏ដូចជាមិនអាចមកចូលរួមនីតិវិធីរបស់តុលាការដើម្បីការពារខ្លួនបាន ដោយភាគីម្ខាងមិនអាចធ្វើការបកស្រាយតបតបាន គឺជាការរំលោភលើគោលការណ៍យុត្តិធម៌សម្រាប់គូភាគី ជាមូលហេតុនាំឱ្យតុលាការកំពូលមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ការសម្រេចសេចក្តីនៃសាលដីកា ទាំងមូល។ ការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានការគាំទ្រពីប្រជាពលរដ្ឋស្ទើរពាក់កណ្តាលប្រទេសទៅហើយ គឺមានការប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ឆន្ទៈប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ព្រោះការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការរំលាយអាសនៈតំណាងអាណត្តិ តាមមណ្ឌល រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក និងឃុំ សង្កាត់ ដែលប្រជាពលរដ្ឋ ជ្រើសរើសមកពីគណបក្សសង្គ្រោះជាតិ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម ប្រធាន មេត្តាពិនិត្យ និងសម្រេចទទួលយកពាក្យបណ្តឹងរបស់យើងខ្ញុំ និងសូមធ្វើការជំនុំជម្រះសាជាថ្មី លើសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ដោយអនុគ្រោះ”៕