Friday, March 29, 2024
Homeព័ត៌មានជាតិវ៉ៃប៉ោងមុខ ខឹងប្រពន្ធសួរត្រង់ៗពេក

វ៉ៃប៉ោងមុខ ខឹងប្រពន្ធសួរត្រង់ៗពេក

ខេត្តប៉ៃលិន ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ ប៉ុន្តែនៅតែមានចិត្តក្បត់ផិតលួចលាក់ទាក់ទងមានស្រីថ្មី លុះប្រពន្ធតាមទាន់ សាកសួរតិចតួច ស្រាប់តែបុរសជាប្តីចិត្តភ្លើងផ្ទុះកំហឹង ស្ទុះទៅវាយតប់ប្រពន្ធយ៉ាងចាស់ដៃ រហូតដល់ប្រពន្ធទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

បុរសជាប្តីចិត្តកំណាចដែលលួចទាក់ទងស្រីថ្មី ហើយនៅបានប្រើហិង្សាវាយដំប្រពន្ធគ្មានត្រាប្រណីទៀតនេះ មានឈ្មោះសេក សារី អាយុ៤២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះវែង ស្រីធី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធបានរៀបរាប់ប្រាប់ថា នាងនិងប្តីជើងល្អនេះ បានចាប់ដៃសាងគ្រួសារជាមួយគ្នាយូរឆ្នាំមកហើយ និងថែមទាំងមានកូនចៅធំទន្ទឹមស្មាអស់ទៅហើយដែរ ប៉ុន្តែតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមកជីវិតនាង រស់នៅស្គាល់តែទឹកភ្នែកច្រើនជាងស្នាមញញឹម ដោយសារតែប្តីជាមនុស្សចូលចិត្តផឹកស្រាស្រវឹងអួទីនួ និងថែមទាំងពូកែប្រើអំពើហិង្សាវាយដំប្រពន្ធកូនមិនសូវខានឡើយ។

ស្ត្រីរងគ្រោះបន្តថា លុះចូលដល់មួយរយៈចុងក្រោយនេះ ប្តីរបស់នាងក៏ចាប់មានអាការចម្លែកៗ ដើរបាត់ៗពីផ្ទះ ជួនត្រឡប់មកវិញ ជាប់ក្លិនក្រែមម្សៅទៀតផង ទើបធ្វើឱ្យនាងសង្ស័យ ក៏តាមដានប្តី ទីបំផុតក៏ដឹងថា តាមពិត ប្តីនេះកំពុងលួចលាក់ទាក់ទងជាមួយស្រីថ្មី ទើបធ្វើឱ្យនាងទ្រាំមិនបានក៏សាកសួរប្តីត្រង់ៗ ស្រាប់តែប្តីបែរជាច្រឡោតខឹងស្ទុះមកវាយតប់នាងទាំងកំរោលតែម្តង ទើបនាងទ្រាំលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនបង្កហេតុជាប្តី នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ប្តីបានសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធមែន តែមិនមានស្លាកស្នាមអ្វីនោះទេ។ រីឯមូលហេតុនោះ គឺដោយសារតែខ្លួនខឹងនឹងប្រពន្ធដែលមកសាកសួរពីរឿងដែលខ្លួនមានស្រីថ្មី ទើបទប់ចិត្តមិនបាន ក៏វ៉ៃរំសាយកំហឹងខ្លះទៅ។

ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES