Friday, April 19, 2024
Homeព័ត៌មានជាតិថៅកែចិនបង្អត់បាយ១យប់ទៀត ក្រោយពីចាប់ចងស្លាបសេករុំភ្ជាប់នឹងបង្គោល ដាក់ហាលថ្ងៃ ពេលនេះសមត្ថកិច្ចរំដោះចេញហើយ

ថៅកែចិនបង្អត់បាយ១យប់ទៀត ក្រោយពីចាប់ចងស្លាបសេករុំភ្ជាប់នឹងបង្គោល ដាក់ហាលថ្ងៃ ពេលនេះសមត្ថកិច្ចរំដោះចេញហើយ

ភ្នំពេញ ៖ បុរសជាកម្មករជនជាតិខ្មែរម្នាក់ ដែលបានលួចខ្សែភ្លើងក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦២ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ និងត្រូវបានថៅកែជនជាតិចិនចាប់ចងស្លាបសេកភ្ជាប់នឹងបង្គោលភ្លើង ដាក់ហាលថ្ងៃ ក្នុងទីលានបាល់ទាត់ ដោយថែមទាំងបានយកខ្សែភ្លើងរាប់សិបខ្សែមកចងរឹតរុំព័ទ្ធជុំវិញខ្លួនយ៉ាងព្រៃផ្សៃ និងត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទាមទារយកមកចាត់ការតាមច្បាប់ដែរ តែត្រូវថៅកែចិន មិនព្រមប្រគល់ឱ្យសមត្ថកិច្ច ដោយសំអាងថា អាចដោះស្រាយតាមបែបផ្ទៃក្នុងក្រុមហ៊ុនបាននោះ ផ្ទុយទៅវិញ បុរសរូបនោះមិនទាន់ត្រូវបានថៅកែចិនដោះលែងនោះទេ ផ្ទុយទៅវិញ ថែមទាំងបានបង្ខាំងទុកក្នុងបន្ទប់ដោយបង្អត់បាយពេញ១យប់ទៀតផង រហូតដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចក៏សម្រេចចុះទៅរំដោះបុរសខាងលើ និងថែមទាំងបាននាំខ្លួនថៅកែចិនរូបនោះមកសួរនាំទៀតផង។

បុរសដែលត្រូវថៅកែចិនចាប់ចងហាលថ្ងៃ រួចបង្ខាំងក្នុងបន្ទប់បង្អត់បាយ១យប់ទៀតនោះ មានឈ្មោះហោ សុភី អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលត្រូវគេចាប់ចងយ៉ាងព្រៃផ្សៃខាងលើនេះ គឺជាកម្មករសំណង់នៅក្នុង ការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីមស៍ផ្លាហ្សា ដោយសារតែគាត់បានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់របស់ខុនដូនេះ ក៏ត្រូវសន្តិសុខចាប់ខ្លួនប្រគល់ឱ្យថៅកែចិន និងយកមកចងទុកនៅកន្លែងខាងលើតែម្តង ហើយកន្លងមក ក្នុងការដ្ឋានតែងតែត្រូវបានចោរលួចខ្សែរភ្លើង និងសម្ភារផ្សេងៗទៀតអស់ជាច្រើន ទើបពេលចាប់ខ្លួនបុរសជាជនសង្ស័យបាននៅថ្ងៃនេះ ក៏ធ្វើសកម្មភាពព្រៃផ្សៃបែបនេះតែម្តង។

តាមសម្តីបុរសជាជនសង្ស័យ ឈ្មោះហោ សុភី បានឆ្លើយសារភាព ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសលួចយកខ្សែភ្លើងនៅខុនដូខាងលើ ៤ដងមកហើយ ដោយចាយប្រាក់ខែកម្មករសំណង់មិនគ្រប់ ទើបមកលួចខ្សែភ្លើងនៅក្នុងអាគារ ស្រាប់តែលើកទី៤ ក៏ត្រូវមេការចាប់បាន រួចយកខ្សែភ្លើងដែលលួចនោះមកចងស្លាបសេករុំលើខ្លួន រឹបសឹងតែដកដង្ហើមមិនរួច រហូតដល់សមត្ថកិច្ចចុះមកដល់បញ្ជាឱ្យសន្តិសុខស្រាយខ្សែភ្លើង ចេញពីខ្លួន និងបង្គាលដែក ទើបបានអង្គុយចុះដកដង្ហើមស្រួលវិញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីចាប់ចោរលួចខ្សែភ្លើង សមត្ថកិច្ចក៏ចុះមកដល់ការិយាល័យមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ក៏ឃើញជនសង្ស័យត្រូវគេចងស្លាបសេកជាប់នឹងបង្គោលភ្លើង ព្រមទាំងយកខ្សែភ្លើងដែលជនសង្ស័យលួចនោះ រុំជាប់សឹងតែដកដង្ហើមមិនបាន ទើបសមត្ថកិច្ចបានបញ្ជាឱ្យសន្តិសុខដែលយាមនៅនោះស្រាយខ្សែចេញ ដើម្បីនាំជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ ប៉ុន្តែត្រូវបុរសជាមេការមិនឱ្យសមត្ថកិច្ចនាំទៅប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ទេ ដោយអះអាងថា ការដ្ឋាននេះមានមេការជនជាតិ ជាអ្នកគ្រប់គ្រងដោះស្រាយខ្លួនឯង ដោយជនសង្ស័យជាកម្មកររបស់ខ្លួន និងមិនចង់ឱ្យគេមានទោសទណ្ឌទេ ព្រោះអាណិត គ្រាន់តែធ្វើការអប់រំឱ្យឈប់ប្រព្រឹត្តបទល្មើសលួចទៀតបានហើយ។

លោកហ៊ាង ថារ៉េត អធិការរងទទួលផែនយុត្តិធម៌ខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា ការពិតរឿងមេការចិនបានចាប់បានជនសង្ស័យ លួចខ្សែភ្លើងនៅការដ្ឋានខាងលើ តាំងពីម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ហើយលោកបានចាត់កម្លាំងឱ្យទៅត្រួតពិនិត្យកន្លែងកើតហេតុ តែពេលទៅដល់បានសាកសួរនាំ មេការចិនបានឱ្យអ្នកបកប្រែជាភាសាខ្មែរ ប្រាប់ថា គេមិនប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ចទ្ចេ ចង់ធ្វើការស៊ើបអង្កេតរកបក្សពួកផ្សេងទៀត រួចនឹងដោះលែងឱ្យត្រឡប់ទៅវិញហើយ មិនចង់ឱ្យសមត្ថកិច្ចដាក់ទោសទណ្ឌតាមច្បាប់ទេ។ បន្ទាប់មក សមត្ថកិច្ចក៏ដកកម្លាំងមកវិញ នឹកស្មានថា មេការចិននោះអាចដោះលែងជនសង្ស័យវិញ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋបានរាយការណ៍ថា មេការចិនចាប់ជនសង្ស័យបង្ខាំងទុកក្នុងបន្ទប់ បង្អត់បាយពេញ១យប់ ទើបកម្លាំងព្រហ្មទណ្ឌខណ្ឌ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍ បានចុះដល់ទៅទីតាំងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ម្តងទៀត  លុះពេលសួរនាំសន្តិសុខ ទើបដឹងថា ពិតជាដូចប្រជាពលរដ្ឋរាយការណ៍មែន ដោយជនរងគ្រោះត្រូវបានបង្ខាំងក្នុងបន្ទប់ដាច់បាយមែន។

លោកអធិការរងបន្តថា ភ្លាមនោះ សមត្ថកិច្ចបាននិយាយប្រាប់ទៅអ្នកបកប្រែភាសាខ្មែរ ឱ្យប្រាប់ទៅមេការចិនរូបនោះថា នេះជាទង្វើខុសច្បាប់នៅស្រុកខ្មែរមានច្បាប់ មិនមែននៅប្រទេសអ្នកឯងធ្វើអ្វីបានស្រេចចិត្តទេ ហើយត្រូវប្រគល់ជនសង្ស័យឱ្យមកសមត្ថកិច្ច បើចង់ប្តឹងផ្តល់ សូមអញ្ជើញមកដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបញ្ជូលទៅតុលាការ មិនត្រូវបង្ខាំងមនុស្ស ហើយចោទអ្នកទោស និងដាក់ទោសខ្លួនឯងបែបនេះទេ។

ក្រោយមកសមត្ថកិច្ច ក៏សម្រេចនាំខ្លួនសន្តិសុខឯកជន និងបុរសជាមេការចិនខាងលើ មកសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី។

តាមសម្តីជនសង្ស័យលួចខ្សែភ្លើងដែលត្រូវមេការចិនបង្ខាំងបង្អត់បាយ បានឱ្យដឹងថា បើទោះបីគាត់ទទួលសារភាពថា ពិតជាបានលួច ខ្សែភ្លើងក្នុងការដ្ឋានប្រាកដមែន និងព្រមព្រមទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងណា ក៏មេការចិនមិនព្រមដោះលែងគាត់ដាច់ខាត ដោយបានយកគាត់ទៅបង្ខាំងទុកក្នុងបន្ទប់ និងថែមទាំងបានបង្អត់បាយគាត់ពេញ១ថ្ងៃ១យប់ តាំងពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ធ្នូ រហូតដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ទើបបងស្រីគាត់បានលួចទិញបាយយកមកឱ្យហូប កុំអីច្បាស់ជាដាច់ពោះស្លាប់មិនខាន។

បុរសជនសង្ស័យបានបន្តថា ទោះជាអ្នកទោសនៅព្រៃស ក៏មានបាយហូបគ្រប់គ្រាន់ដែរ តែមូលហេតុអ្វីជនជាតិចិនមិនយល់ពីច្បាប់ស្រុកខ្មែរ ធ្វើទង្វើខុសច្បាប់ប្រទេសកម្ពុជា ហើយរូបគាត់និយាយនេះ មិនមែនចង់រួចខ្លួនពីដៃសមត្ថកិច្ចនេះទេ តែសំណាងហើយដែលមានកម្មករដូចគ្នា អាណិតរូបគាត់ បានទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចុះមកជួយនាំរូបគាត់ចេញពីបន្ទប់ឃុំឃាំងដែលងងឹតគ្មានពន្លឺខ្យល់ សាហាវជាងគុកងងឹតទៀត ហើយបើមិនមានសមត្ថកិច្ចមក មិនដឹងថា មេការបុរសជនជាតិចិននោះបង្ខាំងគាត់ទុកដល់ពេលណាទេ។

ជុំវិញករណីខាងលើនេះ សាស្ត្រាចារ្យផ្នែកច្បាប់មួយរូប និងជាមេធាវីផងនោះ បានបញ្ជាក់ថា ការធ្វើទារុណកម្មលើជនសង្ស័យ ជាបទល្មើសឧក្រិដ្ឋ ប្រឈមជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ ដោយជនសង្ស័យអាចធ្វើជាម្ចាស់បណ្តឹងដោយខ្លួនឯងបាន។

សាស្ត្រាផ្នែកច្បាប់រូបនេះ បានថ្លែងដោយមិនបញ្ចោញឈ្មោះថា ទិដ្ឋភាពច្បាប់ចំពោះករណីខាងនេះមាន២ ទី១. គឺការប្រឈមបទល្មើសលួច ដែលប្រព្រឹត្តដោយជនសង្ស័យ និងទី២ ការប្រឈមរបស់សន្តិសុខ ក្រោមការបង្គាប់បញ្ជារបស់ម្ចាស់ការដ្ឋានសំណង់ ជុំវិញការចាប់ចងជនសង្ស័យ ក្រោមរូបភាពនៃការធ្វើទារុណកម្ម៕

RELATED ARTICLES