Friday, March 29, 2024
Homeព័ត៌មានជាតិព្រោះតែរឿង១ឆ្នាំជាងមុន ស្ត្រីម្នាក់ដាច់ចិត្តសម្លាប់ខ្លួន ចោលកូនឲ្យនៅកំព្រា៤

ព្រោះតែរឿង១ឆ្នាំជាងមុន ស្ត្រីម្នាក់ដាច់ចិត្តសម្លាប់ខ្លួន ចោលកូនឲ្យនៅកំព្រា៤

ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ បន្ទាប់ពីប្តីស្លាប់ចោលអស់រយៈពេលជាង១ឆ្នាំមក ធ្វើឱ្យពិបាកចិត្តខ្លាំងពេក ចេះតែគិតច្រើន រហូតដល់កើតមានជំងឺសរសៃប្រសាទ និងព្យាយាមចងកសម្លាប់ខ្លួនជាច្រើនលើកមកហើយ តែមិនបានសម្រេច លុះចុងក្រោយ ខណៈដែលក្រុមគ្រួសារភ្លេចខ្លួន ស្ត្រីរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ទឹកចងកសម្លាប់ខ្លួន រហូតបានសម្រេចតាមបំណង ដោយបន្សល់ទុកកូនចំនួន៤នាក់ ឱ្យនៅកំព្រា។

ករណីស្ត្រីមេម៉ាយកូន៤ ចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបុរីប៉េង ហួត ផ្លូវលេខ១៤ ត្រង់ចំណុចផ្ទះលេខ៣៧ ស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ស្ត្រីមេម៉ាយដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិរកាគយ ឃុំដំណាក់ល្អិត ស្រុកកងមាស ខេត្តកំពង់ចាម។

តាមសម្តីស្ត្រីឈ្មោះសួន ពេជ្រ អាយុ៦២ឆ្នាំ ជាម្ចាស់ផ្ទះ និងត្រូវជាម្តាយចិញ្ចឹមរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះជាកូនចិញ្ចឹមរបស់គាត់ និងជាស្ត្រីមេម៉ាយកូន៤នាក់ មានជំងឺសរសៃប្រសាទជាងមួយឆ្នាំមកហើយ ក្រោយពីប្តីស្លាប់ចោលជាងមួយឆ្នាំមុន ហើយកន្លងមក ស្ត្រីរងគ្រោះធ្លាប់ប៉ុនប៉ងចងក៣ទៅ៤ដងរួចមកហើយ តែមិនបានសម្រេច។

ស្ត្រីជាម្តាយចិញ្ចឹម បានបន្តថា ដោយសារតែស្ត្រីរងគ្រោះចេះតែព្យាយាមចងកជាច្រើនដងបែបនេះ ទើបគាត់បានប្រយ័ត្នរហូត ប៉ុន្តែនៅថ្ងៃកើតហេតុខាងលើ គាត់រវល់បោសជូតផ្ទះ  ក៏ស្រាប់តែបាត់ស្ត្រីរងគ្រោះខាងលើ លុះពេលគាត់ដើរតាមរក ក៏ប្រទះឃើញកូនស្រីចិញ្ចឹមរូបនេះបានចងកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់ទៅសន្តិសុខក្នុងបុរី ហើយសន្តិសុខក៏រាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យ រួចបញ្ជក់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES