Friday, March 29, 2024
Homeព័ត៌មានជាតិរំលោភតាំងពីអាយុ១៦ដល់១៨ឆ្នាំ ប្រុសដោះដៃ ស្រីប្តឹងប៉ូលិស

រំលោភតាំងពីអាយុ១៦ដល់១៨ឆ្នាំ ប្រុសដោះដៃ ស្រីប្តឹងប៉ូលិស

ខេត្តឧត្តរមានជ័យ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានប្រុសព្រានម្នាក់លួងលោមរួមភេទរាប់ភ្លេច តាំងពីអាយុ16ឆ្នាំ រហូតដល់សព្វថ្ងៃ អាយុ18ឆ្នាំ ដោយចេះតែសន្យាថា នឹងទទួលខុសត្រូវ ឱ្យឪពុកម្តាយចូលស្តី តែទីបំផុត គ្រាន់តែទុកនាងជាល្បែងតណ្ហាស៊ីឆ្អែតចង់ដោះដៃ ទើបធ្វើឱ្យនារីរងគ្រោះទ្រាំមិនបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់ម្តាយ និងឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីនារីរូបស្រស់លង់សម្តីលួងលោមរបស់ប្រុសព្រាន រហូតប្រគល់ប្រាណឱ្យប្រុសព្រានរួមរ័កមេត្រីជាហូរហែរយៈពេលជា2ឆ្នាំ ទម្រាំដឹងថា ប្រុសព្រានមានបំណងចង់ដោះដៃ  ទើបមកដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើង កាលពីថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 នៅការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

នារីរងគ្រោះជាដើមបណ្តឹង មានឈ្មោះ ភ.ម.ថ.ន អាយុ18ឆ្នាំ មានលំនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ចំណែកប្រុសព្រានដែលជាជនជាប់ចោទមានឈ្មោះ ច្រាង សុខម៉ៃ អាយុ22ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

នៅក្នុងពាក្យបណ្តឹងខាងលើ នារីរងគ្រោះបានប្តឹងចោទប្រកាន់យុវជនឈ្មោះច្រាង សុខម៉ៃ ពីបទ “ល្បួងលួងលោមសេពសន្ថវៈ និងរំលោភលើទំនុកចិត្តទៅលើក្មេងស្រីមិនទាន់គ្រប់អាយុ  យកទៅរំលោភសេពសន្ថវៈបានសម្រេចជាហូរហែ រហូតនាងពេញក្រមុំនៅតែបន្តប្រើល្បិចល្បួងលួងលោមយកទៅរំលោភបានសម្រេចជាច្រើនដងទៀត”។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីអំឡុងពេល2ឆ្នាំមុន ខណៈដែលនាង ទើបនឹងមានវ័យ16ឆ្នាំ ជនសង្ស័យឈ្មោះច្រាង សុខម៉ៃ ដែលរស់នៅផ្ទះជិតគ្នា រំលងផ្លូវម្ខាង បានលួងលោមនាងយកទៅរំលោភសេពសន្ថវៈជាច្រើនដង ទាំងនៅក្នុងព្រៃ និងនៅតាមផ្ទះសំណាក់ ដោយបញ្ឆោតនាងថា នឹងឱ្យឪពុកម្តាយមកចូលស្តីដណ្តឹងតាមផ្លូវច្បាប់ និងរៀបការទៅតាមប្រពៃណី។ តែទីបំផុត ឪពុកម្តាយខាងប្រុស គេមិនទទួលស្គាល់ ថែមទាំងត្រូវប្រុសស្នេហ៍ដោះដៃចោលទៀត។

នារីរងគ្រោះ បន្តថា កាលពីអំឡុងខែកញ្ញា ឆ្នាំ2017 ម្តាយខាងប្រុសធ្លាប់បានហៅនាង ទៅសួរស្ងាត់ៗ ដោយហាមមិនឱ្យម្តាយរបស់នាងដឹងទៀតផង។ ក្នុងន័យបញ្ឆោតនាងជួយលួងលោមកូនប្រុសគាត់ គ្រាដែលធ្លាក់ក្នុងល្បែងញៀនថ្នាំជាមួយក្រុមមិត្តភក្តិ ដោយសន្យាថា នឹងចូលស្តីដណ្តឹងអស់ប៉ុន្មានក៏មិនខ្វល់ដែរ សំខាន់ឱ្យតែនាងអាចលួងលោមកូនប្រុសគាត់ឱ្យចូលផ្ទះវិញ។ ដោយសារតែជនសង្ស័យដើរលេងមិនចូលផ្ទះ តាមមិត្តភក្តិញៀនថ្នាំ មានពេលខ្លះ ម៉ោង12យប់ ម្តាយខាងប្រុសបានទូរស័ព្ទហៅនាងឱ្យទៅផ្ទះរបស់គាត់ និងបានឱ្យកូនប្រុសគាត់រំលោភសេពសន្ថវៈនាងជាហូរហែ ដោយមិនឱ្យប្រាប់ម្តាយដាច់ខាត។

នារីរងគ្រោះបានបញ្ជាក់ចុងក្រោយថា ដោយសារតែភាពឆោតល្ងង់ និងមិនអាចបន្តរស់នៅក្នុងស្ថានភាពពិបាក និងការបដិសេធដណ្តឹងនាង ទើបនៅថ្ងៃទី17 ខែធ្នូ ឆ្នាំ2017 នាងសម្រេចទម្លាយរឿងរ៉ាវប្រាប់ម្តាយឱ្យដឹង  ទើបម្តាយបានសម្រេចនាំនាងទៅដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីឱ្យជួយរកយុត្តិធម៌ដល់រូបនាងផ្ទាល់ ព្រមទាំងផ្តន្ទាទោសទៅលើជនសង្ស័យទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ តែយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES