ទារកអាយុ១០ថ្ងៃ រងាស្ទើររឹងពោះស្លាប់ ព្រោះម្តាយចិត្តអប្រិយបោះចោលកៀនរបង ហាលភ្លៀង

0
307

ភ្នំពេញ ៖ ទារកម្នាក់ទើបនឹងចាប់កំណើតបានប្រមាណ១០ថ្ងៃ ស្រាប់តែត្រូវម្តាយចិត្តអប្រិយមិនស្គាល់អត្តសញ្ញាណយកទៅបំបរបង់ចោលនៅកៀនរបងផ្ទះប្រជាពលរដ្ឋ ទាំងមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ ធ្វើឱ្យទារកអភ័ព្វស្រែកយំទាំងរងាចំប្រប់ស្ទើររឹងពោះស្លាប់ សំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញជួយសង្គ្រោះទាន់ពេល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចរបងផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

ស្ត្រីជាម្តាយដែលយកកូនប្រុសរបស់ខ្លួន ទើបនឹងកើតទៅបំបរបង់ចោល ដោយគ្មានធម៌មេត្តានេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីបុរសស្ត្រី២នាក់ប្តីប្រពន្ធ ដែលបានប្រទះឃើញទារកអភ័ព្វខាងលើមុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធ បាននាំគ្នាដើរទៅរកទិញអីហូប លុះពេលដើរដល់ចំណុចកើតហេតុខាងលើ ពួកគាត់ក៏បានលាន់ឮសំឡេងក្មេងយំ ទើបចោលភ្នែករកមើល ក៏ស្រាប់តែប្រទះឃើញទារកអភ័ព្វរូបនេះ ត្រូវម្តាយចិត្តអប្រិយយកមកបោះចោលនៅក្បែររបងផ្ទះគេ ទាំងមេឃកំពុងរលឹមស្រិចៗទៀតផង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ពួកគាត់ក៏បានស្រែកឆោឡោឡើង ធ្វើឱ្យប្រជាពលរដ្ឋក្បែរខាងមានការភ្ញាក់ផ្អើលមកចោមរោមមើល បន្ទាប់មក ពួកគាត់ក៏លើកបីទារកនោះចូលទៅក្នុងផ្ទះ ហើយក៏បានផ្តល់ដំណឹងប្រាប់ទៅប្រធានភូមិ ដើម្បីឱ្យមកជួយធ្វើជាសាក្សីដឹងឮថា ពួកគាត់ពិតជារើសបានទារកនេះមែន។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍នោះ បានសម្តែងនូវអារម្មណ៍រន្ធត់ និងទឹកចិត្តអាណិតអាសូរដល់ទារកកម្សត់ ដែលមិនដឹងជាឪពុកម្តាយនៅឯណា ហើយមិនដឹងជាមានបញ្ហាអ្វីបានជាត្រូវម្តាយចិត្តអប្រិយយកមកបំបរបង់ចោលបែបនេះសោះ។ អ្វីដែលគួរឱ្យខ្លោចចិត្តបំផុតនោះ គឺនៅពេលប្រទះឃើញទារកខាងលើ បានស្រែកយំយ៉ាងខ្លាំង ស្ទើររឹងពោះស្លាប់ទៅហើយ ដោយសារតែម្តាយបានយកមកប្លុងចោលក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗ ធ្វើឱ្យទារកអភ័ព្វស្រែកយំគួរឱ្យសង្វេគ  ព្រោះតែរងាផង ឃ្លានផង។

ប្រជាពលរដ្ឋបានធ្វើការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំងទៅលើឪពុកម្តាយ និងក្រុមគ្រួសារទារកខាងលើ ដែលមិនគួរណាដាច់ចិត្តយកកូនតូចទើបនឹងកើតមកបំបរបង់ចោល ដោយគ្មានក្តីមេត្តា និងគ្មានព្រហ្មវិហារធម៌ជាឪពុកម្តាយបែបនេះសោះ ហើយនេះចាត់ទុកជាសំណាងធំណាស់ ដែលមានគេប្រទះឃើញទាន់ពេល ពុំនោះទេ ទារកខាងលើច្បាស់ជាយំដល់រឹងពោះស្លាប់មិនខាន។

បច្ចុប្បន្ន ទារកអភ័ព្វខាងលើ ត្រូវបានប្រជាពលរដ្ឋចោមរោមទាមទារសុំយកទៅចិញ្ចឹមគ្រប់គ្នា៕