Saturday, April 27, 2024
Homeព័ត៌មានជាតិចាប់ចូលមណ្ឌលកែប្រែ២ដង កូនប្រុសចេញមកវិញ ធ្វើរឿងចឹងថែមទៀត

ចាប់ចូលមណ្ឌលកែប្រែ២ដង កូនប្រុសចេញមកវិញ ធ្វើរឿងចឹងថែមទៀត

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែលង់ខ្លួនជាមួយនឹងថ្នាំញៀនខ្លាំងពេក ទើបត្រូវម្តាយឪពុកចាប់ចូលមណ្ឌលអប់រំកែប្រែផ្តាច់ថ្នាំញៀនដល់ទៅ២ដង លុះចេញមកវិញ ក៏មានសតិមិនប្រក្រតី រហូតដល់ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៤១ ផ្លូវលំ ក្រុម៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះមុត សុភាព អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះមុត សុវណ្ណ អាយុ៦៥ឆ្នាំ ត្រូវជាឪពុកសព បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុកូនប្រុសរបស់គាត់ម្នាក់ទៀត ឈ្មោះមុត ភក្តី បានបើកទ្វារបន្ទប់ខាងក្រោមផ្ទះ ដើម្បីយកម៉ូតូជិះយកបាយទៅឱ្យក្មួយនៅសាលារៀន ខណៈពេលបើកទ្វារបន្ទប់ ស្រាប់តែឃើញកូនប្រុសរបស់គាត់ឈ្មោះមុត សុភាព ចងកសម្លាប់ខ្លួននឹងធ្នឹមផ្ទះ ដោយមិនដឹងថា ស្លាប់តាំងពីពេលណាមកទេ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងនាំគ្នាកាត់ខ្សែទម្លាក់សពយកមកដាក់លើគ្រែ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យតែម្តង។

បុរសជាឪពុកសព បន្តថា កូនប្រុសរបស់គាត់ម្នាក់នេះ កន្លងមក ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយក្រុមគ្រួសារធ្លាប់បានចាប់យកទៅដាក់មណ្ឌលកែប្រែឱកាសខ្ញុំ ចំនួន២ដងមកហើយ។ លុះក្រោយពេលចេញមកពីមណ្ឌលអប់រំកែប្រែផ្តាច់ថ្នាំញៀនវិញ ប្រមាណជាង១ឆ្នាំ សតិកូនប្រុសនេះ ហាក់មិនសូវប្រក្រតីសោះ សង្ស័យប្រើគ្រឿងញៀនច្រើនពេក រហូតដល់រលាកខួរក្បាលក៏មិនដឹង ដោយមួយថ្ងៃៗ ចេះតែពោលពាក្យថា ខ្លាចនេះ ខ្លាចនោះ និងមិនហ៊ានចេញពីផ្ទះឡើយ។

បុរសជាឪពុករូបនេះ បានឱ្យដឹងទៀតថា តាំងពីនោះមក គាត់ជាឪពុកមិនឱ្យកូនប្រុសនេះធ្វើអ្វីឡើយ គឺឱ្យនៅតែនៅផ្ទះ និងថែមទាំងបានទិញបាវសាក់មួយយកមកចងក្នុងបន្ទប់ខាងក្រោម សម្រាប់ឱ្យកូនទាត់ហាត់ប្រាណលេងប៉ុណ្ណោះ ស្រាប់តែមកដល់ថ្ងៃកើតហេតុ កូនប្រុសគាត់បែរជាស្រាយបាវសាក់ចេញ រួចក៏ចងកខ្លួនឯងជំនួសវិញ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះមិនបានប្តឹងផ្តល់អ្វីទាំងអស់ ដោយគ្រាន់តែស្នើសុំឱ្យសមត្ថកិច្ចមូលដ្ឋានចេញលិខិតមរណភាព ដើម្បីប្រគល់សពឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ”

RELATED ARTICLES