Friday, April 19, 2024
Homeព័ត៌មានជាតិពុកអើយក្រោកឡើង!!! ខំប្រឹងដើរលក់លៀសហាលដើម្បីជីវភាព ពេលធ្លាក់ខ្លួនឈឺ គ្មានលុយ ត្រូវដេកដាច់បាយស្លាប់

ពុកអើយក្រោកឡើង!!! ខំប្រឹងដើរលក់លៀសហាលដើម្បីជីវភាព ពេលធ្លាក់ខ្លួនឈឺ គ្មានលុយ ត្រូវដេកដាច់បាយស្លាប់

ភ្នំពេញ ៖ បុរសជាអ្នកលក់លៀសហាលម្នាក់ បានប្រឹងរុញរទេះដើរលក់លៀសហាល ដើម្បីរកប្រាក់យកមកចិញ្ចឹមកូនប្រុសតែម្នាក់ ដែលមិនត្រឹមតែមានកាយសម្បទាមិនគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងមានសតិមិនប្រក្រតីទៀត ទីបំផុត ដោយសារតែជីវភាពត្រដាបត្រដួសរកព្រឹកខ្វះល្ងាច ហូបចុកមិនគ្រប់ ធ្លាក់ខ្លួនឈឺគ្មានប្រាក់ព្យាបាល ទើបធ្វើឱ្យបុរសជាឪពុកបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកកូនប្រុសសតិមិនល្អ រស់នៅកំព្រាគ្មានទីពឹង គួរឱ្យសង្វេគចិត្តជាទីបំផុត។

 

ហេតុការណ៍បុរសលក់លៀសហាស ដេកស្លាប់ចោលកូនប្រុសសតិមិនប្រក្រតីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះខាងលើ និងកូនប្រុស មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គ្រួសារនេះរស់នៅតទល់តែ២នាក់ឪកូន និងមានជីវភាពក្រីក្រតោកយ៉ាកខ្លាំងណាស់។ ជារៀងរាល់ថ្ងៃ គេតែងឃើញបុរសជាឪពុកតែងរុញរទេះលក់លៀសហាល ដើរលក់ដើម្បីរកប្រាក់មកទប់ទល់ជីវភាព ចិញ្ចឹមកូនប្រុសដែលមានកាយសម្បទាមិនគ្រប់គ្រាន់ និងថែមទាំងមានសតិមិនប្រក្រតីទៀត។ យ៉ាងណា ការរស់នៅពឹងលើរបបលក់លៀសហាលនេះ មិនអាចធ្វើឱ្យជីវភាពគ្រួសារខាងលើបានធូរស្រាលទេ ផ្ទុយទៅវិញ មានការការខ្វះខាតរកព្រឹកខ្វះល្ងាច ជួនដាច់បាយក៏មាន។

ប្រភពដដែលបន្តថា លុះមកដល់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុរសជាឪពុកបានធ្លាក់ខ្លួនឈឺ មិនអាចចេញទៅលក់លៀសរកប្រាក់ទិញអង្ករហូបចុកបានទៀតឡើយ ហើយសូម្បីតែប្រាក់ទៅមន្ទីរពេទ្យ ឬប្រាក់ទិញថ្នាំសង្កូវយកមកព្យាបាលជំងឺក៏គ្មានដែរ ធ្វើឱ្យសុខភាពបុរសជាឪពុកកាន់តែទ្រុឌទ្រោមខ្លាំងឡើង រហូតដល់ទីបំផុត ក៏ដាច់បាយស្លាប់ចោលកូនប្រុសសតិមិនល្អតែម្តង។

អ្វីដែលគួរឱ្យសង្វេគបំផុតនោះ គឺកូនប្រុសដែលមានសតិមិនល្អ និងកាយសម្បទាមិនគ្រប់គ្រាន់ ត្រូវរស់នៅកំព្រាឯកាតែម្នាក់ឯង មិនដឹងជាមានអ្វីជាទីពឹងទៀតឡើយ ខណៈដែលបង្គោលបង្អែកគ្រួសារត្រូវបានបាត់បង់ទៅហើយ។

ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានស្នើសុំដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលពាក់ព័ន្ធ ហើយប្រជាពលរដ្ឋដែលមានចិត្តសប្បុរសធម៌ សូមមេត្តាជួយដល់ក្មេងដែលមានសតិ និងកាយសម្បទាមិនគ្រប់គ្រាន់នេះផង ព្រោះគ្នាគ្មានទីពឹងទេ ។

ក្រោយប្រទះឃើញសពបុរសខាងលើ មន្ត្រីមូលដ្ឋានបានចុះមក ដើម្បីឱ្យប្រជាពលរដ្ឋជួយធ្វើបុណ្យបន្តិចបន្តួចតាមប្រពៃណី៕

RELATED ARTICLES