Thursday, March 28, 2024
Homeព័ត៌មានជាតិឃើញម៉ូតូគេទុកមុខបន្ទប់ជួល លួចជិះយកទៅបញ្ចាំ ៨ថ្ងៃក្រោយ ម្ចាស់ល្បួងមកឲ្យប៉ូលិសចាប់

ឃើញម៉ូតូគេទុកមុខបន្ទប់ជួល លួចជិះយកទៅបញ្ចាំ ៨ថ្ងៃក្រោយ ម្ចាស់ល្បួងមកឲ្យប៉ូលិសចាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីឆបោកម៉ូតូអ្នកស្គាល់គ្នា គេចខ្លួនបានចំនួន០៨ថ្ងៃ ត្រូវម្ចាស់ម៉ូតូល្បួងឲ្យមកជួប និងចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ករណីឃាត់ខ្លួនបុរសខាងលើកើតឡើងកាលពីម៉ោង០៩និង៥០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្រោមស្ពានអាកាស៥មករា ផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ នន់ ផល្លីន អាយុ២៩ឆ្នាំ មុខរបរជាងបៀកថ្នាំផ្ទះ ស្នាក់នៅបន្ទប់ជួល ក្រោយសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ មានស្រុកកំណើតភូមិកញ្ច្រប់ ឃុំនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ម្ចាស់ម៉ូតូមានឈ្មោះ ឡូច ស៊ីថា អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា កាលពីប្រហែល២០និង០០នាទីព្រលប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ គាត់បានទៅដើរលេងជាមួយមិត្តភក្តិ ហើយបានទុកម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-6901 របស់គាត់ នៅមុខបន្ទប់ជួលដោយមិនបានយកទៅទេ ខណៈត្រឡប់មកពីដើរលេងវិញ ពេលមកដល់បន្ទប់ជួល ស្រាប់តែបាត់ម៉ូតូ ពេលនោះគាត់បានសួរទៅឈ្មោះកៀន ប៊ុនហឿន ដែលជួលបន្ទប់ស្នាក់នៅជាមួយគ្នា គាត់បានប្រាប់ថា ឈ្មោះនន់ ផល្លីន ដែលជាអ្នកស្គាល់គ្នាមកខ្ចីជិះ។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីចាំមួយថ្ងៃបាត់ៗ មិនឃើញយកម៉ូតូមកឲ្យវិញ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ គាត់បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តែម្តង រហូតដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ គាត់បានទំនាក់ទំនងឈ្មោះ នន់ ផល្លីន តាមរយៈទូរស័ព្ទ ក៍ល្បួងណាត់ឲ្យមកជួបនៅចំណុចក្រោមស្ពានអាកាស៥មករា ផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហើយនន់ ផល្លីន មកជួបតាមការណាត់ ក៍ឃាត់ខ្លួនជនខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆកបោកម៉ូតូជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានយកម៉ូតូខាងលើយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានលុយចំនួន២០០ដុល្លារ ដើរស៊ីចាយអស់ហើយ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្រោយពីម្ចាស់ម៉ូតូឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ជំហ៊ានដំបូងបានធ្វើតេស្តទៅលើទឹកនោម ឃើញថា ជនសង្ស័យក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនផង ហើយក៍បានឃាត់ខ្លួនយកមកធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្តង៕

RELATED ARTICLES