Saturday, April 27, 2024
Homeតារាខ្មែរដោយសារការស្រលាញ់!!! អ្នកនាងស្រីតូច ចំណាន បើកហាងលក់ហូល ផាមួង

ដោយសារការស្រលាញ់!!! អ្នកនាងស្រីតូច ចំណាន បើកហាងលក់ហូល ផាមួង

អតីតតារាសម្តែងដែលក្លាយទៅជា “ជំទាវ” មានទ្រព្យរាប់រយលានដុល្លារ អ្នកនាងម៉ៅ ចំណាន ហៅស្រីតូច ចំណាន ដែលទោះជាដេកចាយលុយយ៉ាងណា ក៏មិនអស់លុយនោះ ស្រាប់តែពេលនេះ សេដ្ឋិនីរូបនេះបានធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំង ព្រោះថា ទោះជាមានទ្រព្យហូរហៀរយ៉ាងណា ក៏អ្នកនាងមិននៅស្ងៀមឡើយ ដោយបើកហាងលក់ហូល ផាមួង ចំណាយទុនអស់រាប់សែនដុល្លារ។

ទស្សនិកជនមានចម្ងល់ថា តើអ្នកនាងស្រីតូច ចំណាន ចង់បានលុយចំណេញយកទៅធ្វើអីទៀត បើពេលនេះ ស្វាមីជាមហាសេដ្ឋីរបស់អ្នកនាង គឺលោកឧកញ៉ាគិត ម៉េង មានមុខជំនួញរាប់មិនអស់ទៅហើយនោះ?

ហាងសោភ័ណនារីខ្មែរ ហូល ផាមួង គ្រប់ប្រភេទ ដែលនៅផ្ទះលេខ ៣៤Eo ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ (ក្បែរផ្សារសូរិយា) ដែលនៅផ្ទះ២ល្វែងជាប់គ្នា ហើយឌីហ្សាញជាពណ៌ផ្កាឈូក នៅផ្ទះ២ល្វែងជាប់គ្នានោះ ត្រូវបានគេដឹងថា ម្ចាស់ហាងនេះ គឺជាសេដ្ឋិនីស្រីតូច ចំណាន ដែលជាភរិយារបស់លោកឧកញ៉ាមហាសេដ្ឋីគិត ម៉េង។

ប្រភពបានឱ្យដឹងថា ហាងនេះនាំចូលក្រណាត់ពីបរទេស ដែលមានតម្លៃថ្លៃបំផុត ហើយនិងមានលក់កាបូបម៉ាកល្បីៗដែរ តែអ្នកដែលចូលទៅទិញភាគច្រើនគឺជាជំទាវៗ ព្រោះសាច់ក្រណាត់ហូល ផាមួង ទាំងនេះមានតម្លៃខ្ពស់ ហើយសូម្បីតែកាបូបដៃនារី១ តម្លៃជាង១ម៉ឺនដុល្លារ ក៏មានលក់នៅទីនោះដែរ។

ព័ត៌មានបានឱ្យដឹងថា ការដែលអ្នកនាងស្រីតូច ចំណាន បើកហាងនេះឡើង គឺដោយសារតែអ្នកនាងស្គាល់ជំទាវៗច្រើន ហេតុនេះហើយឱ្យតែគេត្រូវការរបស់ដែលល្អ ជាម៉ាកល្បីៗ (Brand) គឺត្រូវតែទៅរកទិញនៅទីនោះតែម្តង។

លោកម៉ម រស្មី ជំនួយការលោកឧកញ៉ាគិត ម៉េង បានឱ្យដឹងថា ហាងនោះ គឺពិតជារបស់អ្នកនាងចំណាន មែន ហើយគាត់លក់តែរបស់ដែលមានគុណភាពមែន ហើយដោយសារគាត់ស្រលាញ់ខាងហ្នឹង ទើបអ្នកនាងបើកហាងនេះឡើង។

លោករស្មី អះអាងថា “ហាងលោកជំទាវចំណាន នេះ បើកដំណើរការបានប្រហែល៦ខែហើយ តែមិនមានកម្មវិធីសម្ពោធអីទេ។ ហាងនេះមានលក់ហូល ផាមួង និងរបស់របរនារីផ្សេងៗទៀតដែល មានគុណភាពល្អ។ មូលហេតុដែលលោកជំទាវបើកហាងនេះ ព្រោះគាត់មានស្គាល់គេច្រើន អីចឹងគាត់ស្រលាញ់ការរកស៊ីខាងហ្នឹងផង មានគេគាំទ្រផង ក៏បើកទៅ តែខ្ញុំមិនដឹងថា គាត់ចំណាយលុយប៉ុន្មានបើកហាងនេះទេ គ្រាន់តែមើលទៅមិនជាតិចទេ”។

ស្រីតូច ចំណាន បានដឹកដៃលោកឧកញ៉ាមហាសេដ្ឋីគិត ម៉េង ចូលរោងការ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាជាង១០ឆ្នាំ និងមានកូន៤នាក់ (ស្រី២)។ អតីតតារាសម្តែង និងពិធីការិនីល្បីឈ្មោះ ស្រីតូច ចំណាន រូបនេះក្លាយទៅជាសេដ្ឋិនី ដែលមិនអាចមានអតីតតារារូបណាអាចប្រៀបផ្ទឹមទ្រព្យសម្បត្តិស្មើអ្នកនាងឡើយ បើទោះជាអ្នកនាងឱក បូរី និងពេជ្រ ច័ន្ទបរមី សុទ្ធតែមានងារជាជំទាវ ដូចអ្នកនាងចំណាន ហើយពួកគេរស់នៅលើគំនរទ្រព្យដូចគ្នាក្តី។ ប្រភពបានឱ្យដឹងថា អ្នកនាងស្រីតូច ចំណាន ត្រូវបានស្វាមីអ្នកនាង លោកឧកញ៉ាគិត ម៉េង ប្រគល់ឱ្យគ្រប់គ្រងនូវភាគហ៊ុនមួយចំនួនជំនួសលោក ដែលមានទឹកប្រាក់រាប់រយលានដុល្លារឯណោះ។ តែទោះជាមុខជំនួញធំយ៉ាងណា ក៏អ្នកនាងចំណាន នៅតែមិនភ្លេចការបើកហាងហូល ផាមួងនេះដែរ ព្រោះ វាជាមុខរបរមួយដែលអ្នកនាងស្រលាញ់ និងចង់បើកវាតាំងពីចូលសិល្បៈម៉្លេះ ហើយពេលនេះបំណងរបស់អ្នកនាងបានសម្រេចហើយ។

អ្នកសិល្បៈមួយចំនួនបានឱ្យដឹងថា កុំថាបើកហាងហូល ផាមួងមួយ ដែលចំណាយលុយរាប់សែនដុល្លារ ទោះជាបើកហាងគ្រប់ផ្លូវទាំងអស់ នៅភ្នំពេញ និងតាមគ្រប់បណ្តាខេត្តទៀតនោះ ក៏អ្នកនាងអាចធ្វើបានភ្លាមដែរ ឱ្យតែអ្នកនាងចំណាន ចង់ ព្រោះថា អតីតតារាសម្តែងរូបនេះមានទ្រព្យរាប់រយលានដុល្លារក្នុងដៃ៕

RELATED ARTICLES