Tuesday, April 23, 2024
Homeព័ត៌មានជាតិសិស្សជាង៣០នាក់ដូួលសន្លប់ នៅវិទ្យាល័យភូមិថ្មី

សិស្សជាង៣០នាក់ដូួលសន្លប់ នៅវិទ្យាល័យភូមិថ្មី

ខេត្តរតនគិរី ៖ សិស្សានុសិស្សប្រមាណជាង៣០នាក់ ដែលកំពុងរៀនសូត្រនៅក្នុងវិទ្យាល័យភូមិថ្មី ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង បានកើតអាការវិលមុខដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។

សិស្សានុសិស្សដែលដួលសន្លប់ទាំងជាង៣០នាក់ គឺជាសិស្សរៀនថ្នាក់ទី៧ និងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ សិស្សានុសិស្សទាំងនោះបានចូលសាលារៀនសូត្រដូចសព្វមួយដង លុះមកដល់វេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃដដែល ក៏ស្រាប់តែសិស្សប៉ុន្មាននាក់ ក្នុងចំណោមនោះបានកើតអាការវិលមុខ និងដួលសន្លប់ភ្លាមៗ ជាហេតុធ្វើឱ្យសិស្សានុសិស្សផ្សេងទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសសិស្សស្រីៗហាក់មានអារម្មណ៍តក់ស្លុត ក៏ដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់ជាង៣០នាក់តែម្តង។

ប្រភពដដែលបន្តថា នៅពេលឃើញសិស្សានុសិស្សដួលសន្លប់ជាបន្តបន្ទាប់បែបនេះ លោកគ្រូអ្នកគ្រូ និងនាយកសាលា បានប្រញាប់ផ្តល់ដំណឹងដល់សមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ និងបានចាត់បញ្ជូនសិស្សានុសិស្សទាំងនោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗ ដើម្បីសង្គ្រោះ។

យ៉ាងណាក្តី រហូតមកដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ សិស្សានុសិស្សមួយចំនួនបានធូរស្បើយ និងត្រូវបានអាណាព្យាបាលនាំចេញពីមន្ទីរពេទ្យវិញហើយ ខណៈដែលមួយចំនួនតូច កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយ។

តាមប្រភពពីគ្រូពេទ្យប្រចាំមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលសិស្សានុសិស្សទាំងជាង៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់នេះ ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា បណ្តាលមកពីកង្វះជាតិស្ករ តែយ៉ាងណា មិនមានសិស្សានុសិស្សណាម្នាក់ មានបញ្ហាធ្ងន់ធ្ងរ រហូតប៉ះពាល់ដល់អាយុជីវិតនោះទេ៕

RELATED ARTICLES