Friday, April 26, 2024
Homeតារាខ្មែរតូតា ត្រៀមទុនកន្លះលានដុល្លារ ពង្រីកហាងផែសមុទ្រ១២ទីតាំង ខណៈយប់មិញនេះ សម្ពោធសាខាទី២ អស់ជាង៤មុឺនដុល្លារ

តូតា ត្រៀមទុនកន្លះលានដុល្លារ ពង្រីកហាងផែសមុទ្រ១២ទីតាំង ខណៈយប់មិញនេះ សម្ពោធសាខាទី២ អស់ជាង៤មុឺនដុល្លារ

បន្ទាប់ពីហាងផែសមុទ្រ សាខាទី១ នៅខាងក្រោយសណ្ឋាគារឡឺប្រេស៊ីដង់ បើកដំណើរការជោគជ័យមិនទាន់បានប៉ុន្មានផង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ កញ្ញាម៉ាក សែនសូនីតា ហៅតូតា បានបើកសម្ពោធហាងផែសមុទ្រសាខាទី២ នៅក្រុងតាខ្មៅ គួរឲ្យភ្ញាក់ផ្អើល ខណៈដែលនាងបង្ហើបថា គ្រោងពង្រីកឲ្យបាន១២សាខានៅរាជធានីភ្នំពេញ ដោយបានត្រៀមទុនខ្ទង់រាប់សែនដុល្លារ។

ការបើកសម្ពោធហាងផែសមុទ្រសាខាទី២ នៅក្រុងតាខ្មៅ របស់កញ្ញាតូតា យប់មិញនេះ បើទោះបីពុំសូវមានវត្តមានតារាសិល្បៈប៉ុន្តែមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ស្ទើរតែគ្មានតុអង្គុយ ខណៈដែលមានវត្តមានតារាចម្រៀងកំពុងមានប្រជាប្រិយភាព២រូប ចូលរួមបង្កបរិយាកាសយ៉ាងរីករាយ គឺ នាយចឺម និងកុមារ ពេជ្រ ថៃ។

ថៅកែស្រីហាងផែសមុទ្រ កញ្ញាតូតា បានថ្លែងឲ្យដឹងថា “ហាងផែសមុទ្រ សាខាទី២ នៅតាខ្មៅនេះ ធំទូលាយជាងសាខាទី១ ហើយសម្រាប់សេវាកម្ម គឺល្អដូចគ្នា។ ជាពិសេសនោះ មានអាហារសមុទ្រស្រស់ៗដែលយកមកពីខេត្តកែប និងខេត្តព្រះសីហនុ ហើយអតិថិជនអាចញ៉ាំនៅហាងក៏បាន ឬកុម្មង់យកទៅគេហដ្ឋានក៏បាន ជាមួយនឹងតម្លៃសមរម្យ។

តូតា បន្តថា “ទីតាំងហាង “ផែសមុទ្រ” សាខាទី២ នេះ ជាដីរបស់ក្រុមគ្រួសាររបស់នាងផ្ទាល់ ដោយពុំបានជួលគេទេ ហើយហាងនេះបានចំណាយទុនជាង៤ម៉ឺនដុល្លារ ដែលចូលហ៊ុនជាមួយបងស្រីបង្កើតរបស់នាង។

តារាដែលកំពុងចូលប្រឡូកស៊ប់នៅក្នុងមុខជំនួញរកស៊ីរូបនេះ បានឲ្យដឹងដែរថា តាមគម្រោងនាងនិងលោកនីត ថៅកែផលិតកម្មAngkor Picture នឹងចាប់ដៃគ្នាពង្រីកឲ្យបាន១២ទីតាំងសំខាន់ៗ នៅរាជធានីភ្នំពេញ ដូច្នេះទុនក្នុងមុខជំនួញមួយនេះចូលខ្ទង់កន្លះលានដុល្លារ ខណៈដែលហាងនីមួយៗចំណាយមិនតិចជាង៤ម៉ឺនដុល្លារនោះ។

តូតា អះអាងថា “ហាង “ផែសមុទ្រ” សាខាទី៣ គ្រោងនឹងបើកដំណើរក្នុងពេលឆាប់ៗ ស្ថិតនៅក្នុងទីតាំងម្ដុំទួលទំពូង ខណៈដែលនាងមានជំនឿចិត្តថា មុខជំនួញហាងអាហារសមុទ្រនេះ នឹងទទួលបានជោគជ័យខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា នាងក៏មិនបោះបង់អាជីពសិល្បៈចោលដែរ ដែលអំឡុងពេលនេះ ក្រៅពីមមាញឹកក្នុងការពង្រីកមុខរបររកស៊ី នាងក៏ជាប់រវល់ថតភាពយន្តផងដែរ៕

RELATED ARTICLES