នឹកស្រីស្នេហ៍ពេក ស្កាត់ជួបមុខនៅភ្នំពេញ ជាអកុសលបុករបាំងថ្មបោកក្បាលស្លាប់

ភ្នំពេញ ៖ យុវជន២នាក់ បានជិះម៉ូតូចេញពីផ្ទះ បំណងស្កាត់មកជួបស្រីស្នេហ៍នៅភ្នំពេញ ស្រាប់តែអកុសល ជ្រុលចង្កូតទៅបុកនឹងរបាំងថ្ម ដែលគេទុករៀបសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូដួលហោះផ្លោងបោកក្បាលទៅនឹងថ្នល់ បែកក្បាលស្លាប់ក្នុងថ្លុកឈាម ចំណែកអ្នកអង្គុយខាងក្រោយរងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅចំណុចទល់មុខរោងចក្រកាត់ដេរសំលៀកបំពាក់ W Y GAMEN តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពាន់ថ្ម ខណ្ឌដង្កោ។

សពយុវជនរងគ្រោះ ដែលជិះម៉ូតូបុករបាំងថ្មដួលបោកក្បាលស្លាប់ មានឈ្មោះមុត ធួន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិដើមធ្លក ឃុំដើមស្លែង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកយុវជនម្នាក់ទៀតដែលរួមដំណើរជាមួយ ទទួលរងរបួសធ្ងន់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានស្រុកកំណើតនៅខេត្តតាកែវជាមួយគ្នា។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ខ្មៅ អត់មានស្លាកលេខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះទាំង២នាក់ខាងលើ មិនដឹងថា មានគោលបំណងទៅណានោះទេ បានជិះម៉ូតូម៉ាក MSX ដឹកគ្នាធ្វើដំណើរតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវងងឹត ស្រាប់តែម៉ូតូជនរងគ្រោះ បានជ្រុលទៅបុកនឹងរបាំងថ្ម ដែលគេទុករៀបសួនច្បារពុះចែកផ្លូវ និងត្រូវបានគេទុកចោលនៅលើផ្លូវ ហើយអត់មានដាក់ភ្លើងសញ្ញាសំគាល់ត្រឹមត្រូវផងនោះ បណ្តាលឱ្យម៉ូតូដួល និងធ្វើឱ្យយុវជនរងគ្រោះជាអ្នកបើកម៉ូតូ ហោះផ្លោងបោកក្បាលទៅនឹងថ្នល់ បណ្តាលឱ្យបែកក្បាលហូរឈាម ស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម។ ចំណែកអ្នកអង្គុយខាងក្រោយ រងរបួសធ្ងន់។ ស្របជាមួយគ្នានោះ ក៏មានម៉ូតូ១គ្រឿងទៀត ម៉ាក MSX ពណ៌ខ្មៅ  ពាក់ស្លាកលេខ តាកែវ 1J-5079 ជិះគ្នា២នាក់ដូចគ្នា បានជ្រុលទៅបុកបន្ថែមទៀតពីក្រោយទៀត បណ្តាលឱ្យរងរបួសស្រាលទាំង២នាក់។

ដោយឡែក តាមសម្តីមិត្តភក្តិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេមានគ្នាចំនួន៤នាក់ បានជិះម៉ូតូម៉ាក MSX  ចំនួន២គ្រឿង មកពីស្រុកកំណើតឯខេត្តតាកែវ បំណងស្កាត់មកជួបស្រីស្នេហ៍ផង និងដើរលេងនៅក្រុងភ្នំពេញផង។ លុះក្រោយពីដើរលេងអស់ចិត្ត ពួកគេក៏ជិះម៉ូតូក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅខេត្តតាកែវ  តែអកុសល ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែម៉ូតូជនរងគ្រោបានជិះទៅបុកនិងថ្ម ដែលគេទុករៀបសួនច្បារពុះចែកផ្លូវ បណ្តាលឱ្យអ្នកបើកម៉ូតូដួលបោកក្បាល បែកឈាមពេញផ្លូវ។ ចំណែកម៉ូតូរបស់ពួកគេ១គ្រឿងទៀត មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកបន្ថែមទៀតបណ្តាលឱ្យរងរបួស២នាក់ទៀត និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជិះម៉ូតូបុករបាំងថ្ម បណ្តាលឱ្យដួលបោកក្បាលស្លាប់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តតាកែវ តាម ប្រពៃណី៕