ជិះម៉ូតូពីរនាក់មិត្តភក្តិសុខៗ ស្រាប់តែចោរ៣នាក់ដោះខ្សែក្រវាត់វ៉ៃប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ ៖ យុវជន២នាក់ ទើបនឹងចេញពីផឹកស៊ីស្រវឹង ជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ រួចជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខអាផាតមិន ឌឺខាសល តាមបណ្តោយផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរវ៉ៃប្លន់ មានឈ្មោះសកល ជាងគីម អាយុ២១ឆ្នាំ ជាបុគ្គលិកនៅហាងអាយផេតកាហ្វេ ស្នាក់នៅក្នុងហាង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់ ម៉ាកស៊ុយស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខ ត្បួងឃ្មុំ 1E-8378។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេនិងមិត្តភក្តិម្នាក់ទៀត ទើបនឹងចេញមកពីផឹកស៊ីជាមួយមិត្តភក្តិប៉ុន្មាននាក់ផ្សេងទៀតនៅម្តុំសូរិយ៉ាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រួចក៏ជិះម៉ូតូដឹកគ្នាបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំផ្សារមាន់អាំង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣១៥ ក្នុងទិសដៅពីជើងទៅត្បូង។

លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ បានជិះតាមមកពីក្រោយ ហើយបានធ្វើសកម្មភាពយកខ្សែក្រវាត់វាយមកលើពួកគេទាំង២នាក់ ធ្វើឱ្យពួកគេភ័យស្លន់ស្លោពេក ក៏ផ្តួលម៉ូតូចោលរត់ទៅឱ្យហៅគេជួយ ហើយឆ្លៀតពេលនោះក្រុមជនសង្ស័យ ក៏បានលើកម៉ូតូរបស់គេ ជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គនរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕