Thursday, April 25, 2024
Homeតារាខ្មែរអម្ពរ ទេវី ស្រក់ទឹកភ្នែក ពេលមកដល់កម្ពុជា

អម្ពរ ទេវី ស្រក់ទឹកភ្នែក ពេលមកដល់កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា នេះ តារាភាពយន្តជើងចាស់ល្បីឈ្មោះ អ្នកនាងអម្ពរ ទេវី បានវិលមកដល់ទឹកដីកម្ពុជា ក្នុងគោលបំណងថតខ្សែភាពយន្តភាគឲ្យផលិតកម្ម Red picture រឿង “ឆន្ទា” ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកនាងបានបង្ហាញក្ដីរំភើប រហូតទប់ទឹកភ្នែកមិនជាប់ នៅពេលមកដល់ទឹកដីកំណើតរបស់ខ្លួន ខណៈដែលមានបងប្អូនទស្សនិកជន អ្នកនៅក្នុងសង្គមសិល្បៈក្រុមគ្រួសារ និងលោកពេជ្រ ភិរុណ អតីតស្វាមីបានមករងចាំទទួលយ៉ាងកក់ក្ដៅ។

អ្នកនាងអម្ពរ ទេវី បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ជាមួយកូនប្រុសម្នាក់ ខណៈដែលមានអ្នករងចាំទទួលអ្នកនាងត្រៀបត្រាខ្ទង់រាប់រយនាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅទីនោះតែម្ដង។ ពោលគឺវត្តមានរបស់អ្នកនាងអម្ពរ ទេវី ហាក់ធ្វើឲ្យកក្រើកពិភពសិល្បៈជាថ្មី បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងរឿង “ទឹកចិត្តម្ដាយសម័យថ្មី”។

អ្នកនាងអម្ពរ ទេវី បានថ្លែងឲ្យដឹងពេលមកដល់កម្ពុជា ថា “អ្នកនាងពិតជារំភើបចិត្តណាស់ រហូតទប់ទឹកភ្នែកមិនជាប់ នៅពេលដែលឃើញបងប្អូនទស្សនិកជននៅតែគាំទ្រ ផ្ដល់កម្លាំងចិត្ត និងបានមកទទួលអ្នកនាងយ៉ាងកុះករបែបនេះ។ អ្នកនាងថា អ្វីដែលធ្វើឲ្យអ្នកនាងកាន់តែមានមោទនៈភាពទៀតនោះ អ្នកនាងបានវិលមកថតភាពយន្តជាថ្មី ដើម្បីបម្រើអារម្មណ៍បងប្អូនទស្សនិកជន។

អ្នកនាងទេវី បន្ថែមថា “បន្ទាប់ពីទទួលបានការគាំទ្រក្នុងការសម្ដែងរឿង “ទឹកចិត្តម្ដាយសម័យថ្មី” ក៏មានផលិតករបានទាក់ទងឲ្យអ្នកនាងថតភាពយន្តបន្តទៀត ហើយការមកលើកនេះ គឺត្រូវថតខ្សែភាពយន្តភាគរឿង “ឆន្ទា” ឲ្យផលិតកម្ម Red picture ដែលអ្នកនាងសម្ដែងជាតួអង្គស្ត្រីជាអ្នកជំនួញដែលមានចរិតម៉ឺងម៉ាត់។

តារាជើងចាស់ល្បីឈ្មោះមិនសាប វ័យ៤៩ឆ្នាំរូបនេះ បានឲ្យដឹងដែរថា “អ្នកនាងត្រូវសម្ដែង និងស្នាក់នៅកម្ពុជា រយៈពេល២ខែ ទើបត្រឡប់ទៅសហរដ្ឋអាមេរិក វិញ ខណៈដែលអ្នកនាងរំពឹងថា ភាពយន្តដែលអ្នកនាងត្រៀមសម្ដែង និងគ្រោងដាក់បញ្ចាំងនៅចុងឆ្នាំ២០១៨ នៅ CTN នេះ នឹងទទួលបានការគាំទ្រពីបងប្អូនទស្សនិកជន។

តាមដំណឹងថា ឱកាសថតខ្សែភាពយន្តរឿង “ឆន្ទា” អ្នកនាងអម្ពរ ទេវី ទទួលបានតម្លៃខ្លួនមិនធម្មតា គឺខ្ទង់៥ម៉ឺនដុល្លារឯណោះ។

តាមប្រភពថា ការធានាអ្នកនាងអម្ពរ ទេវី មកថតរឿងនេះ ពុំមែនជាការងាយស្រួសនោះទេ ដោយក្រៅពីឲ្យតម្លៃខ្លួនអ្នកនាងខ្ពស់ហើយនឹងត្រូវរ៉ាប់រងការចំណាយរបស់អ្នកនាងទាំងស្រុង ទាំងថ្លៃសំបុត្រយន្តហោះទៅមក ការហូបចុក និងការស្នាក់នៅរបស់អ្នកនាងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ជាដើម ពោលគឺអ្នកនាងមកថតភាពយន្តរយៈពេល២ខែនេះ ផលិតកម្មត្រូវចំណាយលើអ្នកនាងខ្ទង់៥ម៉ឺនដុល្លារឯណោះ។

យ៉ាងណា ចំពោះដំណឹងនេះ ខាងតំណាងផលិតកម្មសុំមិនបកស្រាយទេ ដោយគ្រាន់តែលើកឡើងថា ជាមោទនៈភាពដែលអ្នកនាងអម្ពរ ទេវី បានទទួលថតខ្សែភាពយន្តរបស់ខ្លួន ហើយរំពឹងថា ខ្សែភាពយន្តភាគនេះនឹងទទួលបានការគាំទ្រពីបងប្អូនទស្សនិកជន។

មានការចាប់អារម្មណ៍ថា វត្តមានរបស់អ្នកនាងអម្ពរ ទេវី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏មានវត្តមានរបស់លោកពេជ្រ ភិរុណ អតីតស្វាមីបានមកទទួលស្វាគមន៍ផងដែរ ខណៈដែលលោកភិរុណ អះអាងថា លោកនឹងអតីតភរិយានៅតែរាប់អានគ្នាជាធម្មតា ព្រមទាំងជួយជ្រោមជ្រែងឲ្យថតភាពយន្ត ដើម្បីបម្រើអារម្មណ៍បងប្អូនទស្សនិកជនបន្តទៀត។

លោកភិរុណ ក៏បានបង្ហាញក្ដីរំពឹងថា “ទស្សនិកជននឹងគាំទ្រស្នាដៃថ្មីរបស់អតីតភរិយារបស់លោក នៅក្នុងរឿង “ឆន្ទា” ដែលគ្រោងដាក់បញ្ចាំងនៅ CTN ចុងឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕

RELATED ARTICLES