ប៊ុត សីហា ធ្លាក់ខ្លួនដល់ម្លុឺងផង ច្រៀង១កម្មវិធី ១០០ដុល្លារ

0
507

ប៊ុត សីហា ដែលជាម្ចាស់ពាន “The Voice Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស កាលពីឆ្នាំ២០១៥នោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលថ្មីៗនេះ រូបគេបានក្លាយទៅជាតារាចម្រៀងច្រៀងតាមអកដង់ក្នុងមង្គលការអ្នកតាមជនបទស្រុកស្រែរចម្ការ ដែលត្រូវម្ចាស់កម្មវិធីបង្ហើបឲ្យដឹងថា តម្លៃខ្លួនសីហា ត្រឹមតែ១០០ដុល្លារ ក្នុង១កម្មវិធីនោះ។

ជាមួយរូបរាងកាន់តែស្រកសាច់ចុះស្គម មើលសឹងតែមិនស្គាល់ថាជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស ផងនោះ សីហា ហាក់ខុសគ្នាជាមួយតារារួមដំបូលហង្សមាស ដាច់តែម្ដង ព្រោះថាម្ចាស់ពានស្ទើរតែទាំងអស់នៅហង្សមាស ពេលនេះកំពុងត្រូវប៉ាន់ធំកើបលុយនៅរដូវក្ដៅនេះ តាមឆាកតន្ដ្រីធំៗគ្រប់ខេត្ត-ក្រុង។ នី រតនា, ថែល ថៃ, ដួង វីរៈសិដ្ឋ, ឈិន ម៉ានិច្ច និងកុមារពេជ្រ ថៃ ដែលសុទ្ធតែកាន់ពាននៅក្នុងដៃនោះ ត្រូវហង្សមាស ដាក់ទៅឲ្យច្រៀងតាម Concert ធំៗស្ទើររាល់សប្ដាហ៍ គឺបាត់មុខតែប៊ុត សីហា ម្នាក់ប៉ុណ្ណោះពីឆាកតន្ដ្រីហង្សមាស ហើយបែរជាត្រូវគេប្រទះឃើញច្រៀងតាមអកកេសនៅស្រុកស្រែទៅវិញ។

ចម្ងល់របស់មហាជនថា តើហេតុអ្វីបានជាក្រុមហ៊ុនហង្សមាស លើកតម្កើងតែម្ចាស់ពានថ្មីៗ ហើយធីបចោលប៊ុត សីហា ដែលគេចាត់ទុកថាជាតារាដែលមានសមត្ថភាពខ្ពស់ជាងម្ចាស់ពានដទៃទៀតរបស់ហង្សមាស ទៅវិញ ឬមួយក៏មកពីសីហា គ្មានខ្សែ?

យ៉ាងណា ចំណុចនេះត្រូវបានអ្នកដឹកនាំសម្ដែងនិពន្ធបទចម្រៀង និងគ្រូជំនាញបង្ហាត់ច្រៀងនៅផលិតកម្មរស្មីហង្សមាស បានបង្ហើបដោយសុំមិនបញ្ចេញឈ្មោះដូចគ្នាថា រឿងនោះមិនមែនជាកំហុសរបស់ផលិតកម្មរស្មីហង្សមាស ឡើយ តែមកពីសីហា ផ្ទាល់ បានជាធ្វើឲ្យរូបគេក្លាយទៅជាបែបនេះ។

អ្នកនិពន្ធល្បីឈ្មោះម្នាក់របស់ហង្សមាស ថ្លែងថា ”មិនមែនមកពីហង្សមាស មិនលើកទេ ថៅកែស្រលាញ់កូនចៅស្មើៗគ្នាហ្នឹង។ សីហា គេធ្វើការមិនគោរពពេលវេលា មិនសូវឲ្យតម្លៃអ្នកជុំវិញខ្លួន ពេលមានពាន ហាក់ដូចជាថាខ្លួនខ្លាំងជាងតារារៀមច្បង ដែលអត់ពានអីចឹង។ ខ្ញុំពិបាកនិយាយណាស់ គ្រាន់តែថាមកពីសីហា ផ្ទាល់ខ្លួនមិនចេះអភិវឌ្ឍខ្លួនឯង មិនឲ្យតម្លៃខ្លួនឯង ទើបគាត់បែរជាទៅយ៉ាងនេះ…”។

ទោះជាយ៉ាងណា ក្រុមការងារផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា “ពេលនេះ ប៊ុត សីហា នៅតែជាតារាហង្សមាស ដដែលទេ ព្រោះកុងត្រាមិនទាន់ផុតនៅឡើយ។

ដោយឡែក អ្នកដឹកនាំកម្មវិធីទូរទស្សន៍ល្បីឈ្មោះម្នាក់ ក៏បានឲ្យដឹងដែរថា “រឿងប៊ុត សីហា ទៅជាបែបនេះ គឺមិនមែនមកពីហង្សមាស ទេ តែមកពីប្រពន្ធសីហា តាមឃ្វាលប្ដីពេក អត់ដឹងថា ប្ដីខ្លួនជាអ្នកសិល្បៈ តារាល្បី ទុកមុខឲ្យប្ដីអី អត់ទេ ពេលខ្លះ សីហា ទៅច្រៀងនៅឆាក ប្រពន្ធកូនក្រាលកន្ទេលដេកក្បែរឆាក ចាំក៏មានដែរ…។ តើនោះឬជាការឲ្យតម្លៃប្ដី? បើខ្លាចគេមានស្រី ក៏មិនត្រូវធ្វើបែបហ្នឹងដែរ ដល់ពេលគាត់ធ្វើអីចឹងទៅ គ្នាឡើងមិនរួចតែម្ដង។

ប្រភពបានឲ្យដឹងថា ពេលនេះ ប៊ុត សីហា ហាក់បាក់ទឹកចិត្តខ្លាំងណាស់ ព្រោះឃើញតារារួមអាជីព ពួកគេសុទ្ធតែរកលុយបានរាប់ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ ឯរូបគេវិញបែរជាធ្លាក់ខ្លួនទៅច្រៀងអកកេស ហាក់ដូចជាចាប់ផ្ដើមសាជាថ្មីវិញដូចមុនពេលចូលហង្សមាសអីចឹង។

ប្រភពបានបន្ថែមថា មានពេលមួយនោះ ប៊ុត សីហា បានឡើងទៅធ្វើសមាធិនៅភ្នំមួយ ឯខេត្តកំពង់ស្ពឺ ដោយមិនព្រមចុះមកវិញឡើយ ធ្វើឲ្យនាងឃុន ស្រីនាង ដែលជាភរិយា មានការភ័យឆ្លេឆ្លាខាំ្លង ហើយក៏អង្វរសីហា ឲ្យចុះមកក្រោមវិញទៀតផង…។

ប៊ុត សីហា ដែលបានរួមរស់ក្រោមដំបូលតែមួយជាមួយនាងឃុន ស្រីនាង តាំងពីមុនក្លាយទៅជាតារាចម្រៀងហង្សមាស នោះ ពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ អាយុជាង២ឆ្នាំ ហើយជាញឹកញាប់ សីហា បានបង្ហោះរូបជាមួយកូនស្រី ហាក់ដូចជាអស់សង្ឃឹមក្នុងជីវិតអីចឹង។

ម្ដាយក្មេកប៊ុត សីហា​ធ្លាប់ឲ្យដឹងថា “សីហា មានជំងឺក្រពះធ្ងន់ធ្ងរ ទើបធ្វើឲ្យរូបគេស្គមស្គាំង ខុសពីតារាចម្រៀងដទៃនោះ ហើយពេលនេះ សីហា ត្រូវការព្យាបាលជំងឺក្រពះជាចាំបាច់ ខណៈដែលលុយកាក់មិនសូវសល់ឡើយ៕