Saturday, April 27, 2024
Homeតារាខ្មែររឿង “ខ្មោចស៊ីឈ្នួល” ប្រាក់ចំណេញ មិនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួននោះទេ

រឿង “ខ្មោចស៊ីឈ្នួល” ប្រាក់ចំណេញ មិនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួននោះទេ

ភាពយន្តខ្នាតធំបែបភ័យរន្ធត់ ព្រឺព្រួច របស់ផលិតកម្ម C2go បានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ ហើយកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅនេះ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបសូរិយា ខណៈដែលម្ចាស់ផលិតកម្មបានប្រកាសថា ប្រាក់ចំណូលដែលទទួលបានពីការដាក់បញ្ចាំង មិនយកដាក់ហោប៉ៅផ្ទាល់ខ្លួននោះទេ។

លោកអេថិន ជានិច្ច ម្ចាស់ផលិតកម្ម C2go និងជាប្រធានអង្គការ “ខ្ញុំខ្មែរ” បានថ្លែងឲ្យដឹងថា “រឿង “ខ្មោចស៊ីឈ្មួល” ជាភាពយន្តបែបភ័យរន្ធ ព្រឺព្រួច កំប្លែងសើច និងអប់រំ ដែលបានសម្រិតសម្រាំងការផលិតអស់ជាច្រើនម៉ឺនដុល្លារ មុននឹងសម្រេចចិត្តដាក់បញ្ចាំងនៅពេលនេះ។ លោកថា ដោយសារតែការស្រលាញ់ និងចង់លើកស្ទួយវិស័យសិល្បៈខ្មែរ លោកក៏បានបើកផលិតកម្មដើម្បីផលិតចម្រៀង និងភាពយន្តនេះឡើង ហើយសម្រាប់រឿងបើកឆាកដំបូងនេះ។ លោករំពឹងថា នឹងទទួលបានការគាំទ្រពីបងប្អូនទស្សនិកជន ដើម្បីរួមចំណែកជួយវិស័យសិល្បៈទាំងអស់គ្នា។

លោកជានិច្ច បញ្ជាក់ថា “ការផលិតរឿង “ខ្មោចស៊ីឈ្នួល” បានជួបនូវឧបសគ្គមួយចំនួនផងដែរ ទម្រាំសម្រេចបានដាក់បញ្ចាំងនៅពេលនេះ។ ប៉ុន្តែលោកពិតជាមានការកោតសរសើរចំពោះក្រុមការងារខាងផលិតករ ក៏ដូចជាក្រុមតារាសម្ដែងដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រហូតភាពយន្តនេះអាចយកមកដាក់បញ្ចាំងបាន។ លោកថា ថវិកាដែលចំណេញពីការដាក់បញ្ចាំងភាពយន្តនេះលោកពុំមែនយកដាក់ហោប៉ៅខ្លួនឯងនោះទេ ពោលគឺ លោកនឹងចែករំលែកទៅឲ្យក្រុមផលិតករ និងតារាសម្ដែងដែលប្រឹងប្រែងយ៉ាងលំបាក ហើយក្រៅពីនោះ លោកនឹងតម្កល់នៅក្នុងអង្គការ ដើម្បីទុកជួយដល់សង្គម។

លោកជានិច្ច ក៏បានឲ្យដឹងដែរថា “លោកបានចូលរួមចែករំលែកជួយដល់សង្គមកម្ពុជា ជាច្រើនមកហើយ តាមរយៈការរៃអង្គាសប្រាក់ពីពលរដ្ឋខ្មែរ នៅតាមបណ្ដាប្រទេសនានា និងជនបរទេស ដើម្បីយកមកជួយដល់ជនជាតិខ្មែរ ដែលជួបការខ្វះខាតក្នុងជីវភាព។ ក្នុងនោះស្ដ្រីមេម៉ាយខ្វះខាត សមាគមន៍ក្រីក្រ និងក្មេងៗកំព្រា ជាដើម គឺអង្គការរបស់លោកបានចុះជួយដោយមិនរើសអើងនោះទេ តាមរយៈយកតារាពីកម្ពុជា ទៅច្រៀងលក់សំបុត្រ ឬរៃអង្គាសប្រាក់នៅក្រៅប្រទេស ដើម្បីយកប្រាក់ទាំងនោះមកតម្កល់នៅអង្គការជួយដល់ពលរដ្ឋខ្មែរ។

លោកអេថិន ជានិច្ច អះអាងថា “ក្រោយដាក់បញ្ចាំងនៅកម្ពុជា រឿង “ខ្មោចស៊ីឈ្នួល” ក៏គ្រោងយកទៅដាក់បញ្ចាំងនៅអូស្ត្រាលីដែលជាស្នាក់ការរបស់អង្គការ នៅកូរ៉េ និងនៅថៃ ជាដើម។ពោលគឺការយកទៅដាក់បញ្ចាំងនៅក្រៅប្រទេស គឺដើម្បីយកថវិការដែលទទួលបានទុកជួយពលរដ្ឋកម្ពុជាដែលជួបការខ្វះខាត។

នៅក្នុងពិធីបើកសម្ពោធរឿង “ខ្មោចស៊ីឈ្នួល” នៅផ្សារទំនើបសូរិយា មា​នការចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះសមាជិកក្នុងក្រុមគ្រួសារកម្ពុជា ក៏បានចូលមកចូលរួមយ៉ាងច្រើនផងដែរ ខណៈដែលរឿងនេះនឹងចាប់ផ្ដើមដាក់បញ្ចាំងលក់សំបុត្រ ចាប់ពីថ្ងៃទី១៩ មករា តទៅ នៅគ្រប់រោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

RELATED ARTICLES