Saturday, April 27, 2024
Homeតារាខ្មែរស្នេហ៍តាមហ្វេសប៊ុក!!! ចរិយា ពេជ្រ ដឹកដៃលោកចឺម ចូលរោងការ និងទទួលកាដូគ្រឿងអលង្ការពេជ្រជាង៣ម៉ឺនដុល្លារ

ស្នេហ៍តាមហ្វេសប៊ុក!!! ចរិយា ពេជ្រ ដឹកដៃលោកចឺម ចូលរោងការ និងទទួលកាដូគ្រឿងអលង្ការពេជ្រជាង៣ម៉ឺនដុល្លារ

ចំណងស្នេហ៍ឆ្លងដែន រវាងតារាសម្ដែងរូបស្រស់ អ្នកនាងចរិយា ពេជ្រ ជាមួយលោកជា ចឺម អាណិកជនខ្មែរ រស់នៅអូស្ត្រាលី ដែលត្រូវបានគេដឹងថា បានផ្ដើមស្នេហ៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនោះ បានឈានដល់ដឹកដៃគ្នាចូលរោងការតាមគន្លងប្រពៃណី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណៈដែលកូនកម្លោះបានជូនកាដូគ្រឿងពេជ្រមួយឈុត ដល់កូនក្រមុំ តម្លៃជាង៣ម៉ឺនដុល្លារ គួរឲ្យភ្ញាក់ផ្អើល។

កូនក្រមុំដ៏ស្រស់សោភា អ្នកនាងចរិយា ពេជ្រ បានថ្លែងឲ្យដឹងថា “អ្នកនាងបានស្គាល់ និងពិសោធន៍ជាមួយលោកជា ចឺម រយៈពេលជាង៥ឆ្នាំមកហើយ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយនាងពិតជាសប្បាយចិត្តបំផុតនៅពេលសម្រេចបំណងបានចូលរោងការកសាងសុភមង្គលរួមគ្នា។ អ្នកនាងថា អ្នកនាងពិតជាសប្បាយចិត្តយ៉ាងក្រៃលែង នៅពេលស្វាមីជូនកាដូគ្រឿងពេជ្រមួយឈុត មានទាំងចិញ្ចៀន កងដៃ តម្លៃជាង៣ម៉ឺនដុល្លារ មិនទាន់គិតខ្សែក។ ប៉ុន្តែយ៉ាងណា ការសម្រេចចិត្តចូលរោងការជាមួយលោកចឺម អ្នកនាងពុំបានសម្លឹងឃើញទ្រព្យជាធំនោះទេ ពោលគឺអ្នកនាងជ្រើសរើសលោកចឺម ដោយសារតែលោកជាបុរសល្អចិត្តធ្ងន់ ឲ្យតម្លៃអ្នកនាង ក្នុងនាមជាតារាសិល្បៈ ហើយអ្វីដែលធ្វើឲ្យអ្នកនាងកាន់តែរំភើបចិត្តបំផុតនោះ គឺបានចូលស្ដីដណ្ដឹងនឹងរៀប​ការតាមគន្លងប្រពៃណី។

ក្រៅពីឲ្យកាដូគ្រឿងពេជ្រមួយឈុត តម្លៃជាង៣ម៉ឺនដុល្លារ លោកចឺម ក៏បានប្រគល់ថ្លៃបណ្ណាការ ខ្ទង់ម៉ឺនដុល្លារ នឹងជួយជ្រោមជ្រែងភរិយាលើមុខជំនួញរកស៊ីផងដែរ ខណៈដែលកូនកម្លោះអះអាងថា លោកនឹងផ្គត់ផ្គង់លើសពីនេះបន្ថែមទៀត។

កូនកម្លោះវ័យចំណាស់ បានថ្លែងឲ្យដឹងដែរថា “លោកពុំមែនជះលុយថ្ពក់ស្នេហ៍ភរិយានោះទេ ពោលគឺលោកនិងភរិយាស្រលាញ់គ្នាដោយចិត្តនឹងចិត្ត បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ លោកថា លោកនឹងភរិយាមានគម្រោងទៅលេងប្រទេសអូស្ត្រាលី រយៈពេលមួយសប្តាហ៍ ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែមិនទាន់មានគម្រោងទៅរស់នៅទីនោះនៅឡើយទេ។ លោកអះអាងថា លោកមានមុខជំនួញនៅប្រទេសអូស្ត្រាលី ខណៈដែលភរិយាមានមុខរបរនៅស្រុកខ្មែរ ដូច្នេះត្រូវឡើងចុះខ្មែរ-អូស្ត្រាលី ញឹកញាប់។ យ៉ាងណា ប្រសិនបើភរិយាមានបំណងចង់ទៅរស់នៅទឹកដីកោះនោះពេលណាក៏បាន គឺលោកអាចធានាបានគ្រប់ពេល។ ប៉ុន្តែនាពេលខាងមុខ ប្រសិនបើភរិយាសម្រេចមិនទៅរស់នៅអូស្ត្រាលី លោកនឹងតាមចិត្តភរិយាមករស់នៅកសាងសុភមង្គលរួមគ្នានៅស្រុកខ្មែរតែម្ដង៕

RELATED ARTICLES