Thursday, April 25, 2024
Homeព័ត៌មានជាតិពុទ្ធោ...ប្តីសម្លាញ់!!! យប់មិញដេកឱបអូនពេញ១យប់ ព្រឹកឡើងបងទៅចោលអូននិងកូន គ្មានថ្ងៃវិលវិញ

ពុទ្ធោ…ប្តីសម្លាញ់!!! យប់មិញដេកឱបអូនពេញ១យប់ ព្រឹកឡើងបងទៅចោលអូននិងកូន គ្មានថ្ងៃវិលវិញ

ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ២នាក់ ក្រោយពីហូបបាយល្ងាចរួច ក៏នាំគ្នាចូលដេកឱបគ្នាពេញមួយយប់ លុះដល់វេលាទៀបភ្លឺ ស្ត្រីជាប្រពន្ធនឹកឆ្ងល់ប្តីមិនកម្រើក ក៏អង្រួនដាស់ ទើបដឹងថា ប្តីបានស្លាប់រឹងស្តូកបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចមាត់ច្រកតំបន់ជប់គគី ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអម្ពិល។

បុរសរងគ្រោះដែលដេកស្លាប់ក្បែរប្រពន្ធ មានឈ្មោះសិត ដូង អាយុ៣០ឆ្នាំ មុខរបរជាកម្មករជាងឈើ មានប្រពន្ធឈ្មោះយ៉ន ច្រយ អាយុ៣២ឆ្នាំ និងមានកូនប្រុសម្នាក់ក្នុងបន្ទុក។ ទាំង២នាក់ប្តីប្រពន្ធ មានស្រុកកំណើតនៅភូមិត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ និងទើបតែមកធ្វើការ និងស្នាក់នៅកន្លែងកើតហេតុខាងលើ បានចំនួន៤ថ្ងៃប៉ុណ្ណោះ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា គ្រួសារនាងដែលមានសមាជិក៣នាក់ (ប្តីប្រពន្ធ និងកូនប្រុស) ទើបមកធ្វើការ និងស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បានរយៈពេល៤ថ្ងៃប៉ុណ្ណោះ។ ហើយប្តីរបស់នាងតែងចេញទៅធ្វើការនៅក្រុមហ៊ុនជារៀងរាល់ថ្ងៃ ដោយមិនដែលមានជំងឺឈឺថ្កាត់អ្វីនោះទេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់ល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ គ្រួសារនាង៣នាក់ប្តីប្រពន្ធ និងកូន បាននាំគ្នាហូបបាយជុំគ្នា រួចក៏ចូលទៅក្នុងបន្ទប់ដេកទាំងអស់គ្នាទៅ។ លុះមកដល់វេលាម៉ោង៣ទៀបភ្លឺ នាងបានយកដៃទៅឱបប្តី ស្រាប់តែប្តីមិនកម្រើកសោះ ភ្លាមនោះ នាងនឹកសង្ស័យក៏បានអង្រួនប្តីខ្លាំងៗទៀត ប៉ុន្តែប្តីនៅតែមិនដឹងខ្លួន ទើបនាងប្រញាប់ស្ទុះទៅបើកភ្លើងមើល ទើបដឹងថាប្តីបានស្លាប់បាត់ទៅហើយ រួចក៏ស្រែកឆោឡោ និងរាយការណ៍ដល់ក្រុមហ៊ុន ទើបមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំបេង រួមទាំងគ្រូពេទ្យជំនាញ បានចុះទៅធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីនៅលើខ្លួនប្រាណទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារអាការខ្យល់គរ ហើយគ្មានអ្នកជួយធ្វើការសង្គ្រោះទាន់ពេល ទើបបណ្តាលឱ្យស្លាប់បែបនេះ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធ ដឹកទៅកាន់ស្រុកកំណើតឯខេត្តតាកែវ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES