Saturday, April 27, 2024
Homeព័ត៌មានជាតិរៀបការបាន១ឆ្នាំប៉ុណ្ណោះ!!! ប្តីក្លាយជាឃាតករសម្លាប់អារកប្រពន្ធក្នុងបន្ទប់ទឹក ខឹងរឿងលែងលះ

រៀបការបាន១ឆ្នាំប៉ុណ្ណោះ!!! ប្តីក្លាយជាឃាតករសម្លាប់អារកប្រពន្ធក្នុងបន្ទប់ទឹក ខឹងរឿងលែងលះ

ខេត្តតាកែវ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងរៀបការនឹងគ្នាបានជាង១ឆ្នាំ ប៉ុន្តែរស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ចេះតែមានរឿងរកាំរកូស ឈ្លោះទាស់ទែងគ្នារាល់ថ្ងៃ ដោយសារតែប្តីជាមនុស្សពូកែប្រចណ្ឌខុសរឿង រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងលែងលះ ស្រាប់តែបុរសជាប្តីផ្ទុះកំហឹងទាញកាំបិតចាក់ប្រហារប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹក មើលទៅគួរឱ្យរន្ធត់បំផុត។

ករណីឃាតកម្មព្រៃផ្សៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង០២នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៨ នៅចំណុចបន្ទប់ទឹកផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់។

ជនសង្ស័យជាឃាតករដៃឆៅ ដែលចាក់សម្លាប់ប្រពន្ធយ៉ាងឃោរឃៅ ព្រោះតែខឹងរឿងប្រពន្ធប្តឹងសុំលែង មានឈ្មោះហង្ស ចន្ធូ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះប៉ែន ស្រីខួច អាយុ២៣ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ និងប្តីកំណាចជាឃាតករខាងលើ ទើបនឹងរៀបការជាមួយគ្នាបានរយៈពេលជា១ឆ្នាំប៉ុណ្ណោះ ហើយនៅពុំទាន់មានកូនជាចំណងនិស្ស័យនៅឡើយ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក អ្នកទាំង២ រស់នៅហាក់មិនសូវចុះសម្រុងនឹងគ្នាសោះឡើយ ដោយសារតែភាគីខាងប្តី គឺជាមនុស្សពូកែប្រចណ្ឌ តែងប្រចណ្ឌប្រពន្ធជាមួយអ្នកនេះអ្នកនោះមិនឈប់ មិនិថា ក្មេងចាស់ អ្នកស្គាល់គ្នា ឬសាច់ញាតិអ្វីឡើយ ពោលគឺឱ្យតែឃើញប្រពន្ធនិយាយស្តីរកមនុស្សប្រុស ដឹងតែកើតចិត្តប្រចណ្ឌរករឿងមិនខានឡើយ។

ប្រភពដដែលបន្តថា ដោយសារតែភ្លើងប្រចណ្ឌរបស់បុរសជាប្តី ទើបធ្វើឱ្យពួកគេទាំងពីរនាក់រស់នៅជួបតែបញ្ហាឈ្លោះទាស់ទែងគ្នា មិនសូវខានមួយថ្ងៃណាឡើយ រហូតដល់ភាគីប្រពន្ធទ្រាំនឹងប្តីកំពូលប្រចណ្ឌនេះលែងបាន ក៏ទាមទារលែងលះគ្នាវិញ ទើបធ្វើឱ្យបុរសជាប្តីក្តៅឆួលក្នុងចិត្តកាន់តែខ្លាំង រហូតចុងក្រោយទ្រាំលែងបាន ក៏ចាក់សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃបែបនេះតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ប្តីប្រពន្ធអ្នកទាំង២ បានដឹកគ្នាទៅសាលាឃុំ ដើម្បីធ្វើកិច្ចសន្យាលែងលះគ្នា។ លុះពេលត្រទ្បប់មកដល់ផ្ទះវិញ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹក ស្រាប់ជនដៃដល់ជាប្តីឆ្លៀតឱកាសបានស្ទុះចូលតាមពីក្រោយ រួចយកកាំបិតចុងស្រួចចាក់ប្រហារប្រពន្ធរបស់ខ្លួនយ៉ាងឃោរឃៅ បណ្តាលឱ្យត្រូវជាច្រើនកន្លែង និងដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម គួរឱ្យរន្ធត់។ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ក្រោយចាក់សម្លាប់ប្រពន្ធរួច ជនសង្ស័យជាឃាតករបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកវត្ថុតាង រួមមាន កាំបិតចុងស្រួច១ ស្រោមប្លាស្ទិចពណ៌ខ្មៅ១ និងមួកការពារសុវត្ថិភាពពណ៌ស ចំនួន១។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ជាប្តីចាក់ប្រហារជាច្រើនកាំបិត ចំដៃ ភ្លៅ និងដើមទ្រូង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹក។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ជនជាឃាតករដែលចាក់សម្លាប់ប្រពន្ធខ្លួនឯងដោយគ្មានញញើតដៃ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES