លី ច័ន្ទសីហា ដាក់ឈ្មោះកូនស្រីថា “ច័ន្ទ លីរចនា” ហើយគ្រោងយកកូន២នាក់បន្ថែមទៀត

តារាសម្ដែងលី ច័ន្ទសីហា ដែលបានសម្រាលកូនស្រីជាលើកដំបូង នៅមន្ទីពេទ្យសូរិយា ក្បែរផ្សារសូរិយា ម៉ល រាជធានីភ្នំពេញ នោះ ពេលនេះបានចេញពីមន្ទីរពេទ្យវិញ ហើយកាលពីម៉ោង២រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីនាងគេងសម្រាកនៅមន្ទីរពេទ្យ ដោយមានពេទ្យឆ្មបថែទាំសុខភាព អស់រយៈពេល១១ថ្ងៃមក។ មុនសម្រេចចិត្តចេញវិលត្រឡប់ទៅផ្ទះវិញនេះ លី ច័ន្ទសីហា និងស្វាមី រួមទាំងឪពុកនាង លោកលី សុខជន់ និងឪពុកម្ដាយក្មេក បានឯកភាពគ្នាដាក់ឈ្មោះឲ្យកូនស្រីដែលទើបមានវ័យជាង១០ថ្ងៃ នោះថា ”ច័ន្ទ លីរចនា” ហើយក៏តាមត្រៀមធ្វើពិធីសែនព្រេនកូនស្រី សុំក្ដីសុខសប្បាយនៅពេលឆាប់ៗនេះផងដែរ ដោយនាងថា បើធ្វើពិធីបង្កក់មិនកើត ព្រោះកូននៅតូចពេក អត់ដឹង មិនទាន់ដឹងថាសប្បាយម៉េច។

ក្នុងជំនួបផ្ទាល់ លី ច័ន្ទសីហា បានឲ្យដឹងថា “ពេលនេះនាងមានសុខភាពល្អទេ គ្មានបញ្ហាឡើយ បើទោះជាកូនលើកទី១ក្ដី ហើយមានអារម្មណ៍ថា រំភើបណាស់ ដែលបានសិល្បករជាច្រើនបានទៅសួរសុខទុក្ខ រួមទាំងទស្សនិកជនផង បានជូនពរនាងតាំងពីថ្ងៃសម្រាលម្ល៉េះ។

សីហា ថ្លែងថា ”ខ្ញុំសម្រាកនៅមន្ទីពេទ្យអស់រយៈពេល១១ថ្ងៃ តាំងពីថ្ងៃសម្រាលនោះ ហើយខ្ញុំនិងកូនស្រីមានសុខភាពល្អទេ កូនខ្ញុំស្លូតណាស់ អត់អីទេ។ កូនខ្ញុំឈ្មោះថា “ច័ន្ទ លីរចនា” ហៅ ”ហ្វេនឌី“ ដែលមានន័យថា តុក្កតាខ្ជូតៗ គឺប៉ាម៉ាក់ទាំងសងខាងបានឯកភាពឲ្យដាក់ឈ្មោះនេះ ព្រោះជាប់ត្រកូលខ្ញុំនិងប្ដីខ្ញុំផងដែរ។ ចំពោះការជ្រើសរើសមន្ទីពេទ្យសូរិយា នេះ ព្រោះខ្ញុំបានឮតៗគ្នាថា តារាយើងមកសម្រាលកូននៅទីនេះច្រើន រួមទាំងបងចន ច័ន្ទលក្ខិណ ផងដែរ។ ខ្ញុំមក គឺឃើញថា នៅទីនេះមានសេវាកម្មល្អមែន ហើយបន្ទប់ខ្ញុំគេងធំទូលាយ អីចឹងហើយបានខ្ញុំនៅបានយូរថ្ងៃហ្នឹង។ តាំងពីខ្ញុំមានទម្ងន់ ប្ដីខ្ញុំបានថែទាំខ្ញុំបានល្អណាស់ តែពេលខ្លះគាត់ក៏រវល់ដែរ ព្រោះជាប់ការងារគាត់ជាមន្ដ្រីប៉ូលិស ត្រូវចុះទៅតាមខេត្តក៏មាន។ ខ្ញុំអរគុណបងប្អូនអ្នកសិល្បៈរួមអាជីពដែលបានមកសួរសុខទុក្ខខ្ញុំយ៉ាងច្រើនកុះករ ព្រមទាំងបានទិញកាដូឲ្យកូនខ្ញុំផង។ ចំណែកក្រុមអ្នកគាំទ្រ (Fan) ខ្ញុំ ក៏បានជូនពរខ្ញុំច្រើនដែរ តាំងពីថ្ងៃខ្ញុំសម្រាលម្ល៉េះ ឥឡូវដល់ពេលដែលខ្ញុំត្រូវចេញទៅសម្រាកថែទាំសុខភាពនៅផ្ទះវិញហើយ”។

លី ច័ន្ទសីហា បានចូលរោងការជាមួយលោកចាន់ ថៃសេង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ដោយស្វាមីនាងបានគាំទ្ររឲ្យតារាសម្ដែងរូបនេះ នៅតែបន្ដអាជីពសិល្បៈដដែល ហើយមុនសម្រាលកូន សីហា បានថតរឿង ”វេទមន្ដស្នេហ៍” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ផងដែរ។ គេឃើញមានតារាល្បី ដូចជា អ្នកនាងចន ច័ន្ទលក្ខិណា, លី ម៉ារីណា, ពៅ លីដា, គង់ សុជាតិ និងស្វាមី ជាដើម បានទៅមើលកូនសីហា ដល់មន្ទីពេទ្យ។ យ៉ាងណា គេមិនទាន់ដឹងថា តើលី ច័ន្ទសីហា នឹងវិលត្រឡប់មកចូលសិល្បៈវិញ ឬក៏ត្រូវបញ្ចប់អាជីព ដោយងាកទៅធ្វើមុខជំនួញបន្ថែម ឬយ៉ាងណាឡើយ។

លី ច័ន្ទសីហា អះអាងថា ”អាជីពសិល្បៈខ្ញុំនៅតែបន្ត បើទស្សនិកនៅតែគាំទ្រខ្ញុំ ព្រោះស្វាមីខ្ញុំគាត់តម្រូវតាមចិត្តខ្ញុំទាំងអស់។ ខ្ញុំមានថ្ងៃនេះ គឺដោយសារមហាជនគាំទ្រខ្ញុំ អីចឹងខ្ញុំនៅតែស្រលាញ់សិល្បៈ។ ខ្ញុំត្រូវការថែទាំសុខភាពរយៈពេល៣ខែសិន ទើបខ្ញុំអាចទទួលការងារសិល្បៈសាជាថ្មីឡើងវិញ”។

ឆ្លើយតបសំណួរថា លី ច័ន្ទសីហា ដែលពេលនេះក្លាយទៅម្ដាយរបស់គេហើយនោះ ចង់បានកូនប៉ុន្មាននាក់ទៀតនោះ?

តារាសម្ដែងដែលប្រឡូកសិល្បៈតាំងពីតូចក្រូចឆ្មាររូបនេះ បានឲ្យដឹងដែរថា ”ខ្ញុំអាចយូរឆ្នាំទៀត ទើបយកកូនថែម ព្រោះខ្ញុំត្រូវការថែទាំកូនខ្ញុំឲ្យបានល្អសិន។ ខ្ញុំនិងប្ដីធ្លាប់គិតថា ពួកយើងចង់បានកូន៣នាក់ក្នុងគ្រួសារ អីចឹងនាពេលខាងមុខ ពួកយើងចង់បានកូន២នាក់ថែមទៀត”។

លី ច័ន្ទសីហា ក្រៅពីអាជីពសិល្បៈ នាងក៏ជាម្ចាស់ហាង S.H Collection ផងដែរ ដែលមានទីតាំងនៅតាមផ្លូវ៣១០ ក្បែរឡានទឹកបឹងកេងកង តែពេលនេះហាងនេះបានបិទទ្វារមួយរយៈសិន ដោយថ្មីៗនេះ លោកថៃសេង ជាស្វាមីសីហា អះអាងថា ដោយសារទីតាំងនោះពិបាកចតរថយន្ដ ហើយលោកនឹងរើទៅទីតាំងថ្មី។ ចំណែកលី ច័ន្ទសីហា បានឲ្យដឹងទៀតថា ទោះជាហាងនោះបានបិទទ្វារមួយរយៈមែន តែនៅតាម Online នាងនៅដំណើរការបើកលក់ផលិតផលទាំងនោះដដែល ហើយពេលនេះនាងមិនទាន់គិតបើកហាងនោះឡើងវិញទេព្រោះត្រូវការថែទាំសុខភាព និងមើលកូនឲ្យបានល្អសិន ហើយក៏ត្រៀមវិលចូលសិល្បៈវិញនៅពេលដែលបានរឹងដៃរឹងជើងនោះដែរ”៕