Saturday, December 21, 2024
Homeនយោបាយលោកអ៊ុំ សំអាន ផ្ញើសារពីគុកព្រៃស រំលឹកដល់វីរបុរសព្រំដែន

លោកអ៊ុំ សំអាន ផ្ញើសារពីគុកព្រៃស រំលឹកដល់វីរបុរសព្រំដែន

ភ្នំពេញ ៖ អតីតតំណាងរាស្ត្របក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) មណ្ឌលខេត្ត សៀមរាប លោកអ៊ុំ សំអាន ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារព្រៃសរឿងព្រំដែន បានផ្ញើសារ ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារលោកស៊ាន ប៉េងសែ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងសិប្បកម្ម ក្នុងរបបសាធារណរដ្ឋខ្មែរ ហើយ ក៏ជាស្ថាបនិក និងជាប្រធាននៃគណៈកម្មាធិការ កិច្ចការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង ដែល បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៨២ឆ្នាំ នៅប្រទេសបារាំង។

ជំនួយការផ្ទាល់លោកអ៊ុំ សំអាន បានបញ្ជាក់ ថា សាររបស់លោកអ៊ុំ សំអាន បានរម្លឹកនូវ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយ លោកស៊ាន ប៉េងសែ លើកិច្ចការព្រំដែន ដែល លោកធ្លាប់បានបំពេញ តាំងពីលោកនៅជា យុវជនម៉្លេះ ជាពិសេស ក្នុងអំឡុងឆ្នាំ២០០៥ ក្នុងបុព្វហេតុកិច្ចការព្រំដែនលើរឿងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ លោកស៊ាន ប៉េងសែ និងលោកផ្ទាល់ ត្រូវបានតុលាការកម្ពុជា ចេញ ដីកាចាប់ខ្លួន។ លោកអ៊ុំ សំអាន បានហៅលោក ស៊ាន ប៉េងសែ ថា “វីរបុរសព្រំដែន” ក្នុងដួងចិត្តកូនខ្មែរគ្រប់រូប។

ក្រៅពីសាររំលែកទុក្ខរបស់លោកអ៊ុំ សំអាន សម្រាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ក៏បានចូលរួមសោកស្តាយនូវការបាត់បង់លោកស៊ាន ប៉េងសែ ផង ដែរ។

ក្នុងនោះសារលិខិតរំលែកទុក្ខរបស់លោកស្រីមួរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងស្ថិតនៅសហរដ្ឋអាមេរិក ជម្រាបជូនលោកឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំ ប្រទេសបារាំង និងក្រុមគ្រួសារនៃសពលោក ព្រឹទ្ធាចារ្យស៊ាន ប៉េង សែ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោកស្រីបានបញ្ជាក់ថា “ខ្ញុំមាន សេចក្តីរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ ពីបានទទួលដំណឹងថា លោកព្រឹទ្ធាចារ្យស៊ាន ប៉េងសែ ជាស្ថាបនិក និងប្រធានគណៈកម្មាធិការ ព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង បានទទួល មរណភាព នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ ដោយ រោគាពាធ។

ក្នុងឱកាសប្រកបដោយក្តីសោកសង្រង នេះ ជួសមុខថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណបក្សសង្គ្រោះជាតិ ទាំងអស់ និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នេះ ជាមួយគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំ ប្រទេសបារាំង ព្រមទាំងក្រុមគ្រួសារនៃសព លោកព្រឹទ្ធាចារ្យស៊ាន ប៉េងសែ និងសូមឧទ្ទិស បួងសួងជូនដួងវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ ស៊ាន ប៉េងសែ សូមបានទៅកាន់សុគតិភព កុំ បីឃ្លៀងឃ្លាតឡើយ”។

ការស្លាប់របស់លោកស៊ាន ប៉េងសែ បាន ធ្វើឱ្យមនុស្សភាគច្រើន រួមមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាផង ក៏បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ និង ជាវីរជនក្លាហានដែលហ៊ាននិយាយរិះគន់ត្រង់ៗ ដើម្បីការពារទឹកដីនៃប្រទេសកម្ពុជា កុំឱ្យអ្នកនយោបាយ ឬអ្នកដឹកនាំខ្មែរមួយចំនួនបន្លែបន្លំ ប្រជាពលរដ្ឋរបស់ខ្លួន ធ្វើឱ្យបាត់បង់ព្រំដែនរបស់ កម្ពុជាទៅលើប្រទេសជិតខាង ដូចជាប្រទេស ថៃ និងវៀតណាម ជាដើម។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា លោកក៏មានការសោកស្តាយដែរចំពោះការបាត់បង់ធនធានដ៏ល្អរបស់ កម្ពុជា មួយរូបនេះ ទោះបីជាកន្លងមក លោក ស៊ាន ប៉េងសែ មានសកម្មភាពអវិជ្ជមានជាមួយ រដ្ឋាភិបាលក្តី តែលោកស៊ាន ប៉េងសែ គឺជាសំឡេង ឯកជន ឬជាអង្គការមួយ ដែលតែងតែរម្លឹកអំពី បញ្ហាព្រំដែន ជាមួយនិងសកម្មភាពរបស់រដ្ឋាភិបាល។

លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ថា “បាទ! ជាវប្បធម៌របស់កម្ពុជា ខ្ញុំចូលរួមរំលែកទុក្ខ ជាការសោកស្តាយមួយ ដល់ក្រុមគ្រួសារ សព ទី១។ ចំណុចទី២ យើងឃើញថា ការបាត់បង់ រូបលោក ជាការបាត់បង់នៃធនធានមនុស្សរបស់ កម្ពុជាដែរ លោកក៏បានបម្រើសង្គមខ្មែរ តាំងពី ជំនាន់១៩៧០ មកដល់៧៥ ហើយបន្ទាប់មក លោកបានបង្កើតអង្គការ មិនមែនរដ្ឋាភិបាល ដែលក្នុងកិច្ចការព្រំដែននេះឯង។ ការប្រឹងប្រែង របស់លោក យើងវាយតម្លៃ ទោះជាការប្រឹងប្រែងហ្នឹងមិនទទួលបានផល ជាការប្រឹងប្រែង ក្រៅផ្លូវការ ក៏ជាផលប្រឹងប្រែងរបស់កម្ពុជា ដែរ។ ប៉ុន្តែចំពោះការឱ្យតម្លៃលោក ជាវីរជនព្រំដែន ខ្ញុំអត់យល់ស្របទេ អាហ្នឹងគ្រាន់តែជា ការបញ្ចើចបញ្ចើ យើងដឹងហើយថា ការងារ ព្រំដែន ជាការងាររបស់រដ្ឋ ហើយអ្វីដែលលោក ខំប្រឹងប្រែង គ្រាន់តែជាមតិទី២ទេ ដែលស្ថិត នៅក្នុងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួម នៅក្នុងវិស័យព្រំដែន ហើយការងាររដ្ឋ យើង បានធ្វើច្រើន ហើយគេចាត់ទុកថាយ៉ាងម៉េច ថា ទៅ អាហ្នឹងជារឿងរបស់គេ ហើយក្រុមប្រឆាំង រដ្ឋាភិបាល តែងតែយកលោកស៊ាន ប៉េងសែ ហ្នឹង ដើម្បីយកមកជាទឡ្ហីករណ៍ជម្លោះជាមួយ នឹងការងាររបស់រដ្ឋ ហើយការងាររបស់រដ្ឋ ជា ការងារអន្តរជាតិ ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល ការងាររបស់រដ្ឋដែលមានអំណះអំណាង ផ្លូវការ ជាការថ្នាក់ជាតិ ក៏ជាថ្នាក់អន្តរជាតិហ្នឹង ដែរ។ ដូច្នេះ ២ហ្នឹង ខុសគ្នាដូចមេឃនិងដី មួយ ជាការងាររបស់រដ្ឋផ្លូវការ ហើយជាលក្ខណៈ អន្តរជាតិ មួយលោកស៊ាន ប៉េងសែ លោកធ្វើ នៅក្នុងកម្រិតអង្គការមិនមែនរដ្ឋាភិបាល តែប៉ុណ្ណោះ គ្រាន់តែឱ្យយោបល់មួយតែប៉ុណ្ណឹងឯង ហើយខ្ញុំជឿថា វីរជនជាច្រើន ដែលចូលរួមចំណែក នៅក្នុងបញ្ហាព្រំដែន រាប់ទាំងយុទ្ធជនកម្ពុជា កំពុងតែឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន យើងចាត់ទុកថា ការសាមគ្គីជាធំ ជាជាងយក មនុស្សមកឈ្លោះក្នុងរឿងហ្នឹង”។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានផ្ញើលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ សពលោកស៊ាង ប៉េងសែ ផងដែរ ដែលនៅក្នុង លិខិតចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ និង ចុះហត្ថលេខាដោយអ្នកស្រីអ៊ុក ឆាយាណាវី នោះ មានខ្លឹមសារថា “ក្នុងនាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាងខ្ញុំសូមចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសមាជិក សមាជិកា នៃគណៈកម្មាធិការ ព្រំដែនកម្ពុជា ប្រទេសបារាំង បន្ទាប់ពីបានទទួល ដំណឹងថា លោកស៊ាន ប៉េងសែ ជាស្ថាបនិក និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ទទួលមរណភាព នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ទៀបភ្លឺ ដោយរោគាពាធនៅ មន្ទីរពេទ្យទីក្រុងប៉ារីស ប្រទេសបារាំង (Centre Hospitalier d;Orgemont (77100 Meaux, France) ក្នុងជន្មាយុ៨២ឆ្នាំ។

លោកអ៊ុំ សំអាន និងលោកស៊ាន ប៉េងសែ កាលនៅរស់

មរណភាពរបស់លោកស៊ាន ប៉េងសែ គឺជា ការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និង ជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេលវេលាស្ទើរតែពាក់កណ្តាល ជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តួចផ្តើមគំនិតតវ៉ារឿងប្រជុំកោះត្រល់ ពីប្រទេសវៀតណាម នៅលើមូលដ្ឋានច្បាប់ជាតិ អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា ទោះបីជារដ្ឋាភិបាលដែលដឹកនាំរបស់លោកហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និង ប្រជុំកោះត្រល់ ទៅប្រទេសជិតខាងក្តី។

វីរភាពនិងកិច្ចខំប្រឹងប្រែងរបស់លោក ព្រមទាំងសមាជិកនៃគណៈកម្មាធិការព្រំដែន កម្ពុជា បានផ្តល់ឯកសារស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់យុវជនខ្មែរ ពលរដ្ឋខ្មែរ ឱ្យ ចេះចូលរួមការពារបូរណភាពទឹកដីខ្មែរ និងឱ្យ ចេះស្រលាញ់ប្រទេសជាតិ។

ជាទីបញ្ចប់ នាងខ្ញុំសូមឧទ្ទិសកុសលផល បុណ្យជូនវិញ្ញាណក្ខន្ធលោកស៊ាន ប៉េងសែ ឱ្យ បានដល់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។

អតីតសមាជិក គ.ជ.ប លោករ៉ុង ឈុន ថ្លែងថា លោកស៊ាន ប៉េងសែ គឺជាធនធានដ៏កម្រ មួយរបស់កម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត ជាច្រើន ដើម្បីចងក្រងជាសៀវភៅ និងឯកសារ ផ្សេងដែលនិយាយអំពីព្រំដែនទឹក និងព្រំដែន គោករបស់កម្ពុជា ហើយតែងដាស់តឿនប្រាប់ ពលរដ្ឋខ្មែរថា ពួកគេមានកាតព្វកិច្ចការពារជាតិ និងជាតិសាសន៍របស់ខ្លួន។

សៀវភៅព្រំដែនរបស់លោកស៊ាន ប៉េងសែ បានសរសេរថា សន្ធិសញ្ញាបំពេញបន្ថែមកម្ពុជាវៀតណាមឆ្នាំ១៩៨២ ធ្វើឱ្យកម្ពុជាបាត់ព្រំដែន ទឹករបស់ខ្លួនចម្ងាយជាង៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមបញ្ចូលទាំងកោះត្រល់ ទំហំជាង ៥០០គីឡូម៉ែត្រ ការ៉េ គឺមានទំហំប៉ុនប្រទេសសិង្ហបុរី។ សន្ធិសញ្ញានេះក៏បានបណ្តាលឱ្យខ្មែរ បាត់បង់កោះ ក្រចកសេះ ដែលបារាំងហៅថា កោះប៉ូឡូប៉ង់ហ្សង់ ដែលមានទំហំប្រហែល ៦គីឡូម៉ែត្រការ៉េ និងបាត់ព្រំដែនគោក ប្រហែលពី ៤ពាន់ ទៅ ៦ ពាន់គីឡូម៉ែត្រការ៉េ ថែមទៀត។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង សមាគមពុទ្ធសាសនិកជនខ្មែរ នៅប្រទេសន័រវេយ៍ លោកម៉ែន ណាត បានថ្លែងថា មរណភាព របស់លោកស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នក ជំនាញការគូសផែនទីខ្មែរ និងជាធនធានមនុស្ស របស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេល ស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារ បូរណភាពទឹកដីខ្មែរ និងការផ្តួចផ្តើមគំនិតក្នុង ការតវ៉ាករណីប្រជុំកោះត្រល់ ពីប្រទេសវៀតណាម ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និង អន្តរជាតិ។ ជារួមវីរភាព និងកិច្ចប្រឹងប្រែងរបស់ លោកស៊ាន ប៉េងសែ ព្រមទាំងសមាជិកនៃ គណៈកម្មាធិការព្រំដែនកម្ពុជា បានផ្តល់ឯកសារ ស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់ យុវជនខ្មែរ ពលរដ្ឋខ្មែរ ឱ្យចេះចូលរួមការពារ បូរណភាពទឹកដីខ្មែរ និងឱ្យចេះស្រឡាញ់ប្រទេសជាតិ។

គួរបញ្ជាក់ថា លោកស៊ាន ប៉េងសែ ជាកូន ខ្មែរមួយរូបដែលមានកំណើតនៅឃុំស្ពឺ ស្រុក ចម្ការលើ ខេត្តកំពង់ចាម។ លោកមានភរិយា ជាក្មួយអតីតនាយករដ្ឋមន្ត្រីខ្មែរ សម្តេចប៉ែន នុត និងមានកូន៤នាក់។ លោកបាននិរទេសខ្លួនទៅ រស់នៅក្នុងប្រទេសបារាំង តាំងពីឆ្នាំ១៩៧៥មក ម៉្លេះ។ ចំពោះការសិក្សា គឺក្រោយបញ្ចប់មធ្យមសិក្សានៅទីក្រុងភ្នំពេញ នាសម័យនោះ លោក បានបន្តទៅសិក្សាជំនាញផែនទី នៅប្រទេស បារាំង និងទទួលបានសញ្ញាបត្រវិស្វករ នៃសាលា ជាន់ខ្ពស់ ខាងបច្ចេកទេសឧស្សាហកម្ម និងរ៉ែ ក្នុងឆ្នាំ១៩៥៩។ លោកក៏ជាអតីតសិស្សនៅ សាលាសិក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម នៅទីក្រុងប៉ារីស។ បន្ទាប់មក លោកបានធ្វើជា កម្មសិក្សាការីនៅការិយាល័យនៃការស្រាវជ្រាវ ភូគព្ភសាស្ត្រ និងរ៉ែ នៅវិទ្យាស្ថានសេដ្ឋកិច្ច ប្រេងកាត ក្នុងប្រទេសបារាំង។ ពេលត្រឡប់ មកកម្ពុជាវិញ លោកបានក្លាយជាមន្ត្រីជាន់ខ្ពស់ ក្នុងរបបសង្គមរាស្ត្រនិយម និងបន្ទាប់មកទៀត បានក្លាយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង សិប្បកម្ម ក្នុងសម័យសាធារណរដ្ឋខ្មែរ របស់ លោកសេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧៣។ ខណៈរបបលន់ នល់ ដួលរលំ លោកបាននិរទេស ខ្លួនទៅរស់នៅក្នុងប្រទេសបារាំង ហើយបាន បង្កើតគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមាន មូលដ្ឋានក្នុងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩៣។

លោកស៊ាន ប៉េងសែ បានទទួលមរណភាព នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នាវេលា ម៉ោង៤ទៀបភ្លឺ ដោយរោគាពាធនៅមន្ទីរពេទ្យ Centre Hospitalier d, Orgemont ប្រទេសបារាំង ក្នុងជន្មាយុ៨២ឆ្នាំ។ សពរបស់លោក នឹងត្រូវរៀបចំពិធីបូជាសព នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥ៈ០០នាទី នៅឈាបនដ្ឋាន Crematorium de Champigny-sur-Marne,480 Avenue Maurice Thorez, 94500 Champigny-sur-Marne។ ចំណែកពិធីបុណ្យ៧ថ្ងៃ នឹងធ្វើនៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង៩ព្រឹក នៅវត្តពោធិវង្ស ក្នុងទីក្រុងសង់សួរម៉ាន ប្រទេស បារាំង Pagode BODHIVANSA, 101 Bou- levard de la Republique,77420 Champs-sur-Marne។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើកឡើងថា ការបាត់បង់លោកស៊ាន ប៉េងសែ ជាការបាត់បង់មួយ គួរឱ្យសោកស្តាយ ព្រោះជីវិតមនុស្សយើង មិន ចង់ឱ្យមានការបាត់បង់ ខូចខាតទេ ក៏ប៉ុន្តែជា ក្រឹត្យក្រមធម្មជាតិ មិនដឹងធ្វើម៉េច មិនអាច មានអ្នកណាគេចផុតទេ។ ទស្សនៈលោកសាន ប៉េងសែ គឺស្របទៅតាមគោលនយោបាយរបស់ សារធារណរដ្ឋខ្មែរ ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឃើញថា គាត់ក៏មានការវាយប្រហារមក លើរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបោះបង្គោល ព្រំដែនជាមួយប្រទេសជិតខាងដែរ។ ជាពិសេស ពីបញ្ហាទឹកដីកម្ពុជាក្រោម បញ្ហាកោះត្រល់ ដែល បន្ទោសមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើឱ្យបាត់បង់។

លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ចិត្តគំនិត របស់គាត់ចង់រក្សាឯករាជ្យ អធិបតេយ្យជាតិ ទឹកដីរបស់កម្ពុជា ឱ្យបានគង់វង្ស ក៏ប៉ុន្តែមាន ចំណុចខ្លះហ្នឹង វាមិនអាចទៅរួចទេ គ្រាន់តែ ជាគំនិត គ្រាន់តែការមានមតិហ្នឹង វាពោរពេញទៅដោយនិន្នាការនយោបាយតែប៉ុណ្ណោះ។ ដូចជាបញ្ហាថា បោះបង្គោលព្រំដែន នាំឱ្យ បាត់បង់ទឹកដីរាប់ម៉ឺនគីឡូអី ខ្ញុំយល់ថា វាជា ការមួយផ្ទុយអំពីការពិតទាំងស្រុង ហើយទី២ ថា ការបោះបង្គោលព្រំដែន នាំឱ្យបាត់បង់ទឹកដី កម្ពុជាក្រោម អាហ្នឹងក៏វាខុសពីក្នុងខ្លឹមសារ ប្រវត្តិសាស្ត្រដែលចារមក ហើយទី៣ បាត់កោះត្រល់ អាហ្នឹងក៏វាផ្ទុយអំពីសច្ចធម៌ដែរ ដែល ចោទប្រកាន់មកលើរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ព្រោះទី១ ដែលថា បាត់បង់រាប់ម៉ឺន គីឡូនោះ យើងយកផែនទីដែលតម្កល់ទុករបស់ បារាំង យើងមិនមែនគូសផែនទីដោយខ្លួនឯង ទេ។ ចំពោះកោះត្រល់ហ្នឹង ពេលដែលបារាំង ប្រគល់កម្ពុជាក្រោម ទៅឱ្យស្តេចបាវដាយហ្នឹង វារួមទាំងកោះត្រល់ផង ពីព្រោះកាលហ្នឹង គឺថា បារាំង បានភ្ជាប់មកនឹងទឹកដីកូសាំងស៊ីន តាំងពី ឆ្នាំ១៩៣៩ មុនប្រគល់ដែនដីកម្ពុជាក្រោម ទៅឱ្យស្តេចបាវដាយ ហ្នឹង១០ឆ្នាំទៅទៀត។ បើនិយាយពីការប្រគល់ដែនដីកម្ពុជាក្រោម រួមទាំងកោះត្រល់ រួមទាំងកោះត្រឡាចអី៘ និង៘ ហ្នឹងមុនសម្តេច ហ៊ុន សែន កើតទៅ ទៀត ហើយមកបន្ទោសសម្តេចហ៊ុន សែន ម៉េច កើត អាហ្នឹងវាមិនត្រឹមត្រូវទេ…។ ចំពោះការ លើកឡើងថា លោកស៊ាន ប៉េងសែ ជាវីរជន ព្រំដែននោះ យើងមិនអាចវាយតម្លៃទេ ពីព្រោះ ខ្ញុំគ្រាន់តែជាអ្នកនាំពាក្យ ខ្ញុំអត់ធ្វើការវិភាគទេ គ្រាន់តែថា ការយល់ឃើញរបស់អស់លោក យ៉ាងណា យើងគោរពការយល់ឃើញរបស់គាត់ ជាសិទ្ធិបញ្ចោញមតិរបស់គាត់ ក៏ប៉ុន្តែសុំឱ្យគាត់ គោរពមតិរបស់យើងផង យើងយល់ឃើញ តាម បែបយើង គាត់យល់ឃើញតាមបែបគាត់៕

កុលបុត្រ

RELATED ARTICLES