Monday, March 30, 2026
Homeសន្ដិសុខសង្គមស្មៀនឃុំបើកឡានបុករះ ស្លាប់បុរសម្នាក់

ស្មៀនឃុំបើកឡានបុករះ ស្លាប់បុរសម្នាក់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាស្មៀនឃុំតាសាល ស្រុកឱរ៉ាល់ បានបើករថយន្តស៊េរីទំនើប១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលបុករះម៉ូតូចំនួន២គ្រឿង ជិះដោយបុរសនារី២នាក់ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកនារីម្នាក់ ទៀត រងរបួសស្រាល ចំណែកលោកស្មៀនឃុំ ត្រូវសមត្ថកិច្ចនាំយកទៅសាកសួរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចខាងត្បូងវិមានឯករាជ្យក្នុងក្រុងច្បារមន តាមផ្លូវក្រាលកៅស៊ូលេខ១៤៣ ស្ថិតនៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចក្រុងច្បារមន បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើង ដោយរថយន្ត១គ្រឿង បានបើកបុករះម៉ូតូ ចំនួន២គ្រឿង បណ្តាលឱ្យស្លាប់បុរសម្នាក់ និងរងរបួសនារីម្នាក់។ ក្នុងនោះ រថយន្តបង្ក ម៉ាក HILUX REVO RALLY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-9781 បើកបរដោយឈ្មោះមិន ហេង ហៅចិក ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរស្មៀនឃុំតាសាល មានលំនៅភូមិគោក ឃុំសង្កែសា ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចំណែកម៉ូតូទាំង២គ្រឿង រួមមាន ទី១-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-6117 អ្នកបើកបរ ឈ្មោះទឹម សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ)។ និងទី២-ម៉ូតូម៉ាកប៊ីត សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-2661 អ្នកបើកបរឈ្មោះសែម ស្រីទី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (រងរបួសស្រាល)។

សមត្ថកិច្ចក្រុងច្បារមន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តបង្ក ម៉ាក HILUX REVO RALLY បើកបរដោយលោក ស្មៀនឃុំតាសាល បានធ្វើដំណើរតាមបណ្តោយផ្លូវក្រៅកៅស៊ូលេខ១៤៣ ពីទិសខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើ ក៏បានជ្រុលទៅបុកពីក្រោយម៉ូតូចំនួន២គ្រឿង (ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ និងម៉ូតូម៉ាកប៊ីត) ដេលដែលកំពុងតែបើកបរ នៅពីមុខស្របទិសគ្នា បណ្តាលឱ្យស្លាប់បុរសម្នាក់ និងរងរបួសស្រាលនារីម្នាក់។ ដោយឡែកម៉ូតូចំនួន២គ្រឿងរងការខូចខាតកម្រិត ធ្ងន់ រីឯ រថយន្តបង្ក រងការខូចខាតកម្រិតស្រាល។

ក្រោយកើតហេតុ អ្នកបើកបររថយន្តឈ្មោះមិន ហេង ជាស្មៀនឃុំតាសាល ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ចំពោះវត្ថុតាងទាំង៣គ្រឿង បន្ទាប់ពីសមត្ថកិច្ចចុះធ្វើការវាស់វែងរួច ក៏អូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នង ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ  ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES