Saturday, April 20, 2024
Homeតារាខ្មែរពៅ លីដា ហុឺហារថយន្តទំនើបៗ មន្ត្រីធំតាមស្អិត

ពៅ លីដា ហុឺហារថយន្តទំនើបៗ មន្ត្រីធំតាមស្អិត

តាមប្រភពពីចង្កោមសិល្បៈ​ បានខ្សឹបខ្សៀវគ្នាថា តារាភាពយន្តសម្បុរស្រអែមស្រស់ កញ្ញាពៅ លីដា ដែលកំពុងហ៊ឺហារថយន្តទំនើប Land Cruiser តម្លៃជាង១០ម៉ឺនដុល្លារ នឹងរស់នៅក្នុងទ្រនំវីឡាដ៏ធំស្កឹមស្កៃតម្លៃជាង២០ម៉ឺនដុល្លារ ល្បីមានអ្នកឧបត្ថម្ភនោះ កំពុងត្រូវបានបុរសអ្នកមានម្នាក់ ដែលមានងារជាមន្ត្រីធំ តាមថ្ពក់ស្នេហ៍យ៉ាងស្អិត…។

មជ្ឈដ្ឋានជាច្រើនទាំងក្នុង និងក្រៅរង្វង់សិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលតារាភាពយន្តល្បីឈ្មោះ កញ្ញាពៅ លីដា មានជីវភាពលេចធ្លោវ៉ាផ្តាច់តារាសិល្បៈល្បីឈ្មោះមួយចំនួន។ ក្រៅពីមានទ្រនំវីឡាដ៏ធំស្កឹមស្កៃនៅបុរីពិភពថ្មី លីដា បានផ្លាស់ប្តូររថយន្តជាបន្ទាប់ ដែលក្រៅពីប្តូរពី Lexus RX300 មកជិះ Tundra មិនបានប៉ុន្មានផង ស្រាប់តែទិញបន្ថែម Land cruiser តម្លៃជាង10ម៉ឺនដុល្លារ ជិះយ៉ាងកាលីប ធ្វើឱ្យអ្នកសិល្បៈជាច្រើនមិនហ៊ានប្រជែងជាមួយនាង ខណៈដែលនាងមានលុយចាយពេញៗដៃ មិនចាញ់ជំទាវសម្បូរទ្រព្យមួយចំនួនផងនោះ។

យ៉ាងណា ខណៈដែលលីដា កំពុងតែហ៊ឺហានោះ គេអាចដឹងត្រឹមថា បច្ចុប្បន្ននេះ ក្រៅពីមានចំណូលពីអាជីពសិល្បៈ នាងមានហាងថែរក្សាសម្រស់មួយនៅម្តុំផ្សារដីហុយ ហើយក្រុមគ្រួសាររបស់នាង មានមុខរបរលក់ផ្អក តាមអនឡាញ។

ស្របពេលដែលជីវភាពមានការប្រែប្រួលយ៉ាងឆាប់រហ័ស ពៅ លីដា ក៏បានប៉ះនឹងដំណឹងជាហូរហែមកថា នាងមានអ្នកពិសេសចាំជួយជ្រោមជ្រែងនាងពីក្រោយខ្នង ខណៈដែលកន្លងមក ផ្ទុះដំណឹងថា នាងបានជួយឪពុកបង្កើតវិញ បន្ទាប់ពីបែកគ្នា21ឆ្នាំ ដែលឪពុករបស់នាងមានងារជាមន្ត្រីធំផ្កាយ2 ទ្រព្យស្តុក គាប់ជួននឹងព័ត៌មានសាយភាយថា មានបុរសសម្បូរទ្រព្យមួយចំនួន តាមស្នេហ៍នាងផងនោះ។ ប៉ុន្តែរាល់ពេលអ្នកសារព័ត៌មានចោទសួរ លីដា តែងតែអះអាងថា អ្វីដែលនាងមានពេលនេះ ជាកម្លាំងញើសឈាមរបស់នាងរួមជាមួយក្រុមគ្រួសារទាំងស្រុង គឺគ្មាននរណាជួយឧបត្ថម្ភនាងទេ។

យ៉ាងណា តាមប្រភពចុងក្រោយពីតារាសិល្បៈ បានព្រលយថា លីដា មានអ្នកពិសេសនៅពីក្រោយខ្នង ទើបជីវភាពរបស់នាងលេចធ្លោលឿនរហ័សបែបនេះ ខណៈដែលមុខរបររបស់នាង និងក្រុមគ្រួសារ បូករួមទាំងប្រភពចំណូលពីអាជីពសិល្បៈ មិនអាចជួយឱ្យនាងហ៊ឺហាយ៉ាងឆាប់រហ័សបែបនេះទេ។

ខណៈដែលលីដា តែងតែអះអាងថា បេះដូងនៅទំនេរ និងគ្មានអ្នកជ្រោមជ្រែងនោះ តាមប្រភពចុងក្រោយពីអ្នកនៅក្នុងចង្កោមសិល្បៈ បានបង្ហើបឱ្យដឹងថា នាងកំពុងត្រូវបានមន្ត្រីធំម្នាក់តាមថ្ពក់ស្នេហ៍យ៉ាងស្អិត។

ប្រភពជាតារាសិល្បៈដែលសុំមិនបង្ហាញឈ្មោះ បន្ថែមថា មន្ត្រីធំរូបនោះមានទ្រព្យវាល់លានដុល្លារ ទើបសម្ពោធវីឡាដ៏ធំស្កឹមស្កៃមួយ កាលពីថ្មីៗនេះ។

យ៉ាងណា តាមប្រភពថា មន្ត្រីធំដែលកំពុងតាមស្នេហ៍លីដា យ៉ាងស្អិតនោះ មានប្រពន្ធស្របច្បាប់រួចទៅហើយ ប៉ុន្តែនៅតែលង់ស្នេហ៍លីដា ដកចិត្តមិនរួច។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីធំរូបនោះហ៊ានធានាជ្រោមជ្រែងនាងគ្រប់យ៉ាងទៀតផង ប្រសិនបើនាងព្រមប្រគល់ស្នេហ៍។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាពៅ លីដា បានទេ កាលពីថ្មីៗនេះ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីនាងជានិច្ច។

ទោះជាយ៉ាងណា កន្លងមក លីដា តែងតែអះអាងថា នាងមិនលក់ស្នេហាទេ គឺនាងចង់បានស្នេហាមួយដែលពិតប្រាកដដូចស្ត្រីទូទៅដែរ ដោយមិនទទួលការជ្រោមជ្រែងពីបុរសណាម្នាក់ តាមរយៈរឿងស្នេហានោះទេ។ ជាពិសេស បុរសដែលពាក់ព័ន្ធប្តីគេ គឺនាងមិនយកខ្លួនបៀតជាដាច់ខាត ព្រោះខ្លាចប្រឈមគ្រោះថ្នាក់ដូចតារាល្បីឈ្មោះមួយចំនួន ដែលធ្លាប់រងគ្រោះនាពេលកន្លង។

ចាប់តាំងពីប្រឡូកនៅក្នុងពិភពសិល្បៈ នឹងទាញបានភាពលេចធ្លោ ពុំមែនមានតែមន្ត្រីធំទ្រព្យស្តុកម្នាក់ទេ ដែលល្បីតាមថ្ពក់ស្នេហ៍លីដា គឺនាងធ្លាប់ប៉ះនឹងដំណឹងថា មានបុរសៗអ្នកមានជាច្រើនតាមស្នេហ៍ មានទាំងអ្នកចង់ចិញ្ចឹមជ្រោមជ្រែងទៀតផង។ ប៉ុន្តែលីដា តែងតែអះអាងថា បេះដូងនាងនៅទំនេររហូតមកដល់បច្ចុប្បន្ននេះ ពោលគឺនៅពេលជួបស្នេហាពិតប្រាកដ នាងនឹងបើកចំហចូលរោងការតាមគន្លងប្រពៃណីជាសាធារណៈ។

ចំពោះអាជីពសិល្បៈ លីដា នៅតែមានទីផ្សារជោកជាំ ទាំងសម្តែងភាពយន្ត ថតឈុតខារ៉ាអូខេ និងថតស្ពតពាណិជ្ជកម្មជាដើម ខណៈដែលនាងកំពុងលេចមុខតាមកញ្ចក់ទូរទស្សន៍ PNN ជាតួឯកនៅក្នុងរឿង “ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម” និងកំពុងត្រៀមថតជាតួឯករឿងភាគថ្មី “ដួងច័ន្ទ ដួងចិត្ត” ក្នុងពេលឆាប់ៗនេះ៕

RELATED ARTICLES