Friday, April 26, 2024
Homeព័ត៌មានជាតិកងទ័ពមួកខៀវកម្ពុជា១៨៥នាក់ ចេញទៅបំពេញបេសកកម្មនៅលីបង់

កងទ័ពមួកខៀវកម្ពុជា១៨៥នាក់ ចេញទៅបំពេញបេសកកម្មនៅលីបង់

ភ្នំពេញ ៖ កងទ័ពមួកខៀវកម្ពុជា ដែលបម្រើការនៅកងវិស្វកម្មលេខ៩៦៣ ចំនួន១៨៤នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានធ្វើដំណើរចាកចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ខណៈដែលកងវិស្វកម្មលេខ៣៦៩ និងកងវិស្វកម្មលេខ៤៥៩ ត្រូវបានបញ្ចប់បេសកកម្ម ហើយនឹងត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃជាមួយគ្នានេះផងដែរ។

ពិធីជូនដំណើរ និងទទួលនិវត្តន៍នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចទៀ បាញ់ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលជិត១២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្តិភាព ជិត៥០០០នាក់ ទៅកាន់ប្រទេសមួយចំនួនលើពិភពលោក ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។

 

ប្រមុខដឹកនាំក្រសួងការពារជាតិ បានលើកឡើងទៀតថា នេះជាសមិទ្ធិផលថ្មីមួយថែមទៀត លើសមិទ្ធិផលជាច្រើនដែលកម្ពុជា សម្រេចបានលើការងារបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌លើពិភពលោក។

សម្តេចទៀ បាញ់ បានបញ្ជាក់ថា សមិទ្ធិផលនេះបានបង្ហាញឱ្យឃើញពីសមត្ថភាព បទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលមន្ត្រីតំណាងអង្គការសហប្រជាជាតិ តែងតែវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសេចក្តីក្លាហាន វិជ្ជាជីវៈ ភាពប៉ិនប្រសប់ វិន័យល្អ និងសហប្រតិបត្តិការប្រសើរជាមួយកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួនក្នុងការចូលរួមរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ តាមរយៈបង្កើនការរៀបចំរចនាសម្ព័ន្ធ រួមទាំងកម្លាំងមធ្យោបាយគ្រឿងបំពាក់ និងសម្ភារៈជាកម្រិតចល័តរហ័ស ដើម្បីធ្វើការចល័ត ក្នុងអំឡុងពេលដែលមានសំណើរចាំបាច់របស់ទីបញ្ជាការអង្គការសហប្រជាជាតិ និងពង្រឹងការចូលរួមឱ្យកាន់តែសកម្មថែមទៀត។

ដោយឡែក លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្នុងនាមមន្ត្រីអង្គការសហប្រជាជាតិ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការជួយបង្កើតឱ្យមានសន្តិភាពជាក់ស្តែង សម្រាប់បណ្តាប្រទេសផ្សេងៗ។ ជាមួយនេះ លោកស្រីបានសម្តែងនូវសេចក្តីសប្បាយរីករាយចំពោះវត្តមានកងកម្លាំងជានារី ចំនួន១៣រូប ដែលបានទៅចូលរួមក្នុងបេសកកម្មនៅសាធារណរដ្ឋលីបង់ នាពេលនេះ ដែលជាការលើកទឹកចិត្ត និងការខិតខំពុះពារជម្នះលើភាពជាយេនឌ័រ ដើម្បីស្វែងរកការងារដែលមានបុរសជាអ្នកដឹកនាំ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកងកម្លាំងជិត៥០០០នាក់ ក្នុងនោះមានស្ត្រីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជា មានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី ។ តាមរយៈការបញ្ជូនកម្លាំងមួកខៀវទាំងអស់នេះ ធ្វើឱ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕

RELATED ARTICLES