Wednesday, April 24, 2024
Homeព័ត៌មានជាតិសងសឹកគំនុំចាស់ លួចដុតផ្ទះ សល់តែសសរនិងជណ្តើរ

សងសឹកគំនុំចាស់ លួចដុតផ្ទះ សល់តែសសរនិងជណ្តើរ

ខេត្តកំពង់ស្ពឺ ៖ លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់សល់ត្រឹមតែផេះផង់ និងត្រូវបានម្ចាស់ផ្ទះសង្ស័យត្រូវគេលួចដុត ព្រោះតែធ្លាប់កើតមានគំនុំជាមួយគ្នាកន្លងមក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកឧដុង្គ។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើលើថ្មីក្រោមប្រក់ក្បឿង (ឈើលើថ្មក្រោម) មានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះឈឹម សុខហេង អាយុ៣៥ឆ្នាំ។

តាមសម្តីស្ត្រីជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឮសំឡេងជើងមនុស្សរត់ មួយសន្ទុះក្រោយមកក៏មានអណ្តាតភ្លើងឆាបឆេះផ្ទះរបស់គាត់ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។ ភ្លាមនោះប្រជាពលរដ្ឋខ្លះបាននាំគ្នាជួយជះទឹកពន្លត់ ខ្លះទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន និងត្រូវបានសមត្ថកិច្ចទាក់ទងបន្តហៅរថយន្តពន្លត់អគ្គិភ័យ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុក មកជួយបាញ់ទឹកពន្លត់ តែទោះជាមានការខ្នះខ្នែងជួយពីអ្នកភូមិ ព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់យ៉ាងណា ក៏ភ្លើងនៅតែបន្តឆេះផ្ទះរបស់គាត់ រហូតដល់ក្លាយជាផេះផង់ទាំងស្រុង។

ស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា ទ្រព្យសម្បត្តិ និងសម្ភារៈដែលទទួលរងការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ រួមមាន ផ្ទះ១ខ្នង ទូដាក់ខោអាវចំនួន២ គ្រែដេកចំនួន២ ពូកចំនួន២ ស្រូវចំនួន១០បេ ស្មើនឹង៦០០គីឡូក្រាម លុយកាក់ ព្រមទាំងសម្ភារៈប្រើប្រាស់ទាំងស្រុង។

តាមការអះអាងរបស់ស្ត្រីរងគ្រោះ ករណីភ្លើងឆេះផ្ទះរបស់គាត់នេះ គឺអាចមានមនុស្សលួចដុត ព្រោះកន្លងមកគ្រួសារគាត់ធ្លាប់មានទំនាស់ជាមួយនឹងមនុស្សម្នាក់ ហើយមុនពេលកើតហេតុ គាត់ឮសំឡេងមនុស្សរត់ទៀតផង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ វែកមុខជនបង្ក ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

 

អត្ថបទមុនៗ

ពុកអើយពុក!!! សុំទៅច្រៀងខារ៉ាអូខេ កូនឲ្យទៅហើយ ម្តេចពុកមកវិញ ធ្វើរឿងចឹងវិញ

ភ្នំពេញ ៖ បុរសម្នាក់បានសុំកូនស្រីទៅច្រៀងខារ៉ាអូខេឱ្យសប្បាយចិត្តផង ព្រោះពាក់កណ្តាលជីវិតទៅហើយ មិនដែលបានស្តាប់ភ្លេង កើយភ្លៅម្តងណាសោះ លុះពេលត្រឡប់មកវិញ ស្រាប់តែសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកជណ្តើរផ្ទះលេខ១៧ តាមផ្លូវ៣១០ ស្ថិតក្នុងភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

បុរសដែលចងកធ្វើអត្តឃាត មានឈ្មោះវន សូយទ្រី អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦E1 ផ្លូវ២៩៨ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិ៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

តាមសម្តីស្ត្រីឈ្មោះតាំង ហ្គិចហួង អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែក និងហួសចិត្តថា ឪពុករបស់នាងមិនគួរណាធ្វើបែបនេះទេ យប់មិញកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឪពុកបានប្រាប់ថា ថ្ងៃនេះគាត់សុំទៅច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិឱ្យបានសប្បាយណាណីម្តង ព្រោះស្ទើរពាក់កណ្តាលជីវិតទៅហើយ មិនដែលបានស្គាល់រសជាតិខារ៉ាអូខេម្តងណាទេ។ នៅពេលឮឪពុកនិយាយបែបនេះ នាងហាក់ប្លែកក្នុងចិត្តដែរ ព្រោះកន្លងមកមិនដែលឃើញឪពុកនឹកចង់ទៅច្រៀងខារ៉ាអូខេអីនោះទេ តែក៏មិនហ៊ានឃាត់ឃាំង ឬជំទាស់នឹងបំណងឪពុកដែរ។ បន្ទាប់មក នាងក៏បានប្រាប់ឱ្យប្តីគាត់ដែលត្រូវជាកូនប្រសា ឱ្យបើករថយន្តជូនឪពុកទៅកន្លែងណាដែលឪពុកចង់ទៅដែរ តែបែរជាឪពុកប្រាប់ថា មិនបាច់ទេមានអ្នកមកចាំយកគាត់ហើយ ទើបប្តីរបស់នាងមិនបានជូនទៅទេ គឺបណ្តោយឱ្យឪពុកធ្វើអ្វីតាមចិត្តគាត់ចង់ សប្បាយទៅចុះ ហើយពេលនោះឪពុករបស់នាងក៏បានរៀបចំខ្លួនស្លៀកពាក់ខោអាវយ៉ាងស្អាតបាត។

កូនស្រីរបស់ជនរងគ្រោះ បន្តថា ក្រោយពីលោកឪពុកចេញពីផ្ទះបានប្រមាណកន្លះម៉ោង នាងក៏បានទូរស័ព្ទទៅសួរឪពុកម្តង ហើយឪពុកក៏បានលើកនិយាយធម្មតា ពេលនោះនាងបានសួរថា ប៉ាច្រៀងចប់ពេលណាប្រាប់កូនមក កូននឹងទៅយកប៉ានៅហាង។  បន្ទាប់មកដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ដោយបាត់ឪពុកយូរពេក ណាមួយទូរស័ព្ទអត់ចូលទៀត ទើបធ្វើឱ្យនាង និងក្រុមគ្រួសារមានការព្រួយបារម្ភ ក៏បាននាំគ្នាដើរតាមរកគ្រប់កន្លែង។ ពេលនោះ នាងនិងប្តីបានចេញទៅមើលដល់ស្ពានច្បារអំពៅ និងបានសួរនាំអ្នករត់ម៉ូតូឌុប ព្រមទាំងបានផ្តាំផ្ញើ បើសិនប្រទះឃើញបុរសមានរូបរាង និងភិនភាគដូចឪពុករបស់នាងជួយផ្តល់ព័ត៌មានឱ្យនាងដឹងផង។

កូនស្រីជនរងគ្រោះ បានឱ្យដឹងទៀតថា  បន្ទាប់ពីដើររកឪពុកគ្រប់ច្រកល្ហកហើយ នៅតែរកមិនឃើញ ទើបពួកនាងបានត្រឡប់មកផ្ទះវិញ តែពេញមួយយប់ដេកមិនលក់សោះ ព្រោះតែបារម្ភពីសុវត្ថិភាពឪពុក។ រហូតមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក៏មានប្រជាពលរដ្ឋឆោឡោថា មានបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្បែរផ្ទះរបស់នាង រំលង១ផ្លូវ ទើបនាងនិងក្រុមគ្រួសារប្រញាប់នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញឪពុកបានចងកសម្លាប់ខ្លួននៅកាំជណ្តើរឡើងទៅលើផ្ទះជាន់ទី៣បាត់ទៅហើយ។

តាមការអះអាងរបស់កូនស្រីសព បានឱ្យដឹងថា មូលហេតុដែលឪពុករបស់នាងចងកសម្លាប់ខ្លួន សង្ស័យថាមកពីឪពុកតូចចិត្ត បន្ទាប់ពីគាត់ទៅប្រទេសថៃ វះកាត់ដុំសាច់គីសនៅថ្ពាល់ខាងឆ្វេង តែគ្រូពេទ្យនៅប្រទេសថៃបានប្រាប់ថា អាចព្យាបាលបាន មិនទាន់ដល់កំរិតមហារីកនោះទេ ស្រាប់តែពេលត្រឡប់មកដល់ផ្ទះវិញបានរយៈពេល២ខែ ឪពុកតែងតែប្រាប់ថា គាត់ដូចជាមានអារម្មណ៍ថាឈឺនៅត្រង់កន្លែងវះដុំសាច់គីសនោះ ហើយដេកមិនលក់សោះ ពេលនោះ នាងបានប្រាប់ឪពុកវិញថា បើមិនស្រួលចាំកូនជូនទៅប្រទេសថៃ ម្តងទៀត តែមិនទាន់បានទៅផង គាត់ដាច់ចិត្តសម្លាប់ខ្លួនឯងចោលប្រពន្ធកូនបែបនេះតែម្តង។ យ៉ាងណា ក្រុមគ្រួសាររបស់នាងសម្រេចមិនប្តឹងផ្តល់អ្វីទេ ព្រោះដោយសារតែឪពុកបានថតវីដេអូឃ្លីបទុកក្នុងទូរស័ព្ទរបស់គាត់ ដោយនិយាយថា គាត់នឹងស្លាប់ ដោយសារជំងឺគាត់មិនជាទេ មានតែស្លាប់បញ្ចប់ជីវិត លុះពេលដែលឪពុកចងកសម្លាប់ខ្លួន ទើបឆែកមើលទូរស័ព្ទឃើញមានវីដេអូដែលគាត់ថតនៅក្នុងទូរស័ព្ទ ទុកផ្តាំផ្ញើឱ្យកូនចៅ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពមានស្នាមរយះបំពង់កធំ ដោយសារតែយកខ្សែគោរឹតកខ្លាំងពេក បណ្តាលឱ្យមានស្នាមរលាត់ ហើយពេលខ្សែរឹតយូរៗទៅ ទើបមានស្នាមរយះធំបែបនេះ។

ក្រោយពីនិត្យសពរួចរាល់  សមត្ថកិច្ចបានប្រគល់សពទៅឱ្យប្រពន្ធកូន ដឹកទៅកាន់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

http://www.nokorthomdaily.com/2018/01/social-60188/

RELATED ARTICLES