Friday, April 26, 2024
Homeព័ត៌មានជាតិឪពុកម្តាយដាច់ចិត្តប្តឹងសមត្ថកិច្ច បើលោកកូនអាយុ៣៦ឆ្នាំទៅហើយ អុកឡុកពេញផ្ទះបែបនេះ

ឪពុកម្តាយដាច់ចិត្តប្តឹងសមត្ថកិច្ច បើលោកកូនអាយុ៣៦ឆ្នាំទៅហើយ អុកឡុកពេញផ្ទះបែបនេះ

ភ្នំពេញ ៖ បុរសជាកូនទំនើងម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនរួច ក៏ធ្វើសកម្មភាពសម្លុតគំរាមទារលុយពីឪពុកម្តាយ បំណងយកទៅទិញ គ្រឿងញៀនប្រើប្រាស់ លុះឪពុកម្តាយប្រាប់ថា គ្មានលុយឱ្យ ក៏រករឿងអុកឡុកពេញផ្ទះ រហូតដល់បុរសជាឪពុកទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យ ឃាត់ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៦ ផ្លូវ១៧៩ កែងនឹងផ្លូវ៤៣០ ស្ថិតក្នុងភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បុរសញៀនថ្នាំដែលសម្លុតគំរាមទារលុយឪពុកម្តាយមិនបានអុកឡុកពេញផ្ទះ និងត្រូវសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះតាន់ សុភក្ត្រ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីលោកមេប៉ុស្តិ៍នគរបាលទំនប់ទឹក បានឱ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចបាន ទទួលទូរស័ព្ទពីបុរសជាឪពុកជនសង្ស័យ ដែលបានប្តឹងរាយការណ៍មកថា កូនប្រុសរបស់គាត់ (ជនសង្ស័យ) បានធ្វើការអុកឡុកអ្នកផ្ទះ ព្រោះគេជា មនុស្សញៀនថ្នាំ  ហើយនៅពេលដែលបែកថ្នាំម្តងៗ គេតែងគំរាមកំហែង សំឡុតឪពុកម្តាយដើម្បីយកលុយទៅប្រើប្រាស់គ្រឿងញៀន។

លោកមេប៉ុស្តិ៍ បន្តថា បន្ទាប់ពីទទួលដំណឹងនេះហើយ រូបលោកជាមេប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបាន ឃាត់ខ្លួនជនសង្ស័យរូបនោះយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀន និងរករឿងអុកឡុកអ្នកផ្ទះប្រាកដមែន  ។

ក្រោយពេលកើតហេតុ ឪពុកម្តាយរបស់បុរសខាងលើ បានសំណូមពរឱ្យសមត្ថកិច្ច ជួយបញ្ជូនខ្លួនទៅបុរសម្នាក់នោះ ទៅមណ្ឌលអប់រំកែប្រែព្រែកឯង ដើម្បីបន្សាបគ្រឿងញៀន៕

 

 

អត្ថបទមុនៗ

 

 

សន្យាដឹកដៃអូនចូលរោងការ បងបែរជាលាគ្មានថ្ងៃត្រឡប់

ខេត្តសៀមរាប ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ កំពុងស្រលាញ់គ្នាស្អិតល្មួត និងថែមទាំង មានគម្រោងដឹកដៃគ្នាចូលរោងការទៅហើយ ស្រាប់តែមកជួបរឿងអកុសល ដោយភាគីខាងប្រុស បានកើតមានជំងឺរលាកលំពែង និងរលាកសួតដំណាក់កាលធ្ងន់ ទ្រាំទ្រលែងបានក៏លាចាកលោកទៅធ្វើឱ្យនារីជាគូស្នេហ៍ស្ទើរតែមិនអាចទទួលយកបាន។

គូស្នេហ៍អភ័ព្វខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភាគីខាងនារីអភ័ព្វស្នេហ៍ដែលត្រូវបុរសជាទីស្រលាញ់ ស្មើនឹងកែវភ្នែកលាចាកទៅដោយគ្មានថ្ងៃវិលត្រឡប់ មានគណនីហ្វេសប៊ុកឈ្មោះ Sasa Holy។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sasa Holy កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពផ្អែមល្អែម ដែលនាងនិងប្រុសស្នេហ៍ធ្លាប់មានកាលពីពេល កន្លងមក រួមនិងរូបភាពក្តារមឈូសរបស់ប្រុសស្នេហ៍ដែលទើបនឹងលាចាកលោកទេ ព្រមទាំងសរសេរនូវសំណេរទុក្ខសោកថា “ស្រលាញ់ស្មើជីវិត ហេតុអីទៅចោលអូន ហេតុអីឱ្យអូននៅម្នាក់ឯង អូនរង់ចាំថ្ងៃដែលយើងរៀបការ តែអ្វីៗហួសអស់ទៅហើយ បងធ្លាប់សន្យាអ្វីជាមួយអូនខ្លះ បងអ្នកទៅបាត់ហើយ ចុះចំណែកអូនឱ្យនៅជាមួយអ្នកណាបងជាមនុស្សប្រុសម្នាក់ ដែលល្អបំផុត ក្តីស្រលាញ់ដែលបងធ្លាប់ផ្តល់ឱ្យអូន និងអ្វីៗគ្រប់បែបយ៉ាងអូនក៏ស្រលាញ់បងស្មើនឹងកែវភ្នែក បើសិនអាចស្លាប់ទៅបានអូន ក៏មិនចង់រស់នៅដែរ អូនចង់ទៅជួបបងមិនថា ជាតិណាៗអូនសូមផ្សងឱ្យជួបបងគ្រប់ជាតិ…”។

ម្ចាស់គណនី Sasa Holy បានបន្ថែមថា “ឱ្យអូនសូមទោស សូមបងទៅឱ្យបានសុខ ហើយចំណែកអូនវិញ នៅតែចាំនៅតែនឹក នឹករហូត ដល់ថ្ងៃស្លាប់ ប្រហែលគ្មានអ្នកទី២ដែលល្អ ដូច បង បងល្អដល់ថ្នាក់លែងស្រលាញ់ខ្លួនឯង អរគុណ គ្រប់យ៉ាងដែលបងបានផ្តល់ឱ្យអូន អូនមិនដឹងថា ទុកអ្វីដែលបងឱ្យអូនដើម្បីអ្វី អូននឹងធ្វើបុណ្យកុសលជូនទៅបង សូមឱ្យជាតិណាៗ យើងបានជួបគ្នារហូតដល់ចាស់កុំឱ្យដូចជាតិនេះ…”។

ដោយឡែកនៅវេលាយប់ថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៨ មុនថ្ងៃបូជាសពបុរសជាគូស្នេហ៍ នារីអភ័ព្វខាងលើ បានធ្វើការឡាយវីដេអូ រយៈពេលជាង២០នាទី រៀបរាប់ទាំងអួលដើមកនៅចំពោះមុខមឈូសបុរសជាទីស្រលាញ់របស់នាងថា “ខ្ញុំគ្រាន់ចង់ប្រាប់ដល់អ្នកទាំងអស់គ្នា ប្រសិនបើយើងបានរស់នៅជាមួយគ្នា មិនថាប្តីប្រពន្ធ ឬជាគូដណ្តឹង ឬក៏ជាអនាគតយើងទៅមុខ ប្រាកដថា ជាប្តីប្រពន្ធហើយ ចឹងមិនបាច់ចាំឈ្លោះគ្នាច្រើន ឬយកពេលវេលាហ្នឹង ទៅធ្វើរឿងអត់ប្រយោជន៍ទេ ដូចខ្ញុំជាដើម ខ្ញុំសោកស្តាយមែនទែន ទីបំផុត ខ្ញុំបានសល់តែប៉ុណ្ណឹងទេ និយាយរួមទៅខ្ញុំលាក់បាំង សូម្បីតែផុសហ្វេសប៊ុកក៏ខ្ញុំ អត់ដែលផុសដែរ តែដោយសារចិត្តខ្ញុំស្រលាញ់ខ្លាំងពេក អ៊ីចឹងខ្ញុំនឹងដាច់ចិត្តថាផុស ព្រោះអីខ្ញុំអត់ទាន់រៀបការ អ៊ីចឹងខ្ញុំអត់ចង់ផុសឱ្យគេឃើញ គេដឹងអ៊ីចឹងទេ… ម៉ោងថ្មើរនេះ ខ្ញុំគេងអត់ទាន់លក់ ហើយចាប់ពីស្អែកទៅ ខ្ញុំអត់ដឹងថា ត្រូវគិតយ៉ាងម៉េចទេ និយាយត្រង់ម៉ង អ៊ីចឹងគ្រាន់តែប្រាប់អ្នកទាំងអស់គ្នា បើសិនយើងមានឱកាសបានស្រលាញ់គ្នា ហើយរស់នៅជុំគ្នា ហើយកុំទៅធ្វើអ្វីដែលឥតប្រយោជន៍ កុំក្បត់ ចិត្តគ្នា ឬក៏ឈ្លោះគ្នា ប្រយ័ត្នសោកស្តាយដូច នាងខ្ញុំអ៊ីចឹង នៅទីបំផុត ខ្ញុំនៅសល់ត្រឹមតែភាពសោកស្តាយ គាត់ឈឺរលាកលំពែង និងរលាក សួត ពេលនេះខ្ញុំអត់ ទាន់សោកសៅទេ ព្រោះ មានបងប្អូនមានគេច្រើននៅហ្នឹង តែបន្ទាប់ពី ស្អែកទៅ ឬខានស្អែកទៅ ខ្ញុំអត់ដឹងគិតម៉េចដែរ… គាត់រលាកលំពែង និងរលាកសួត និយាយរួមទៅ គាត់ចាប់ផ្តើមឈឺហ្នឹង ដោយសារធ្វើទូ ឱ្យខ្ញុំទូហាង ចឹងគាត់លះបង់សូម្បីតែសុខភាពគាត់ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ខ្ញុំមិនស្មានថាគាត់ទៅលឿនចឹងសោះ…”។

ក្រោយការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសមិត្តភក្តិរបស់នារីខាងលើ ក៏ដូចជាបុរសរងគ្រោះជាគូស្នេហ៍ បានសម្តែងនូវអារម្មណ៍តក់ស្លុត រន្ធត់ចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានដល់ថា គូស្នេហ៍ដែលកំពុងស្រលាញ់គ្នាស្អិតល្មួត ប្តូរផ្តាច់មួយនេះ ត្រូវមកជួបទុក្ខសោកព្រាត់និរាសគ្នាបែបនេះសោះ។

យ៉ាងណាគ្រប់គ្នាបានជួយលើកទឹកចិត្ត និងផ្តល់ជាកម្លាំងចិត្តដល់នារីខាងលើ ឱ្យប្រឹងប្រែងតស៊ូ និងរឹងមាំឡើង ដើម្បីបន្តដំណើរក្នុងផ្លូវជីវិតដ៏ វែងឆ្ងាយទៅមុខទៀត។

គួរបញ្ជាក់ថា តាមការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sasa Holy បានឱ្យដឹងថា គូស្នេហ៍របស់នាងបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ដោយសារជំងឺរលាកលំពែង និងរលាកសួត និងបន្ទាប់ពីទទួលការព្យាបាលទាំងនៅមន្ទីរពេទ្យក្នុងស្រុក និងប្រទេសថៃ ទីបំផុតដោយសារតែ ស្ថានភាពជំងឺមានសភាពធ្ងន់ពេក បុរសជាប្រុសស្នេហ៍រូបនោះ មិនអាចទ្រាំទ្របាន ក៏បានស្លាប់ យ៉ាងអាណោចអធ័ម។ សពត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប និងបានបូជាតាមប្រពៃណី កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨៕

 

http://www.nokorthomdaily.com/2018/01/news-14984984/

RELATED ARTICLES