Thursday, April 25, 2024
Homeព័ត៌មានជាតិអួតសុទ្ធតែស្គាល់អ្នកធំ២៥ខេត្តរាជធានី អួតខ្លាំងពេក គេវាយបែកមាត់ដេរ៨ថ្នេរ

អួតសុទ្ធតែស្គាល់អ្នកធំ២៥ខេត្តរាជធានី អួតខ្លាំងពេក គេវាយបែកមាត់ដេរ៨ថ្នេរ

ភ្នំពេញ ៖ បុរស៣នាក់បានជួបជុំគ្នាផឹកស៊ី លុះពេលស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏អួតអាងពីរឿងស្គាល់អ្នកធំទូទាំង២៥ខេត្តរាជធានី លុះអួតចុះអួតឡើង ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា ទីបំផុត ជនបង្ក២នាក់ទប់ចិត្តមិនបាន ក៏ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យបែកមាត់ដេរអស់៨ថ្នេរ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវគេវាយបែកមាត់ព្រោះអួតរឿងស្គាល់អ្នកធំ មិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា មានអាយុ៤៧ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ។  ចំណែកជនបង្កទាំង២នាក់ រួមមាន ទី១-ឈ្មោះជា សារិន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅក្នុងបុរី ខិត ឈឿន ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះលាង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឥដ្ឋការ៉ូ ស្នាក់នៅភូមិចំការឪឡឹកសង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសម្តីជនបង្ក បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកខ្លួនមានគ្នា៦នាក់ បាននាំគ្នាផឹកទឹកត្នោតជូរអស់ចំនួន៤សូរ លុះពេលស្រវឹងស្រឿងៗ ក៏បែកគ្នាត្រឡប់ទៅផ្ទះវិញអស់។ ចំណែកពួកខ្លួនទាំង២នាក់ បានដើរទៅបបួលជនរងគ្រោះដែលកំពុងតែអង្គុយលើរ៉ឺម៉កម៉ូតូ ផឹកស្រាតិចតួចតែម្នាក់ឯង ដោយនិយាយសុំផឹកជាមួយគ្នា ចេញពាក់កណ្តាលម្នាក់ ពេលនោះជនរងគ្រោះបានយល់ព្រម ហើយពួកខ្លួនក៏បានទៅទិញស្រាបៀរកន្លះកេស យកមកផឹកគ្នា៣នាក់។

ជនបង្កបានបន្តទៀតថា ក្រោយពេលផឹកស្រាបៀរជិតអស់ទៅហើយ នៅសល់តែមួយកំប៉ុង ពួកខ្លួនទាំងសងខាងបាននិយាយអួតអាងដាក់គ្នាទៅវិញទៅមក ពីរឿងស្គាល់អ្នកធំ និងធ្លាប់ដើរលេងសព្វកន្លុកកន្លៀត២៥ខេត្តរាជធានី។ លុះពេលអួតដាក់គ្នាចុះឡើងៗ ក៏កើតជាទំនាស់តឹងសរសៃកដាក់គ្នា រហូតឈានដល់ផ្ទុះជាហិង្សាវាយតប់គ្នា ដោយពួកខ្លួនទាំង២នាក់ បានព្រួតវាយទៅលើជនរងគ្រោះ បណ្តាលឱ្យដួលបែកមាត់តែម្តង។

ក្រោយពេលកើតហេតុ ជនបង្កទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។ ចំណែកជនរងគ្រោះ បានទៅព្យាបាលនៅគ្លីនិករស្មី បន្ទាប់មក ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានប្តឹងទាមទារសំណងចំនួន៥០០០ដុល្លារ ប៉ុន្តែក្រោយមក ដោយសារតែការចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចសម្រេចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កទាំង២នាក់ខាងលើ ទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

RELATED ARTICLES