ប្រពន្ធលែងផ្តល់អាហាររាត្រី ប្តីចុះចោលបាត់

0
608

ពុំដឹងជាកម្មពៀរអ្វី នារីម្នាក់នេះ មានជំងឺចម្លែកឱ្យតែប្តីសុំ រួមមេត្រីច្បាស់ជាចុកពោះ ស្រែកយំមិនខាន រហូតដល់នាងផ្តាច់អាហារ រាត្រីប្តីទាំងស្រុង។ ធម្មតាប្រុសនៅពេញកម្លាំង បើខ្វះអាម៉្យាងហ្នឹង នៅមិនសុខទេ។ យ៉ាងណាមិញ បុរសម្នាក់នេះ បានរត់ចោលប្រពន្ធបាត់ ដោយសារតែ ប្រពន្ធចេះតែឈឺ លូកលាន់មិនបាន…។

នាងណែម ស្រីពៅ អាយុ២៥ឆ្នាំ រស់នៅភូមិកោះប្ញស្សី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះឆាយ បៀន អាយុ៦០ឆ្នាំ។ នាងរៀនសូត្របានត្រឹមចប់បឋមសិក្សាក៏ឈប់ទៅ និងនៅតែផ្ទះជួយសម្រាលបន្ទុក ម្តាយលើការងារស្រែចម្ការ។ លុះនាងមានអាយុ១៩ឆ្នាំ ក៏មានកំលោះម្នាក់ ឈ្មោះអ៊ិត ប្រុសអាយុ បងនាង៣ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត បានមកជួយច្រូតស្រូវបងប្អូនគេ ដែលមាន ផ្ទះជិតនាង និងឧស្សាហ៍ចេញចូលរកទឹកផឹកនៅផ្ទះ របស់នាង ក៏ស្រលាញ់នាងតែម្តង។ គេទាក់ទងជាមួយ នាង១ខែ រហូតស្គាល់ចិត្តថ្លើមគ្នា ទើបគេជម្រាប ចាស់ទុំឱ្យចូលស្តីដណ្តឹងនាងតាមប្រពៃណី។ មុនដំបូង នាងប្រកែកដែរ ដោយមិនទាន់ស្គាល់ប្រវត្តិគេច្បាស់ ម៉្យាងទៀតនាងមិន

នាងណែម ស្រីពៅ និងកូន

ទាន់ចង់បានប្តីផង ព្រោះឃើញបងស្រីនាង និងប្តីគាត់មិនចុះសម្រុងគ្នាទេ ឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ក្រែងវាឆ្លងមកដល់ រូបនាងដែរ។ ទោះយ៉ាងណា នៅពេលគេចូលតាម ប្រពៃណីមិនលេងឆក់កណ្តៀត ទើបនាងយល់ព្រម រៀបការ សាងជីវិតថ្មីជាមួយគេទៅ ដោយចាប់មុខ របរធ្វើស្រែ និងបង្កើតបានកូនប្រុសម្នាក់ជាចំណង និស្ស័យ។
នាងណែម ស្រីពៅ បន្តទៀតថា តាំងពីចាប់ដៃគ្នាមក នាងស្រលាញ់ប្តីណាស់ និងិមិនដែលបង្អត់ របបចំណីយប់ព្រលប់ដល់ម្តងណាឡើយ បើគេត្រូវ ការពេលណា នាងឱ្យពេលហ្នឹង។ ជាអកុសល នៅពេល កូនប្រុសអាយុបាន១ខែ ស្រាប់តែក្នុងខ្លួននាងកើត ជំងឺចម្លែក ដូចមានដុំអ្វីចេះតែបុករុកចាក់ដោតក្នុងពោះ ឱ្យតែយប់ឡើងឈឺទ្រាំមិនបានជួនកាលក៏ស្រែក យំផ្អើលគេឯងទាំងយប់។ ពេលធ្លាក់ខ្លួនឈឺបែបនេះ នាងគ្មានអារម្មណ៍រួមភេទទៀតទេ ទោះជាប្តីលួងលោម អង្វរករយ៉ាងណាក៏នាងមិនឱ្យដែរ។ មុនដំបូង ប្តីចេះ ទ្រាំបាន ដោយព្យាយាមដឹកនាងទៅមន្ទីរពេទ្យ និងដើររកគ្រូខ្មែរ គ្មានពេលរកស៊ី លុះគេខឹងនាងមិនឱ្យ ប៉ះពាល់ក៏ចុះចោលបាត់ទៅ។ លុះកូនអាយុបាន១ឆ្នាំ នាងចេះតែដើររកគ្រូព្យាបាល ក៏បានជាដូចដើមវិញ បែកសាច់ឈាមស្រស់ផូរផង់ រហូតមានកំលោះៗ តាមញ៉ែ ព្រោះដឹងថា នាងត្រូវប្តីរត់ចោល។ ដឹងអី! ពេលដឹងថា នាងជាជំងឺ ស្រាប់តែលេចមុខប្តីនោះ មកដល់ឱ្យគ្រហើៗ អង្វរលន់តួសុំទោសនាង ឯនាង ក៏មិនថាអ្វីដែរ យល់ព្រមរួមរស់ជាមួយគ្នាដូចដើម។

នាងណែម ស្រីពៅ និងលោកអ៊ិត ប្រុស (កាលថ្ងៃរៀបការ)

នាងណែម ស្រីពៅ បន្តទៀតថា គ្រាន់តែរួម ដំណេកជាមួយប្តីបាន១យប់ ស្រាប់តែជំងឺនាងសើរើ ឡើងវិញ ដោយក្នុងពោះដូចមានអ្វីចាក់រុក និងកើតក្តី មួម៉ៅក្តៅក្រហាយនឹងប្តីដែលដើរចោលនាង លុះដឹងថា នាងជាសះស្បើយក៏ចូលមកសុំដេក។ តាំងពីពេល នោះមក នាងក៏បង្អត់អាហាររាត្រីប្តីដូចមុន បើគេហ៊ាន លូក ក៏ស្រែកផ្អើលគេឯង ទើបប្តីទ្រាំបានតែ១ខែ ក៏ចោទថា នាងឆ្កួត ធ្វើឱ្យនាងខឹងកាន់តែខ្លាំង ក៏ជេរប្រទេច និងបណ្តេញ រហូតប្តីទ្រាំមិនបាន ក៏ឱបបង្វេច ចុះចោលនាងជាលើកទី២។ តាំងពីប្តីទៅបាត់មក នាងក៏ធូរខ្លួនវិញ បែរជាស្គាល់កំហុសយំស្រណោះប្តី ចង់ឱ្យគេវិលមករួមរស់ជាមួយគ្នាវិញ នាងនឹកគេណាស់ រាល់ថ្ងៃអង្គុយមើលតែផ្លូវប្តី ភ្លេចបាយភ្លេចទឹក។

នាងណែម ស្រីពៅ

ដោយឡែក លោកអ៊ិត ប្រុស អាយុ២៨ឆ្នាំ ជាប្តី យើងមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ ព្រោះលោកខឹងប្រពន្ធមិនឱ្យប៉ះពាល់ ទំនងជារត់ទៅ មានស្រីថ្មីបាត់ទៅហើយ។
អ្នកស្រីឆាយ បៀន អាយុ៦០ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងថា គាត់ពិបាកចិត្តណាស់ ពីរឿងកូនស្រីនេះ។ ពីមុន នាងស្រីពៅ មិនដែលមានជំងឺ អ្វីទេ តែតាំងពីបានកូន១មក នាងចេះតែត្អូញត្អែរថា មានវត្ថុរឹង១ដុំ រត់ចុះឡើងក្នុងពោះនាង។ គាត់និងប្តី នាងធ្លាប់យកនាងទៅមន្ទីរពេទ្យថតអេកូមើលដែរ តែគ្រូពេទ្យមើលមិនឃើញដុំនោះទេ បានត្រឹមឱ្យ ថ្នាំមកលេបតែប៉ុណ្ណោះ។ បើតាមចាស់ៗថា កូនស្រីនេះ ត្រូវខ្មោចចូលសណ្ឋិតឱ្យខុសធាតុជាមួយប្តី គឺឱ្យតែ ប្តីដេកចូល ច្បាស់ជាធ្វើទុក្ខក្នុងខ្លួនមិនខាន។ គាត់ជួយ ព្យាបាលកូនស្រីនេះអស់លុយច្រើនណាស់ តែបាន ត្រឹមមួយថ្ងៃកាត់ មួយថ្ងៃកោរតែប៉ុណ្ណោះ រហូតដល់ ប្តីនាងអស់សង្ឃឹម ក៏រត់ចោលប្រពន្ធបាត់ទៅ។

លោកអ៊ិត ប្រុស

ស្ត្រីជាម្តាយបន្តទៀតថា ជំងឺស្រីពៅ ធ្លាប់ជាសះស្បើយម្តងរួចទៅហើយ លុះប្តីមកសុំដេកជាមួយ បានមួយយប់ ប៉ះនឹងធាតុប្រុស ស្រាប់តែនាងមួម៉ៅ ក្តៅក្រហាយជេរបញ្ចោរប្តី ធ្វើឱ្យកូនប្រសានោះទ្រាំ មិនបាន ក៏ចុះចោលជាលើកទី២។ លុះប្តីទៅបាត់ ស្រាប់តែនាងយំស្រណោះអង្គុយមើលផ្លូវប្តីទៅវិញ ធ្វើឱ្យគាត់ទាល់តម្រិះ ហើយសូម្បីរូបគាត់ជាម្តាយ ក៏នាងជេរបញ្ចោរដែរ ជួនកាលជេរ១យប់ គ្មានបាន ដេកពួនទេ។
រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា នាងស្រីពៅ មានជំងឺចម្លែកណាស់ ប៉ះធាតុប្តីមិន បាន ដូចមានខ្មោចចូលសណ្ឋិត ស្រែកយំមួយយប់ៗ ទល់ភ្លឺក៏មានដែរ។ ឥឡូវនាងអង្វរគេឯងឱ្យជួយតាម ហៅប្តីមកវិញ តែប្តីនាងខ្លាចនាងបាក់ស្បាតទៅហើយ ទោះជាហៅយ៉ាងណាក៏មិនមកដែរ។

អ្នកស្រីឆាយ បៀន

គួរបញ្ជាក់ថា ជំងឺបែបនេះ ពាក់ព័ន្ធដល់សរសៃប្រសាទ ឬឡប់សតិ ដែលក្បួនវេជ្ជសាស្ត្រ ក៏ទាល់ ច្រកដែរ ព្រោះសូម្បីតែនិស្សិតរៀនចប់បរិញ្ញាបត្រ ជួបបញ្ហានេះ ក៏គ្រូពេទ្យមិនអាចព្យាបាលឱ្យជាសះស្បើយ១០០ ភាគរយបានឡើយ។ តាមជំនឿបុរាណថា មកពីមានខ្មោចព្រាយយាយី ឬត្រូវអំពើអំព័ន្ធ លុះត្រាតែរកគ្រូខ្លាំងពូកែស្តោះផ្លុំទើបបាន។ ទោះយ៉ាងណា សម្រាប់អ្នកក្រ បើជួបជំងឺប្រភេទនេះ ច្បាស់ជាក្រជាន់លើក្រមិនខាន ពោលគឺត្រូវលក់ស្រែ ចម្ការគោក្របីអស់ ដើម្បីព្យាបាល ជាមិនជាក៏តស៊ូដែរ…”៕