Thursday, April 25, 2024
Homeព័ត៌មានជាតិបុរសម្នាក់និងម្ចាស់ហាងមួយ ប្រកាសឱ្យទូរស័ព្ទប៉ូលិសជ្រុលដៃទះកំផ្លៀងស្រី

បុរសម្នាក់និងម្ចាស់ហាងមួយ ប្រកាសឱ្យទូរស័ព្ទប៉ូលិសជ្រុលដៃទះកំផ្លៀងស្រី

ភ្នំពេញ​ ៖ ក្រោយកើតរឿងរ៉ាវអំពើហិង្សា មន្ត្រីប៉ូលិសជ្រុលដៃទះកំផ្លៀងស្ត្រីម្នាក់ ដែលគ្រវាសដៃធ្វើឱ្យធ្លាក់បែកទូរស័ព្ទ Camfone របស់ខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចកែងផ្សារអូឡាំពិក ស្ថិតក្នុងក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រួចមក ក៏ស្រាប់តែមានបុរសម្នាក់បានប្រកាសផ្តល់ទូរស័ព្ទទំនើបប្រភេទ iPhone 6plus ១គ្រឿង និងហាងលក់ទូរស័ព្ទមួយ ក៏បានប្រកាសផ្តល់ទូរស័ព្ទទំនើបប្រភេទ Samsung A5 2017 ទៅឱ្យបុរសជាមន្ត្រីប៉ូលិសរូបនោះ សម្រាប់ប្រើប្រាស់ជំនួសទូរស័ព្ទដែលធ្លាក់បែកក្នុងហេតុការណ៍ដ៏ចម្រូងចម្រាស់មួយនោះ។

បុរសដែលប្រកាសផ្តល់ទូរស័ព្ទ iPhone 6plus ឱ្យមន្ត្រីប៉ូលិសនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Piseth Ouk។

ម្ចាស់គណនី Piseth Ouk បានបង្ហោះសារមួយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ថា “អធ្យាស្រ័យ អ៊ំពូមីង បងប្អូន មិត្តភក្កិនៅ ក្នុងប្រព័ន្ធ Facebook ទាំងអស់គ្នា ខ្ញុំ Piseth Ouk មានបំណងជូនទូរស័ព្ទ១គ្រឿង ដល់លោកកៅ សំអុល បើមានអ្នកស្គាល់លេខទូរស័ព្ទគាត់ អាច Chat មក inbox របស់ខ្ញុំដោយក្តីរីករាយ…”។

ចំណែកគណនីហ្វេសប៊ុក Jet Black Store បានបង្ហោះហ្វេសប៊ុកថា ” មិ​នបរិយាយថាខាងណាខុសខាងណាត្រូវទេ​ តែខ្ញុំឃេីញថា លោកពូរត្រូវបានផ្អាកការងារ​ហេីយដោយសាររឿងនេះ​ ហេីយទូរស័ព្ទក៍ខូចទៀត ជុសជុលវិញក៍ពិបាកប្រេីដែរ Jet Black Store សូមផ្ដល់ជូនលោកពូនៅទូរស័ព្ទថ្មីប្រអប់តំលៃមធ្យមមួយគ្រឿង​ ម៉ូដែល​ Samsung A5 2017 ដែរមានមុខងារច្រេីនគួសម​ ម្យ៉ាងវាធន់នឹងការជ្រុះធ្លាក់​ជួយបានខ្លះ បេីមានបញ្ហាលេីកក្រោយ នឹងមាន​ Water Proof ដែរមិនបាច់បារម្ភការធ្លាក់ចូលទឹកបានផងដែរ ! បេីអ្នកណាដឹងលេខទូរស័ព្ទគាត់ជួយ​ប្រាប់ខាងយេីងផង”។

គួរបញ្ជាក់ថា ករណីហិង្សា (ប៉ូលិសទះកំផ្លៀងស្រី) នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន និងត្រូវបានប្រជាពលរដ្ឋម្នាក់ថតជាប់នូវសកម្មភាពទាំងនោះគ្មានសល់ ព្រមទាំងបានបង្ហោះចែកចាញនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក បង្កឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីនគរបាល ជាជនបង្កហេតុ ដែលហ៊ានលើកដៃទះកំផ្លៀងមនុស្សស្រីនៅទីសាធារណៈ ទាំងដែលខ្លួនកំពុងគ្រងឯកសណ្ឋានសមត្ថកិច្ច និងកំពុងអនុវត្តតួនាទី។

មន្ត្រីនគរបាលដែលប្រើអំពើហិង្សា (ទះកំផ្លៀង) មនុស្សស្រីរូបនោះ មានឈ្មោះកៅ សំអុល អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទួលស្វាយព្រៃ១ មានឋានន្តរស័ក្តិអនុសេនីយ៍ទោ (ស័ក្តិ២) ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឌី លីណា អាយុ៣៧ឆ្នាំ មុខរបរជាគ្រូពេទ្យ មានលំនៅផ្ទះលេខ២២បេ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បន្ទាប់ពីកើតមានករណីអំពើហិង្សាខាងលើឡើង និងមានការរិះគន់យ៉ាងខ្លាំងពីមហាជន នៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃដដែល នោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យឃាត់ខ្លួនមន្ត្រីប៉ូលិស ឈ្មោះកៅ សំអុល ទាំងយប់ និងសម្រេចផ្អាកការងារជាបណ្តោះអាសន្ន នៅថ្ងៃបន្ទាប់។

យ៉ាងណាក្តី ទន្ទឹមនឹងមានការរិះគន់វាយប្រហារទៅលើមន្ត្រីប៉ូលិស ឈ្មោះកៅ សំអុល ដែលគ្រងឯកសណ្ឋានជាសមត្ថកិច្ច បែរជាប្រើហិង្សាទះកំផ្លៀងស្ត្រីភេទទន់ខ្សោយ ក្នុងអំឡុងពេលដែលខ្លួនកំពុងអនុវត្តតួនាទីនោះ ក៏មានការរិះគន់ចំពោះស្ត្រីជាភាគីម្ខាងទៀតផងដែរ។

ក្នុងនោះ លោកគួច ខេវិន បានបង្ហោះសារមួយតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Kevin Kouch ថា “សូមចូលរួមធ្វើជាប្រជាពលរដ្ឋដ៏ល្អក្នុងសង្គមជាតិ ដែលកំពុងប្រកួតប្រជែង និងអភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច… សូមអរគុណលោកពូប៉ូលិសចរាចរណ៍ដែលខិតខំបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋមិនថាក្តៅ មិនថាភ្លៀង… មនុស្សណាដែលមិនធ្លាប់ធ្វើខុស? ប៉ុន្តែរាល់កំហុស គឺសុទ្ធតែជាមេរៀន អ្នកដែលបង្កកំហុសក្នុងរូបភាពនេះ គឺជាស្ត្រីម្នាក់នេះខ្លួនឯងក៏ជាអ្នកចេះដឹង (គ្រូពេទ្យ) ហេតុអ្វីក៏បើកបរបញ្ច្រាសទិស មានមួកហើយ ម្តេចមិនពាក់ ដៀមដាមម៉ាក់ងាយជេរប៉ូលិស ប្រតាយប្រតប់ ធ្វើឱ្យបាក់បែកទ្រព្យសម្បត្តិ (ធ្លាក់ទូរស័ព្ទ) របស់ប៉ូលិសទៀត… ពិតជាគំរូមិនល្អសម្រាប់សង្គមជាតិយើងនោះឡើយ… សូមលោកពូប៉ូលិសបន្តពង្រឹងការងារឱ្យកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយជនល្មើស! កុំភ្លេចយកច្បាប់មកប្រើផង…”។

ចំណែកគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ ក៏បានបង្ហោះសារមួយទាក់ទងនឹងករណីខាងលើនេះដែរថា “មានភ្លើង ទើបមានផ្សែង មើលហើយចាំពិចារណា ៖ នាងជាគ្រូពេទ្យ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលនគរបាលហៅត្រួតពិនិត្យ មិនទទួលស្គាល់កំហុសហើយ យកទូរស័ព្ទដៃថតនគរបាល និងចោទនគរបាលថាជាចោរ។ នគរបាលក៏ថតវីដេអូវិញ អ្នកគ្រូពេទ្យខឹងក៏វ៉ៃដៃនគរបាល ធ្វើឱ្យធ្លាក់ទូរស័ព្ទដៃបែកអេក្រង់  ដោយស្តាយទូរស័ព្ទ និងដោយខឹងអ្នកគ្រូពេទ្យដៀលថាជាចោរផង ទើបនគរបាលទ្រាំមិនបានក៏ទះមួយកំផ្លៀងទៅ។ តើចោទនគរបាលថា ចោរមានភ័ស្តុតាងពីណា? ហើយអ្នកគ្រូពេទ្យបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍ ម៉េចបានមិនទទួលស្គាល់កំហុស? នៅក្នុងមន្ទីរពេទ្យមើលអ្នកជម្ងឺ សំដីយ៉ាងម៉េច បើសំដីអាក្រក់ម្លឹងៗ? ព្រះក៏ទ្រាំមិនបានដែរ បើព្រហើនបែបនេះនោះ។ តែការប្រើហិង្សាមិនគួរមានទេ សូមសមត្ថកិច្ចអត់ធ្មត់ឱ្យបានខ្ពស់ ជៀសវាងកំហុសកើតឡើងដូចករណីនេះ…”។

ដោយឡែក តាមប្រភពពីអ្នកស្គាល់មន្ត្រីប៉ូលិស កៅ សំអុល បានលើកឡើងថា មន្ត្រីប៉ូលិសរូបនេះមានជីវភាពក្រីក្រណាស់ ប្រឹងសន្សំលុយស្ទើរស្លាប់ ទម្រាំទិញបានទូរស័ព្ទ Camfone យកមកប្រើ លុះកើតមានរឿងរ៉ាវខាងលើ ធ្វើឱ្យទូរស័ព្ទធ្លាក់បែក ទើបនឹកស្តាយរបស់ផង ធ្វើកើតជាកំហឹង ក៏ឈានដល់អំពើហិង្សាតែម្តង ហើយកន្លងមក មន្ត្រីប៉ូលិសរូបនេះមានចរិតស្លូតបូត មិនធ្លាប់បង្កបញ្ហា ឬប្រើហិង្សានោះឡើយ។

យោងតាមប្រភពពីមន្ត្រីនគរបាលខណ្ឌចំការមន បានឱ្យដឹងនៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃ១ បានចុះដាក់គោលដៅអនុវត្ត និងពង្រឹងច្បាប់ចរាចរណ៍នៅចំណុចទីតាំងកើតហេតុខាងលើ ដែលតែងតែមានការធ្វើចរាចរណ៍ដោយមិនគោរពទិសដៅចរាចរណ៍ (ជិះបញ្ច្រាស) ជារៀងរាល់ថ្ងៃ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ឃើញស្ត្រីរងគ្រោះខាងលើ បើកម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៨ ដោយមិនមានពាក់មួកការពារសុវត្ថិភាព និងថែមទាំងបើកបញ្ច្រាសទិសដៅចរាចរណ៍ទៀតផង។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចេញទៅឃាត់ បំណងធ្វើការអប់រំ និងផាកពិន័យ ទើបធ្វើឱ្យកើតមានជាទំនាស់ពាក្យសម្តីនឹងគ្នា រហូតឈានដល់អំពើហិង្សាបែបនេះតែម្តង។

ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលនាំឱ្យមន្ត្រីនគរបាលទះកំផ្លៀងស្ត្រីរងគ្រោះនោះ គឺដោយសារតែភាគីទាំង២បានទាស់សម្តីគ្នា ហើយត្រូវភាគីស្ត្រីរងគ្រោះបានគ្រវាសដៃ ធ្វើឱ្យធ្លាក់ទូរស័ព្ទរបស់មន្ត្រីប៉ូលិសរូបនោះបែក ទើបធ្វើឱ្យផ្ទុះកំហឹងឈានដល់ទះកំផ្លៀងស្ត្រីរងគ្រោះតែម្តង។

ជុំវិញរឿងរ៉ាវហិង្សាខាងលើនេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ពោលគឺ១ថ្ងៃក្រោយកើតហេតុ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ការមួយ ដោយសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ទោ កៅ សំអុល អត្តលេខ២៧៧០២ ឋានៈមន្ត្រីប៉ុស្តិ៍រដ្ឋបាល ទួលស្វាយព្រៃទី១ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមូលហេតុបញ្ចោញអាកប្បកិរិយា ឬពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុនាំឱ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ៕

RELATED ARTICLES