Saturday, April 20, 2024
Homeព័ត៌មានជាតិគូស្នេហ៍ស្មោះភក្តី ដឹកដៃគ្នាកាច់សោកម៉ូតូ សមត្ថកិច្ចចាប់វាយខ្នោះ

គូស្នេហ៍ស្មោះភក្តី ដឹកដៃគ្នាកាច់សោកម៉ូតូ សមត្ថកិច្ចចាប់វាយខ្នោះ

ខេត្តតាកែវ ៖ យុវវ័យជាគូស្នេហ៍២នាក់ មិនមានមុខរបរអ្វីច្បាស់លាស់ចិញ្ចឹមជីវិត បែរជាបែកគំនិតដើរលួចទ្រព្យសម្បត្តិអ្នកដទៃ ដោយនាំគ្នាធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់បានសម្រេច តែមិនទាន់បានប៉ុន្មានផង ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនបានទាំងគូ នាំយកទៅចាត់ការតាមច្បាប់។

ករណីគូស្នេហ៍ដាច់យ៉ៃលួចកាច់កម៉ូតូគេបានសម្រេច​ តែរត់មិនរួចនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង។

ជនសង្ស័យទាំង២នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ រួមមាន ទី១-ឈ្មោះឈៀង  ពិសិដ្ឋ អាយុ២០ឆ្នាំ រស់នៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកនារីជាសង្សារមានឈ្មោះប្រាក់ ស៊ីតា អាយុ២០ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឆាយ សាវុធ អធិការក្រុងដូនកែវ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីកាច់កម៉ូតូ កើតឡើងនៅចំណុចកើតហេតុខាងលើ ដោយជនសង្ស័យមានគ្នា២នាក់ (ប្រុស១ ស្រី១)។ ភ្លាមនោះ ដោយមានបទបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កងកម្លាំងអន្តរគមន៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការក្រុងដូនកែវ តាមប្រមាញ់ចាប់បានចោរកាច់កម៉ូតូ២នាក់ភ្លាមៗ ពោលគឺក្រោយពីជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពលួចម៉ូតូមិនបានមួយដង្ហើមចង្រិតផង។

នៅចំពោះមុខសមត្ថកិច្ច គូស្នេហ៍ជាជនសង្ស័យកាច់កម៉ូតូខាងលើនេះ បានឆ្លើយសារភាពថា ពួកគេទាំង២នាក់ ពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋប្រាកដមែន មូលហេតុដោយសារតែពួកគេមិនមានមុខរបរអ្វីច្បាស់លាស់ ទើបបែកគំនិតដើរលួចបែបនេះតែម្តង។

ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES