Friday, April 26, 2024
Homeព័ត៌មានជាតិកូរពេញ KTV តែម្តង!!! ឈ្លោះប្តីប្រពន្ធឯងសោះ ទៅចោទសន្តិសុខទះកំផ្លៀង

កូរពេញ KTV តែម្តង!!! ឈ្លោះប្តីប្រពន្ធឯងសោះ ទៅចោទសន្តិសុខទះកំផ្លៀង

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានចូលច្រៀងខារ៉ាអូខេជាមួយបុរសម្នាក់ ដែលនាងបានអះអាងថាជាប្តី លុះផឹកស៊ីស្រវឹង ស្រាប់តែកើតមានជម្លោះក្នុងបន្ទប់ខារ៉ាអូខេ ទើបខាងស្រីបានចេញមកនិយាយទូរស័ព្ទខាងក្រៅ លុះចង់ចូលវិញ ក៏ត្រូវមេការសន្តិសុខប្រចាំខារ៉ាអូខេឃាត់ រារាំងដោយអះអាងថា បុរសជាប្តីបានដេញនាងមិនឱ្យចូលទេ ធ្វើឱ្យនារីរូបនោះ ខឹងរត់ទៅប្តឹងសមត្ថកិច្ចថា មេការសន្តិសុខទះកំផ្លៀងនាង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខខារ៉ាអូខេ យីហោ AMANI KTV តាមផ្លូវ១១៣ កែងផ្លូវ៣០០ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ស្រីស្អាត ដែលអះអាងថា ត្រូវមេការសន្តិសុខទះកំផ្លៀងនោះ មានឈ្មោះស្រីណុច អាយុ២២ឆ្នាំ ជាអ្នកលក់ខោអាវ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ រីឯបុរសជាប់ចោទជាមេការសន្តិសុខប្រចាំការនៅខារ៉ាអូខេ  AMANI KTV មិនបានឱ្យដឹងឈ្មោះនោះទេ។

តាមសម្តីនារីខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងមានគ្នា៣នាក់ (ប្រុស ២ ស្រី១) ហើយក្នុងចំណោមប្រុស២នាក់នោះ មានម្នាក់ត្រូវជាប្តីរបស់នាងបាននាំគ្នាចូលទៅច្រៀងលេងនៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ។  លុះច្រៀងមិនទាន់បានប៉ុន្មានផង នាងក៏កើតមានទំនាស់ជាមួយប្តីបន្តិចបន្តួច ហើយនាងបានយកទូរសព្ទ័គប់ប្តី រួចក៏ចេញមកក្រៅ ដើម្បីនិយាយទូរស័ព្ទ។ ស្រាប់តែពេលនិយាយរួចហើយ ចង់ចូលទៅក្នុងបន្ទប់វិញ ក៏ត្រូវបុរសជាមេការសន្តិសុខរារាំងមិនឱ្យនាងចូលទេ ព្រមទាំងបានទះកំភ្លៀងនាងមួយដៃ បណ្តាលឱ្យធ្លាក់ទូរស័ព្ទ ហើយអូសនាងចេញមកក្រៅ ធ្វើឱ្យរងរបួសមេជើងបន្តិចផងដែរ។ ភ្លាមនោះ នាងមិនដឹងធ្វើយ៉ាងម៉េច ណាមួយប្តីនៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ មិនទាន់ចុះមក ចំណែកទូរស័ព្ទដាក់ក្នុងកាបូបខលអត់ឮទៀត ទើបនាងសម្រេចរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលបឹងកេងកង២ ដើម្បីជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានដឹកនារីខាងលើ ទៅកន្លែងកើតហេតុ និងបានឱ្យភាគីខាងមេការសន្តិសុខ មកធ្វើការជជែកតតាំងដាក់គ្នា ដោយនារីរូបនោះ នៅតែនិយាយទាំងហូរទឹកភ្នែកថា បុរសដែលជាមេសន្តិសុខបានទះកំផ្លៀងនាង។

ដោយឡែក ខាងបុរសជាមេការសន្តិសុខ វិញ បានប្រកែក និងលើហេតុផលថា រូបគាត់មិនបានវាយនារីរូបនេះទេ ហើយគាត់មានសាក្សីដែលជាបុគ្គលិកនៅទីនេះទៀតផង។ មេការសន្តិសុខបានបន្ថែមថា នៅមុនពេលកើតហេតុ បុរសដែលនាងអះអាងថា ជាប្តីនិងមិត្តភក្តិប្រុសម្នាក់ទៀត បានមកចូលច្រៀងមុន លុះបន្តិចក្រោយមក ទើបឃើញនារីម្នាក់នេះ ចូលតាមក្រោយ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែនាងបានរករឿងអុកឡុកកូរពេញខារ៉ាអូខេ។ មិនតែប៉ុណ្ណោះ បានយកទូរស័ព្ទគប់ បណ្តាលឱ្យត្រូវនារីបម្រើការម្នាក់នៅក្នុងបន្ទប់ទៀតផង ទើបពេលនោះ បុរសដែលនាងអះអាងថា ជាប្តីបានឱ្យសន្តិសុខដេញចេញមកក្រៅកុំឱ្យអុកឡុកគេទៀត តែគាត់មិនបានវាយទៅលើនាងនោះទេ។

បន្ទាប់ពីស្រែកចោទដាក់គ្នាទៅវិញទៅមកហើយ ស្រាប់តែបុរសដែលនាងអះអាងថា ជាប្តីត្រូវបុគ្គលិកគ្រាហ៍ចុះពីបន្ទប់ខារ៉ាអូខេចេញមកក្រៅ ដើម្បីឱ្យជួយនិយាយលួងលោមស្ត្រីជាប្រពន្ធ ប៉ុន្តែបុរសរូបនោះបែរជាបោះសម្តីថា រូបនាងមិនមែនជាប្រពន្ធគាត់នោះទេ ធ្វើឱ្យស្ត្រីរូបនោះ រឹតតែស្រែកយំខ្លាំងឡើង និងថែមទាំងបានដេញឱបថើបបុរសដែលនាងអះអាងថា ជាប្តីនោះពេញផ្លូវ។

ក្រោយមក ទាំងនារីខាងលើ រួមនិងបុរសជាប្តី ហាក់ស្ងប់អារម្មណ៍ទាំង២នាក់ ទើបហៅម៉ូតូកង់បីជិះឱបគ្នាចេញទៅបាត់ ដោយលែងខ្វល់ពីរឿងប្តឹងមេការសន្តិសុខទះកំផ្លៀងទៅលើនាងទៀតហើយ ធ្វើឱ្យអ្នកតាមដានសើចស្មាញគ្រប់គ្នា៕

RELATED ARTICLES