Thursday, March 28, 2024
Homeព័ត៌មានជាតិចោទបក្ខពួកចោរ!!! ប៉ូលិសស្លៀកស៊ីវិល៥នាក់ ព្រួតវាយបុរសម្នាក់ស្ទើរស្លាប់ស្ទើររស់

ចោទបក្ខពួកចោរ!!! ប៉ូលិសស្លៀកស៊ីវិល៥នាក់ ព្រួតវាយបុរសម្នាក់ស្ទើរស្លាប់ស្ទើររស់

ភ្នំពេញ ៖ បុរសមួយក្រុមមានគ្នាប្រមាណ៥នាក់ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល និងបានអះអាងខ្លួនគឺជាប៉ូលិសក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពព្រួតគ្នាវាយដំយុវជនម្នាក់បណ្តាលឱ្យជាំខៀវ បែកមុខមាត់យ៉ាងដំណំ ដោយចោទប្រកាន់ថា យុវជនរងគ្រោះគឺជាបក្ខពួកចោរលួចម៉ូតូ បន្ទាប់មកក៏ចាប់វាយខ្នោះដឹកតាមម៉ូតូកង់៣ឥណ្ឌា យកទៅទម្លាក់ចោលនៅខាងមុខក្រសួងមហាផ្ទៃ រួចក៏នាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ជាហេតុធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ទទូចអំពាវនាវរកយុត្តិធម៌។

ហេតុការណ៍ខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

យុវជនរងគ្រោះដែលត្រូវបុរសស្លៀកពាក់ស៊ីវិលមួយក្រុម អះអាងថាជាសមត្ថកិច្ច ព្រួតវាយបណ្តាលឱ្យរងរបួសយ៉ាងដំណំ មានឈ្មោះអ៊ឹម បញ្ញា អាយុ២៣ឆ្នាំ មានលំនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកក្រុមជនបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល តែបានអះអាងថា ខ្លួនគឺជាសមត្ថកិច្ចក្រសួងមហាផ្ទៃ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ផ្តួលម៉ូតូចោលរត់ចូលក្នុងហាងលក់ស៊ុបចង្កាក់ ដើម្បីស្រែកហៅគេឱ្យជួយ ភ្លាមនោះ គេឃើញបុរស១ក្រុម មានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល ហើយក្នុងនោះមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស មានកាន់វិទ្យុទាក់ទង និងអាវុធជាប់ខ្លួន បានស្ទុះចូលទៅដេញចាប់យុវជនខាងលើ រួចបានវាយដំយុវជនរូបនោះយ៉ាងចាស់ដៃ នៅចំពោះមុខមហាជនដែលកំពុងចោមរោមមើល ដោយបានចោទប្រកាន់ថាយុវជនរូបនេះ គឺជាបក្ខពួកចោរលួចម៉ូតូ បន្ទាប់មកក៏នាំគ្នាដាក់ខ្នោះយុវជនខាងលើ បានតែដៃម្ខាង ដោយសារតែដៃម្ខាងទៀតរបស់យុវជននោះ បានចុចទូរស័ព្ទហៅម្តាយឱ្យមកជួយ ស្រាប់តែត្រូវសមត្ថកិច្ចឆក់យកទូរស័ព្ទបោកចោលតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់មកទៀត ក្រុមដែលអះអាងថាខ្លួនជាសមត្ថកិច្ចនោះ បានចាប់អូសយុវជនខាងលើឡើងលើម៉ូតូកង់បីឥណ្ឌា  តែត្រូវយុវជនរូបនោះ បានស្រែកហៅគេឯងឱ្យជួយ និងប្រាប់ថា ចាំឪពុកម្តាយរបស់គេមកសិន ព្រោះរូបគេមិនមែនជាចោរទេ តែយ៉ាងណា ក្រុមសមត្ថកិច្ចទាំងនោះបានអូសប្រទាញប្រទង់យុវជនរូបនោះ រហូតដាក់ចូលម៉ូតូកង់បីឥណ្ឌា ដឹកចេញទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តង។ ចំណែកក្រុមសមត្ថកិច្ចទាំងនោះពេលដឹកជនរងគ្រោះទៅដល់មុខក្រសួងមហាផ្ទៃហើយ ក៏នាំគ្នាឡើង ជិះម៉ូតូចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់។

តាមសម្តីស្ត្រីឈ្មោះវត្តី អាយុ២៨ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបញ្ជាក់ថា រូបនាងនិងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុថា ប្អូនប្រុសរបស់នាងត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូលិសមានគ្នាប្រមាណ៤ទៅ៥នាក់ ធ្វើការវាយដំនៅចំណុចមុខហាងស៊ុបចង្កាក់ ទីតាំងកើតហេតុ។ គ្រាន់តែឮដំណឹងនេះភ្លាម នាងនិងស្វាមីបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ និងត្រូវគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាងនិងស្វាមីក៏បានទៅកាន់ប៉ុស្តិ៍ តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។ នៅពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ និយាយដូច្នេះ រូបនាងនិងស្វាមីបានទៅក្រសួងមហាផ្ទៃ បន្តទៀត ស្រាប់តែទៅដល់ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ ដែលកំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង ដោយដៃជាប់ខ្នោះទៀតផង ចំណែកក្រុមសមត្ថកិច្ចដែលចាប់ខ្លួនប្អូនប្រុសរបស់នាងនោះ មិនដឹងបាត់មុខទៅណាអស់ទេ។ ភ្លាមនោះ ប្តីរបស់នាងបានស្រែកសួរនៅកន្លែងកើតហេតុថា តើប៉ូលិសណាអ្នកចាប់និងវាយប្អូនប្រុសបែបនេះ? ស្រាប់តែភ្លាមនោះ មានបុរសម្នាក់អះអាងថាខ្លួនជាប៉ូលិស បាននិយាយថា មកពីប្អូនប្រុសគាត់នេះ ជាបក្ខពួកចោរលួចម៉ូតូ និងថែមទាំងបោះសម្តីដាក់ប្តីរបស់នាងថា ម៉េចចង់ការពារចោរ? ទៀតផង។ បន្ទាប់មកនាងក៏ប្រញាប់នាំប្អូនប្រុសមកសង្គ្រោះបន្ទាន់នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់ និងបន្តដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ។

សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ផ្ទៃមុខ ពិសេសភ្នែក និងចិញ្ចើមខាងស្តាំ ចំណែកដៃជាប់ខ្នោះមានដាច់រលាត់ និងហើមពោរខ្លាំងផងដែរ។

តាមសម្តីរបស់យុវជនរងគ្រោះឈ្មោះអ៊ឹម បញ្ញា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រយៈពេលប្រមាណ២ថ្ងៃ មានបុរសម្នាក់ប្រាប់ថា ខ្លួនជាសមត្ថកិច្ច តែស្លៀកពាក់ស៊ីវិល បានកាន់រូបថតយុវជនម្នាក់ មកសួររូបគេថា មានធ្លាប់ស្គាល់ ឬឃើញម្នាក់នេះទេ? លុះពិនិត្យរូបថតរួច រូបគេក៏នឹកឃើញថា ប៉ុន្មានថ្ងៃមុនធ្លាប់ឃើញជននោះជិះម៉ូតូកាត់មុខរបស់គេ ចូលទៅបន្ទប់ជួលនៅម្តុំមណ្ឌលសុខភាពទឹកថ្លា។ បន្ទាប់មក បុរសដែលអះអាងថា ជាប៉ូលិសរូបនោះ បានសុំឱ្យរូបគេជួយសហការដើម្បីតាមរកជនសង្ស័យនោះ ដោយប្រាប់ថា ជនសង្ស័យនោះគឺជាចោរលួចម៉ូតូ។

យុវជនរងគ្រោះ បន្តថា លុះមកដល់ថ្ងៃកើតហេតុ បុរសរូបនោះ បានមកជួបរូបគេម្តងទៀត និងហៅរូបគេឱ្យឡើងជិះម៉ូតូជាមួយ ចំណែករូបគេដោយគិតថាខ្លួនជាមនុស្សស្អាតស្អំផង ណាមួយចង់សហការជាមួយប៉ូលិសរកចាប់ជនសង្ស័យផង ក៏ព្រមទៅជាមួយ និងត្រូវបុរសនោះដឹករូបគេចុះឡើង លុះគេប្រាប់ថា ចង់ទូរស័ព្ទប្រាប់ម្តាយសិន ព្រោះចេញពីផ្ទះយូរហើយ តែបុរសនោះឃាត់ថា ចាំទៅដល់ក្រសួងមហាផ្ទៃទៅ ចាំខលប្រាប់ រួចជិះម៉ូតូយ៉ាងលឿន រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ដួលម៉ូតូ ទើបរូបគេរត់ទៅហៅគេឱ្យជួយ ស្រាប់តែត្រូវក្រុមបុរសខាងលើ បានចាប់វាយដំរូបគេ ធ្វើដូចជាគេប្រព្រឹត្តអំពើល្មើសច្បាប់អ៊ីចឹង។

យុវជនរងគ្រោះ បានឱ្យដឹងទៀតថា នៅពេលដឹករូបគេតាមម៉ូតូកង់បី បុរសទាំងនោះ បានដាក់ខ្នោះរូបគេជាប់នឹងម៉ូតូកង់បីទៀតផង លុះដឹកមកដល់មុខក្រសួងមហាផ្ទៃ បុរស២នាក់ ដែលជិះអមរូបគេលើម៉ូតូកង់បី ក៏បានចុះទៅនិយាយគ្នាបានបន្តិច ស្រាប់តែនាំគ្នាឡើងជិះម៉ូតូ គេចខ្លួនចេញពីកន្លែងកើតហេតុអស់តែម្តង។

យ៉ាងណាក្តី ទាំងក្រុមគ្រួសារ ក៏ដូចជាយុវជនដែលទទួលរងការវាយដំពីបុរសមួយក្រុមដែលអះអាងថាខ្លួនជាប៉ូលិសក្រសួងមហាផ្ទៃនេះ បានអំពាវនាវសុំឱ្យសមត្ថកិច្ចជំនាញ មេត្តាជួយស៊ើបអង្កេតស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ផង ពិសេសត្រូវតាមវែកមុខក្រុមសមត្ថកិច្ច ដែលបង្កហិង្សាមកលើជនរងគ្រោះទាំងកណ្តាលចំណោមមហាជន ទាំងមិនទាន់មានភ័ស្តុតាងអ្វីដាក់បន្ទុកជនរងគ្រោះសោះ ហើយទោះជាជនរងគ្រោះជាប់សង្ស័យយ៉ាងណា ក៏គួរនាំយកទៅសួរនាំតាមនីតិវិធីឱ្យបានត្រឹមត្រូវ មិនគួរប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃបែបនេះនោះទេ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងក្រសួងមហាផ្ទៃបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES