Friday, April 26, 2024
Homeព័ត៌មានជាតិធុំក្លិនផ្សែងផ្សារដែក កម្មករដួលសន្លប់១១៥នាក់

ធុំក្លិនផ្សែងផ្សារដែក កម្មករដួលសន្លប់១១៥នាក់

ភ្នំពេញ ៖ កម្មករ-កម្មការិនីប្រមាណជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបរិវេណរោងចក្រ Starite (Cambodia) Co., ស្ថិតិនៅតាមតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល។

ក្រុមកម្មករ-កម្មការិនីរោងចក្រ ស្តារីត ដែលបានដួលសន្លប់ មានចំនួនសរុប១១៥នាក់ ក្នុងនោះកម្មករមានចំនួន៤នាក់ ចំណែកកម្មការិនី មានចំនួន១១១នាក់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញកម្មករ-កម្មការិនីរោងចក្រស្តារីច បាននាំគ្នាចូលទៅបំពេញការងាររៀងៗខ្លួន ដូចសព្វមួយដង លុះបន្តិចក្រោយមក ស្រាប់តែកើតមានការជ្រួលច្របល់ ភ្ញាក់ផ្អើលពេញរោងចក្រថាមានកម្មការិនីដួលសន្លប់ជាបន្តបន្ទាប់ រហូតមានចំនួនដល់ទៅ១១៥នាក់ឯណោះ។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានបញ្ជាក់ប្រាប់ថា មូលហេតុដែលបណ្តាលឱ្យក្រុមកម្មករ-កម្មការរីនីដួលសន្លប់ រហូតដល់ទៅជាង១០០នាក់នេះ គឺបណ្តាលមកពីមានធុំក្លិនផ្សារដែកនៅក្នុងរោងចក្រមួយទៀត ដែលស្ថិតនៅជាប់គ្នា។ យ៉ាងណាក្តី ក្រុមក្រុមកម្មករទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីសង្គ្រោះបន្ទាន់ហើយ។

ដោយឡែក ប្រភពព័ត៍មានបានឱ្យដឹងថា ដោយសារតែរោងចក្រនៅជិតនោះ មានក្លិនថ្នាំភាយចូលមកពីរោងចក្រនៅជិតនោះ ទើបធ្វើឱ្យក្រុមកម្មករដួលសន្លប់។ ក្រោយពីក្រុមកម្មករទាំងនោះដួលសន្លប់ ខាងរោងចក្របានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអស់ហើយ។

គួរបញ្ជាក់ថារោងចក្រ ស្តារីត មានកម្មករ-កម្មការិនីបម្រើការសរុបចំនួន៧៤៥នាក់៕

 

RELATED ARTICLES