រាល់ដងមិនសូវអីទេ ម្តងនេះខ្លាំងដៃតែម្តង ប្រពន្ធរយះក្បាល

0
220

ខេត្តស្វាយរៀង ៖ បុរសជាប្តីម្នាក់តែងផឹកស៊ីស្រវឹងជាប់ជាប្រចាំ និងតែរករឿងឈ្លោះប្រកែកប្រើអំពើហិង្សាវាយដំប្រពន្ធកូនមិនស្វាង លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែកចូលដល់ផ្ទះភ្លាម ក៏បង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ស្ទុះទៅទាញដំបងមកវាយសំពងប្រពន្ធចំក្បាល បណ្តាលឱ្យរយះក្បាលរងរបួសយ៉ាងធ្ងន់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុច ភូមិឫស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

បុរសជាប្តីកំណាចដែលវាយប្រពន្ធរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយូ សារុំ អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសុខ សុភា អាយុ៤០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំង២ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និជួយបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្វាយជ្រំ ដើម្បីព្យាបាលមុខរបួស ដោយត្រូវគ្រូពេទ្យដេរមុខរបួសជាច្រើនថ្នេរ។ ចំណែកជនបង្កហេតុជាប្តី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕