ពេជ្រ សោភា មិនខ្វល់អតីតសង្សាររៀបការ ឡើងច្រៀងជូនពរឱក សុគន្ធកញ្ញា

0
1097

មុននេះមានដំណឹងថា ពេជ្រ សោភា បៀមទុក្ខស្នេហ៍តែម្នាក់ឯង ហើយសប្បាយតែលើឆាកតន្ត្រីប៉ុណ្ណោះ តែចុះពីច្រៀងរាំ នាងតែងស្រងូតស្រងាត់ ព្រោះពេលនេះ អតីតសង្សារដល់ទៅ២នាក់ ត្រៀមរៀបការចោលព្រមគ្នា។

យ៉ាងណា គេមិនដឹងថា តើសង្សារចាស់របស់ពេជ្រ សោភា ទាំង២នាក់ ដែលដាច់ចិត្តទៅមានថ្មីចោលនាងនោះ ជាប្រុសណាឡើយ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅពេលនេះ គឺពេជ្រ សោភា ហាក់បង្ហាញភាពរីករាយដោយទៅចូលរួមមង្គលការបស់ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ហើយនាងថែមទាំងបង្ហើរសារជូនពរដល់គូស្វាមីភរិយាថ្មី ដែលជាមិត្តរួមអាជីពទៀតផង។

ពេជ្រ សោភា ជូនពរឱក សុគន្ធកញ្ញា និងស្វាមី ថា“អបអរសាទរ កញ្ញា និងហ៊ា សូមឱ្យមានសុភមង្គលត្រជាក់ត្រជុំជោគជ័យក្នុងជីវិត រហូតចាស់ព្រឹទ្ធ ចាស់ព្រេង”។

គ្រាន់តែ ពេជ្រ សោភា បញ្ចោញសារនេះភ្លាម ស្រាប់តែមានអ្នកចូលទៅ Comment ថា ចាក់ដោតណាស់ បេះដូងខ្ទេចខ្ទាំ ជាដើម។ ខណៈដែលតារាចម្រៀងផ្សេងទៀតជូនពរសុគន្ធកញ្ញា គ្មានអ្នកណាចាប់អារម្មណ៍ដូចសោភា ឡើយ។

ពេជ្រ សោភា ត្រូវបានគេចាត់ទុកថា នាងជាតារាដែលជោគជ័យតែអាជីពចម្រៀង តែរឿងស្នេហាបរាជ័យធ្ងន់ធ្ងរ ព្រោះប្រេះឆាគូស្នេហ៍មិនក្រោម៥ដងឡើយ។ អ្វីដែលសោភា ខកចិត្តបំផុត គឺនាងបានរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកឡៅ ឆលី តែត្រូវលែងលះគ្នាទាំងចម្រូងចម្រាស ហើយពេលនេះ សោភា ស្បថឈប់ភ្ជាប់ស្នេហ៍ជាមួយប្រុសអាណិកជនទៀតហើយ គឺចង់បានគូស្នេហ៍ជាប្រុសក្នុងស្រុក “ជួញជិត ប្រសើរជាងជួញឆ្ងាយ” វិញម្តង។

តើគូស្នេហ៍ថ្មីរបស់ពេជ្រ សោភា ជា ប្រុសណាទៅ? ខណៈដែលភាពផ្អែមល្ហែមរបស់អ្នកមេម៉ាយរូបនេះ ជាមួយប្រុសក្មេង ឆឹម សក្កដា ត្រូវបានគេចាត់ទុកថាជា “ស្នេហាក្លែងក្លាយ”៕