ខលទៅ៣ដង អត់លើក ប្រពន្ធចងកស្លាប់ ប្តីយំឱសព

0
166

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ២នាក់ ក្រោយពីកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ទើបភាគីបុរសជាប្តីបានជិះម៉ូតូចេញពីផ្ទះ លុះក្រោយមក ប្រពន្ធបានព្យាយាមចុចទូរស័ព្ទទៅប្តីចំនួន៣ដង តែប្តីអត់ព្រមលើក ទើបធ្វើឱ្យប្រពន្ធមួម៉ៅក្តៅចិត្ត ឈានដល់គិតខ្លីចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់ចោលប្តី ចោលកូន។

ហេតុការណ៍ទំនាស់ពាក្យសម្តីរវាងប្តីប្រពន្ធ បែរជាឈានដល់ការគិតខ្លីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ស្ត្រីចិត្តខ្លាំងគិតខ្លីដែលចងកសម្លាប់ខ្លួន គ្រាន់តែតូចចិត្តនឹងរឿងទូរស័ព្ទទៅប្តីអត់លើក មានឈ្មោះថន លីនី អាយុ៣០ឆ្នាំ មានប្តីឈ្មោះ ចាន់ សុវណ្ណរ័ត្ន អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ គាត់បានសុំសោរម៉ូតូពីប្រពន្ធ បំណងទៅទិញអីញ៉ាំ ស្រាប់តែប្រពន្ធខ្លួនគប់កូនសោរឱ្យគាត់ជាប្តី។ បន្ទាប់មក​ គាត់បានជិះម៉ូតូទៅដល់សាលាសង្កាត់អូរចារ ក៏បានខលទៅប្រពន្ធដោយនិយាយថា “ឯងមើលងាយខ្ញុំណាស់ គប់សោរឱ្យខ្ញុំ”។ លុះមួយសន្ទុះក្រោយមក ប្រពន្ធបានខលមកគាត់វិញ តែដោយសារគាត់នៅមានកំហឹងនៅឡើយ ទើបមិនបានលើកទូរស័ព្ទប្រពន្ធនោះទេ  ហើយក៏បានជិះម៉ូតូមកដល់ផ្ទះវិញ ឃើញប្រពន្ធរបស់ខ្លួនដេកលើគ្រែក្នុងបន្ទប់ គាត់ក៏មិនបានមាត់ករក ប្រពន្ធដែរ រួចក៏ដើរទៅអង្គុយលេងក្នុងរោងចម្លាក់ជិតផ្ទះ។

បុរសជាប្តីស្ត្រីរងគ្រោះ បន្តថា បន្ទាប់មក ប្រពន្ធគាត់បានខលមកគាត់ចំនួន៣ដងទៀត តែគាត់នៅតែមិនព្រមលើកទូរស័ព្ទដដែល។ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ពេលគាត់ដើរមកផ្ទះវិញ ឃើញបិទទ្វារ ក៏ទៅមើលតាមបង្អួច ប៉ុន្តែមិនឃើញប្រពន្ធដេកនៅលើគ្រែនោះទេ ទើបសង្ស័យក៏ធាក់ទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញប្រពន្ធ ចងកនឹងអាវដៃវែង ភ្ជាប់នឹងឈើពាក់ខោអាវក្នុងទូដាក់ខោអាវ ភ្លាមនោះ គាត់ក៏ប្រញាប់ស្រាយចំណងដាក់ប្រពន្ធចុះ រួចបានដឹកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខដែរ តែពេលទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ប្រពន្ធបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ កម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ លោកគ្រូពេទ្យ និងលោកព្រះរាជអាជ្ញា បានពិនិត្យសាកសពស្លាប់ ដោយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។ ក្រោយមកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕